ភ្នំពេញ៖ នៅពេលរដូវប្រាំងឈានជើងមកដល់ ពលរដ្ឋខ្មែរ ផ្តើមរៀបចំកម្មវិធីអាពិពាហ៍ពិពាហ៍ ឡើងផ្ទះ ខួបកំណើត ឬបុណ្យទានជាច្រើន។ កម្មវិធីទាំងនេះ ដ្បិតធ្វើឲ្យអ្នករៀបចំសប្បាយរីករាយ និងមានមុខមាត់ ប៉ុន្តែ បានធ្វើឲ្យអ្នកចូលរួមមួយចំនួន ត្រូវចំណាយខ្ពស់ចំពោះការចងដៃ ឬចូលបុណ្យ រហូតអ្នកខ្លះ ហ៊ានទាំងសរសេរសារលើហ្វេសប៊ុកថា«ធៀបការប្រហារប្រាក់ខែ»ទៀតផង។
សូមស្តាប់បទយកការណ៍ដែលរៀបចំដោយ លោក រ៉ឹម ភារី នៃសារព័ត៌មានថ្មីៗដូចតទៅ៖
«ធៀបការប្រហារប្រាក់ខែ» នេះជាឃ្លាដ៏ពេញនិយមនៅលើ Status Facebook ដែលយុវជនខ្មែរតែងតែសរសេរបង្ហោះផ្សាយ ដោយភ្ជាប់ជាមួយរូបថតធៀបការជាច្រើនសន្លឹក ដើម្បីបញ្ជាក់ពីការចំណាយដ៏ខ្ពស់ហួសចំណូលរបស់ខ្លួនទៅលើចំណងដៃអាពាហ៍ពិពាហ៍ កាដូខួបកំណើត ឡើងគេហដ្ឋានថ្មី និងបុណ្យទានផ្សេងៗ។ បើទោះបីជាកម្មវិធីទាំងនេះ បានលើកមុខមាត់ និងភាពរីករាយសម្រាប់ម្ចាស់កម្មវិធី តែសម្រាប់អ្នកចូលរួមមួយចំនួន ពួកគេក៏មិនសប្បាយចិត្តប៉ុន្មានដែរ ដ្បិតពួកគេត្រូវចំណាយពេលវេលា ថវិកា និងកម្លាំងកាយចិត្ត ដើម្បីទៅចូលរួមកម្មវិធីទាំងនោះទាំងទើសទាល់។
កញ្ញា យឿន លិនទាវ អាយុ២២ឆ្នាំ និស្សិតឆ្នាំទី៤នៅសាលាតិចណូ បានប្រាប់សារព័ត៌មានថ្មីៗថា បច្ចុប្បន្ន កញ្ញាទទួលបានលិខិតអញ្ជើញឲ្យចូលកម្មវិធីអាពាហ៍ពិពាហ៍ និងខួបកំណើតច្រើន ខណៈនាងមានប្រាក់ខែតិចតួចស្តូចស្តើងនៅឡើយ។
ជាយុវតីដែលមានមិត្តភក្តិច្រើន ទាំងមិត្តភក្តិកាលរៀននៅស្រុកកំណើតនៅខេត្តបន្ទាយមានជ័យ និងមិត្តភក្តិថ្មីៗនៅភ្នំពេញ លិនទាវ ដែលជានិស្សិតដែលឆ្លៀតធ្វើការក្រៅម៉ោង បានរអ៊ូរទាំពីកង្វះលុយចង់ដៃ ឬចូលរួមកម្មវិធីទាំងនោះ។
នាងបរិយាយបែបរឌឺនយ៉ាងដូច្នេះថា៖ «ការហៅញយ ឧទាហរណ៍ មួយខែពី២ទៅ៣ដង អាហ្នឹងពិបាកដែរ ព្រោះយើងចងដៃម្តង បើមិត្តភក្តិ ក៏មិនក្រោម២៥ដុល្លារដែរ។ ម្យ៉ាង ខ្ញុំឆ្លៀតធ្វើការក្រៅម៉ោង យើងអត់បានធ្វើការពេញម៉ោងទេ។ ដូច្នេះ ប្រាក់ខែយើងបានមធ្យម វាមិនទាន់បានខ្ពស់ទេ។ បើសិនជាគេហៅ២ឬ៣ដងក្នុងមួយខែ សឹងស្មើ៥០ភាគរយនៃប្រាក់ខែហើយ។ ដូច្នេះ យើងមានបញ្ហាច្រើនក្នុងការទូទាត់ក្នុងចាយវាយប្រចាំរបស់យើង។ គេហៅថា ចាយសល់ថ្ងៃ»។
អង្គុយគងទាក់ខ្លាក្នុងហាងកាហ្វេមួយ លិនទាវ ដែលមានសម្បុរស សក់ខ្មៅរលោង បានបន្តថា ក្រៅពីចំណាយលើចំណងដៃច្រើនហើយនោះ កញ្ញាក៏ត្រូវចំណាយលើការ Make up សម្លៀកបំពាក់ និងមធ្យោបាយធ្វើដំណើរផងដែរ ដែលធ្វើឲ្យការចំណាយក្នុងកម្មវិធីនីមួយៗ កាន់តែខ្ពស់ថែមទៀត។
