COVID-19
អន្តរជាតិ
តំបន់​អឺរ៉ុប​មាន​អ្នក​ផ្ទុក COVID-19 ជិត​៦​ពាន់​នាក់​, អ្នកស្លាប់ ១៥៧​ករណី និង​អ្នកជា​សះស្បើយ ៣២០​ករណី​
06, Mar 2020 , 5:29 pm        
រូបភាព
រូបពី Euronews
រូបពី Euronews
​គិត​ត្រឹម​ថ្ងៃទី​៦ ខែមីនា តំបន់​អឺរ៉ុប ត្រូវបាន​គេ​រកឃើញ​ករណី​COVID-19 ចំនួន ៥៨៦៩​ករណី​។ ក្នុងនោះ មាន​ករណី​ស្លាប់​ចំនួន ១៥៧​ករណី និង​ជាសះស្បើយ​ចំនួន ៣២០​ករណី​។


 
​មួយរយៈ​ចុងក្រោយ​នេះ ប្រទេស​ជាច្រើន​នៅ​តំបន់​អឺរ៉ុប បាន​រកឃើញ​ករណី COVID-19 ជាច្រើន​។ គ្រាន់តែ​ថ្ងៃទី​៦ ខែមីនា អូទ្រីស បាន​រកឃើញ​ករណី​ថ្មី​ចំនួន ១០​ករណី ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ៤៧​ករណី​។ ក្នុង​ថ្ងៃ​ដដែល​នេះ អាល្លឺម៉ង់ គឺជា​ប្រទេស​រកឃើញ​អ្នកជំងឺ COVID-19 ច្រើនជាងគេ​នៅក្នុង​តំបន់ ពោលគឺ​មាន​រហូត ១៣៤​ករណី​ឯណោះ​។ ករណី​កូ​រ៉ូ​ណាវី​រុស​នៅ​អាល្លឺម៉ង់ បាន​កើន​ដល់ ៥៣៤​ករណី និង​អ្នកជា​សះស្បើយ ១៧​ករណី​។ 
 
​ចំណែក​នៅ​ន័​រ​វែ​ល​វិញ COVID-19 ក៏ត្រូវ​បាន​គេ​រកឃើញ​ច្រើន គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​។ ក្នុង​ថ្ងៃ​ដដែល ន័​រ​វែ​ល បាន​រកឃើញ​អ្នកជំងឺ​ចំនួន ២៣​ករណី ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​កើន​ដល់ ៩៥​ករណី​។ 
 
​បើតាម​តួលេខ​របស់ BNO Tracking Coronavirus អ៊ីតាលី​នៅតែ​ជា​ប្រទេស ដែលមាន​តួលេខ​COVID-19 ច្រើនជាងគេ​បំផុត​នៅក្នុង​តំបន់​អឺរ៉ុប ដែលមាន​ចំនួន ជិត ៣៩០០​ករណី ដែល​តាម​ពីក្រោយ​អាល្លឺម៉ង់​មាន ៥៣៤​ករណី បារាំង ៤២៣​ករណី និង​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ផ្សេងទៀត​។ 
 
​ក្នុង​រយៈពេល​ចុងក្រោយ​នេះ COVID-19 ត្រូវបាន​គេ​មើលឃើញថា មានការ​ធ្លាក់ចុះ​នៅក្នុង​ចិន ប៉ុន្តែ​បែប​ជា​កើនឡើង​ខ្លាំង​នៅក្រៅ​ប្រទេស​ចិន ជាពិសេស​កូរ៉េខាងត្បូង អ៊ីរ៉ង់ និង​តំបន់​អឺរ៉ុប​នេះ​តែម្តង​៕

Tag:
 អឺរ៉ុប​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com