តោះផ្តើមអាន បានគ្រប់គ្នា វិជ្ជាកើន
តោះផ្តើមអាន ឲ្យបានច្រើន និងគ្រប់វ័យ
តោះផ្តើមអាន បង្ហាត់ក្មេង ឈ្វេងលកលៃ
តោះផ្តើមអាន ក្មេងវាងវៃ ច្នៃបន្ត។
អានរាល់ថ្ងៃ លៃវេលា ជាទម្លាប់
អានរាល់ថ្ងៃ ជួយក្មេងភ្ជាប់ ទម្លាប់ល្អ
អានរាល់ថ្ងៃ ផ្តើមពីចាស់ ក្មេងអានត
អានរាល់ថ្ងៃ ធនធានល្អ សង្គមថ្កាន។
អានបានច្រើន កើនប្រាជ្ញា ការកិច្ចកប
អានបានច្រើន អាចសម្រប ខ្លួនងាយបាន
អានបានច្រើន រីកគំនិត ចិត្តស្រាកស្រាន្ត
អានបានច្រើន តាមជំហាន ប្រាជ្ញបានដៅ។
កាន់សៀវភៅ ទៅជិតឆ្ងាយ ស្តាយវេលា
កាន់សៀវភៅ រំលឹកគ្នា ប្រាប់កូនចៅ
កាន់សៀវភៅ ចាប់ផ្តើមអាន ច្បាស់ឆ្ងាយខ្លៅ
កាន់សៀវភៅ សាសន៍គេក្រៅ អានច្រើនណាស់៕