លិនទាវ បានរៀបរាប់ទាំងអៀនថា៖ «ជាពិសេស យើងបើកលុយ យើងមានកាលបរិច្ឆេទបើកលុយ។ ឧទាហរណ៍ យើងបើកលុយដើមខែ តែមង្គលការហ្នឹង ជួនកាល វាចុងខែ។ ដូច្នេះយើងត្រូវការបង្វិលលុយហ្នឹងចូលមកកម្មវិធីអត់ទាន់។ ជួនកាល យើងត្រូវទាក់ទងប៉ាម៉ាក់ ឬបងប្អូនសិន ដើម្បីខ្ចីពួកគាត់សិន ដើម្បីចូលរួមកម្មវិធី។ ភាគច្រើន មិត្តភក្តិតាមខេត្ត គាត់ហៅទៅ ព្រោះអី ខ្ញុំមកពីខេត្ត។ ដូច្នេះ យើងចំណាយថ្លៃធ្វើដំណើរទាំងទៅទាំងមកប្រហែល១៥ដុល្លារទៀត តែបើខួបកំណើតមិត្តភក្តិនៅភ្នំពេញ យើងចូលហាងកាហ្វេទិញកាដូឲ្យធម្មតា។ យើងអស់លើការចំណាយថ្លៃធ្វើដំណើរទេ តែត្រូវចំណាយថ្លៃខោអាវ និងកាដូ»។
បើតាមកញ្ញា យឿន លិនទាវ កន្លងមក កញ្ញាកម្រមិនចូលរួមកម្មវិធីទាំងនោះណាស់ លើកលែងតែនាងរវល់ការងារ ឬចំថ្ងៃសិក្សាជាដើម។ បើទោះបីមិនបានចូលរួម ក៏នាងផ្ញើលុយចងដៃដែរ ព្រោះនាងបើមិនចងដៃទេ នាងមានអារម្មណ៍រង្គាលចិត្តជាមួយមិត្តភក្តិ ដ្បិតអីពួកគេសុទ្ធតែមនុស្សស្និទ្ធស្នាល។
តាមពិតទៅ កម្មវិធីអាពាហ៍ពិពាហ៍ ខួបកំណើត ឡើងគេហដ្ឋាន បង្កក់កូន...ហាក់មិនមានបញ្ហាធំដុំនោះទេសម្រាប់អ្នកមានជីវភាពធូរធារ ប៉ុន្តែ វាបានក្លាយជាបញ្ហាខ្លះដែរសម្រាប់អ្នកមានជីវភាពក្រីក្រ ឬអ្នកមិនទាន់មានការងារធ្វើ។
លោក សៀក រ៉ាវីន អាយុ១៩ឆ្នាំ ដែលបានឡើងមករកការងារធ្វើនៅភ្នំពេញ បន្ទាប់ពីប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរួច បានប្រាប់សារព័ត៌មានថ្មីៗថា លោកក៏ធ្លាប់ទទួលបានធៀបការ ឬលិខិតអញ្ជើញឲ្យចូលរួមពិធីបុណ្យទានផ្សេងៗ។ លោកចាត់ទុកថា ការអញ្ជើញនេះ គឺជាកិត្តិយសសម្រាប់លោក ប៉ុន្តែ បើលោកមិនមានថវិកា លោកបានឆ្លើយត្រង់ៗទៅមិត្តភក្តិតែម្តង។
ជាយុវជនមកពីខេត្តកំពង់ស្ពឺ រ៉ាវីន ដែលមានសក់រួញ និងសម្បុរសណ្តែកបាយ បានរៀបរាប់ដូច្នេះថា៖ «គ្រប់បុណ្យ និងកម្មវិធីទាំងអស់ ខ្ញុំមិនដែលចង់បដិសេដនោះទេ ដោយសារតែមិត្តភក្តិ យើងស្រឡាញ់រាប់អានគ្នា។ ប៉ុន្តែ ដល់ពេលយើងអត់លុយ ក៏យើងលំបាកដែរ យើងអត់ដឹងធ្វើម៉េច យើងប្រាប់គាត់ត្រង់ៗ ព្រោះមិត្តភក្តិ យើងចូលចិត្តនិយាយគ្នាត្រង់ៗ»។
កម្មវិធីអាពាហ៍ពិពាហ៍ បុណ្យទាន ខួបកំណើត និងឡើងគេហដ្ឋានជាដើម គឺជាកម្មវិធីដែលមានជាយូរយារមកហើយ។ កម្មវិធីទាំងនេះ បានផ្សាភ្ជាប់ឲ្យមនុស្សរីករាយ និងសាមគ្គីភាពជាមួយគ្នា។
