COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
ថៃ ផ្អាក​ប្រកួត​លី​គ ក្នុងស្រុក​ទាំងអស់ ដោយសារ COVID-19 ឆ្លង​កាន់តែច្រើន​
06, Mar 2020 , 9:59 pm        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​ថៃ (FAT) នៅ​ថ្ងៃទី​៤ ខែមីនា បានសម្រេច​ពន្យារពេល​គ្រប់ការ​ប្រកួត​លី​គ​បាល់ទាត់​ក្នុងស្រុក (Thai League) ទាំងអស់ ដោយសារ​ការភ័យខ្លាច​នៃ​ការផ្ទុះ​ឡើង​នៃ COVID-19​។​


 
«​ដើម្បី​សុវត្ថិភាព​របស់​ប្រជាជន​និង​អ្នកពាក់ព័ន្ធ​ក្នុង​វិស័យ​កីឡាបាល់ទាត់ Thai League និង​ក្លិប​សមាជិក​ទាំងអស់​បាន​យល់ព្រម​ពន្យារពេល​គ្រប់​ការប្រកួត​បណ្តោះអាសន្ន​»​។ នេះ​ជា​សេចក្តីប្រកាស​របស់ FAT ដោយ​បន្ថែមថា​ការប្រកួត​នឹង​ដំណើរការ​ធម្មតា​វិញ នៅ​ថ្ងៃទី ១៨ ខែមេសា​។​
 
​យ៉ាងណាមិញ លោក Somyot Poompunmuang ប្រធាន FAT ថា​ប្រសិនបើ​ស្ថានការណ៍​អំពី​ការ​រាលដាល​នៃ​រោគ​ឆ្លង​ដ៏​កាច​សាហាវ​នេះ​មិន​ធូរស្បើយ​ទេនោះ ការពន្យារពេល​នឹង​បន្ត​ទៅមុខទៀត​ប្រសិន​ចាំបាច់​។ ប្រសិនបើ​ការប្រកួត​ត្រូវ​ពន្យារពេល​បន្ថែមទៀត FAT នឹង​ជូនដំណឹង​ដល់​ភាគី​ពាក់ព័ន្ធ​ឲ្យ​បាន​មុន​ថ្ងៃទី​៣១ ខែមីនា​។​
 
 
​ការសម្រេចចិត្ត​ពន្យារពេល​ការប្រកួត ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​កាល​បានចេញ​វិធានការណ៍​ចាំបាច់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ​-១៩​។ រដ្ឋាភិបាល​ថៃ បាន​អំពាវនាវ​ដល់​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​ឲ្យ​វាង​ការរៀបចំ​ព្រឹត្តិការណ៍​ដែលមាន​មនុស្ស​ចូលរួម​ច្រើន​។​
 
​លី​គ​បាល់ទាត់​កំពូល​ថៃ (Thai League 1) បាន​ដំណើរការ​ប្រកួត​របស់​ខ្លួន​ក្នុង​រដូវ​កាល​នេះ​ចំនួន​៤​លើក​រួចមកហើយ ខណៈដែល​ជំនួប​សប្តាហ៍​ទី​៥ ដែល​គ្រោង​ប្រកួត​នៅ​ថ្ងៃទី​៧ ខែមីនា ត្រូវ​ចាប់ផ្តើម​ពន្យារពេល​ពី​ពេលនេះ​តទៅ​។​
 
​ក្រៅពី​ថៃ លី​គ​បាល់ទាត់​នៅ​តំបន់​អាស៊ី​ដូចជា​ជប៉ុន និង​កូរ៉េខាងត្បូង ក៏បាន​ប្រកាស​ពន្យារពេល​បើក​ការប្រកួត​រដូវ​កាល​ថ្មី​របស់​ពួកគេ​រួចហើយ ដោយសារ​ការភ័យខ្លាច​នៃ COVID-19 នេះ​។​
 
​គិត​ត្រឹម​ល្ងាច​ថ្ងៃទី​៦ ខែមីនា​នេះ ថៃ​មាន​ករណី​ឆ្លង COVID-19 ចំនួន​៤៧ ស្លាប់​ម្នាក់ និង​សះស្បើយ​ពី​ជំងឺ​ចំនួន​៣១​នាក់​៕

Tag:
 Thai League
  FAT
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com