COVID-19
អន្តរជាតិ
អ្នកឆ្លង COVID-19 មានជាង១០ម៉ឺន២ពាន់នាក់ ខណៈអ្នកស្លាប់ជិត៣៥០០នាក់ រូបថត Xinhua
× អ្នកឆ្លងកូរ៉ូណាវីរុស (COVID-19) បានរាលដាលដល់ជាង៩០ប្រទេសហើយ ដោយគិតត្រឹមថ្ងៃសៅរ៍ ទី៧ ខែមីនា នេះ អ្នកឆ្លងមានជាង១០ម៉ឺន២ពាន់នាក់ អ្នកស្លាប់ប្រមាណ៣៥០០នាក់ និងអ្នកជាសះស្បើយ មានជាង៥៧ ០០០នាក់។
នៅចិន ដោយគិតទាំងហុងកុង តៃវ៉ាន់ និងម៉ាកាវ ករណីឆ្លងមានជាង៨០០០០នាក់ ក្នុងនោះស្លាប់ជិត៣១០០នាក់ និងជាសះស្បើយមានជាង៥៦០០០នាក់។ ខេត្តហ៊ូប៉ី មានអ្នកឆ្លងជិត៦៨ ០០០ករណី និងស្លាប់ជិត៣០០០នាក់ ក្នុងនោះ ក្រុងវូហានមានអ្នកជំងឺជិត៥០០០០នាក់ និងស្លាប់ជាង២៣០០នាក់។
កូរ៉េខាងត្បូងជាប្រទេសទី២បន្ទាប់ពីចិន ដែលមានករណីឆ្លងច្រើនជាងគេ ពោលគឺឡើងដល់ទៅជិត៦៨០០នាក់ ប៉ុន្តែករណីស្លាប់ មាន៤៤នាក់ តិចជាងអ៊ីតាលី ដែលមានអ្នកស្លាប់ជិត២០០នាក់ក្នុងចំណោមជាង៤៦០០ករណី និងអ៊ីរ៉ង់ ស្លាប់ជាង១២០នាក់ក្នុងចំណោមជាង៤៧០០ករណី។
ករណីឆ្លងនៅនាវា Diamond Princess នៅផែ Yokohama ប្រទេសជប៉ុន ត្រូវបានប្តូរមក៦៩៦ករណីវិញ ក្រោយកំហុសបច្ចេកទេសលើការរាប់ចំនួន រីឯស្លាប់មាន៦នាក់ ដូចករណីនៅក្នុងក្របខណ្ឌជប៉ុន ដែលមានអ្នកជំងឺជិត៤២០នាក់។
ការហក់ឡើងតួលេខដ៏គួរឲ្យកត់សម្គាល់នោះ មានអាល្លឺម៉ង់ឡើងដល់៦៧០ករណី បារាំង៦១៣ករណី (ស្លាប់៩), អេស្ប៉ាញ ៤០២ករណី (ស្លាប់៥) សហរដ្ឋអាមេរិក ៣២៩ករណី (ស្លាប់១៦), ស្វីស ២១០ករណី (ស្លាប់១), ចក្រភពអង់គ្លេស ១៦៤ករណី (ស្លាប់១), ស៊ុយអែត ១៣៧ករណី សិង្ហបុរី ១៣០ករណី, ហូឡង់១២៨ករណី (ស្លាប់១) ន័រវេស ១២៧ករណី និងបែលហ្ស៊ិក ១០៩ករណី។
ប្រទេសចំនួន២៥មានករណីឆ្លងពី១០ទៅជាង៨០ករណី ខណៈប្រទេសផ្សេងទៀតមានក្រោម១០ករណី ក្នុងនោះកម្ពុជា ឡេតូនី ណេប៉ាល់ និងស្រីលង្កា ដែលមានតែ១ករណីនោះ បានព្យាបាលសះស្បើយ ហើយមិនទាន់តេស្តឃើញវិជ្ជមានថ្មីបន្ថែមទៀតនោះឡើយ។ ម៉ាកាវដែលជាតំបន់រដ្ឋបាលពិសេសរបស់ចិន បានព្យាបាលសះស្បើយទាំង១០ករណី៕
© រក្សាសិទ្ធិដោយ thmeythmey.com