យ៉ាងណាក៏ដោយ ពលរដ្ឋខ្លះ មិនត្រឹមតែហៅមិត្តភក្តិ ឲ្យមកចូលរួមកម្មវិធីរបស់ខ្លួននោះទេ តែពួកគេ តែងតែហៅមិត្តភក្តិរបស់ខ្លួនឲ្យចូលរួមកម្មវិធីរបស់បងប្អូន ឬសាច់ញាតិរបស់ខ្លួន ដែលរឹតតែបន្ថែមបន្ទុកមួយកម្រិតទៀត។
ទាក់ទងនឹងបញ្ហានេះ លោកបណ្ឌិត ឈត ប៊ុនថង សាស្ត្រាចារ្យជំនាញទស្សនវិជ្ជា បានអះអាងថា ការបង្កើតកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីបុណ្យទាន និងឡើងផ្ទះជាដើម គឺរឿងល្អ ព្រោះកម្មវិធីទាំងនេះជាទំនៀមទម្លាប់របស់ខ្មែរ។
ប៉ុន្តែ លោកសង្កត់ធ្ងន់ថា ការរៀបចំកម្មវិធីទាំងនេះ គួរតែអញ្ជើញមនុស្សដែលជិតស្និទ្ធបំផុត ដូចជា បងប្អូន សាច់ញាតិ និងមិត្តភក្តិស្និទ្ធស្នាលជាដើម។
អ្នកជំនាញផ្នែកសង្គមរូបនេះ ពន្យល់យ៉ាងដូច្នេះថា៖ «អាពាហ៍ពិពាហ៍ ខ្ញុំគិតថា ចាំបាច់ដែរ។ តែមិនគួរធំដុំពេកទេ វាគួរតែមានតែអ្នកជិតខាង សាច់ញាតិខាងប្រុសខាងស្រី ពួកម៉ាកខាងកូនកំលោះកូនក្រមុំប៉ុណ្ណឹង ល្មមៗទៅបានហើយ។ ពិធីនេះ វាជាពិធីបែបប្រពៃណីទេ។ តែពេលយើងធ្វើពិធីធំដុំ ហាក់ដូចជាចង់បង្ហាញឲ្យឃើញថា យើងមានលុយច្រើន យើងអាចហៅភ្ញៀវបានច្រើន យើងអាចធ្វើគគ្រឹកគគ្រេង តែវាជះឥទ្ធិពលមួយដល់អ្នកពាក់ព័ន្ធ ព្រោះតែយើងហៅគេ គេត្រូវមក គេត្រូវខាតពេល ត្រូវខាតលុយ តែបើគេមិនមក យើងមានអារម្មណ៍ ថាគេអត់រាប់អានយើង គេមិនឲ្យតម្លៃយើង។ ប៉ុន្តែ អ្នកត្រូវគេហៅហ្នឹង ក៏ពិបាកអារម្មណ៍ដែរ ព្រោះបើសិនគាត់ទៅ គាត់ចងដៃ ឬចូលបុណ្យតិចពេក គាត់ខ្មាសគេ តែបើគាត់បង្ខំទៅ លុយដែលគាត់ត្រូវចំណាយសំខាន់ៗ យកទៅចងដៃឬចូលបុណ្យអស់ទៅ។ ដូច្នេះ វាជាសម្ពាធសង្គម។ វប្បធម៌ប្រពៃណីហ្នឹង វាជាអាវុធមុខពីរដែរ ព្រោះកម្មវិធីទាំងនេះ វាបានជួយរក្សាអត្តសញ្ញាណសង្គម អភិរក្សវប្បធម៌អ៊ីចឹងមែន ប៉ុន្តែកន្លែងខ្លះ គួរតែពិចារណាដែរ»។
បើតាម លោកបណ្ឌិត ឈត ប៊ុនថង មានកម្មវិធីមួយចំនួន ដូចជា ខួបកំណើត និងឡើងគេហដ្ឋាន ភាគច្រើនកើតចេញពីអ្នកមានទ្រព្យសម្បត្តិ និងមានឋានៈខ្ពស់ ដែលពួកគេចង់ភ្ជាប់ទំនាក់ទំនងគ្នាតាមរយៈការជូនកាដូមានតម្លៃថ្លៃៗ ដូចជា ឡាន ផ្ទះ និងមាសពេជ្រកែវកងជាដើម។ តែបើសិនអ្នកមានជីវភាពមធ្យម ឬក្រីក្រ ចង់ធ្វើកម្មវិធីទាំងនេះ ដើម្បីយកចំណងដៃពីភ្ញៀវ គឺមិនអាចចំណេញនោះទេ។ យ៉ាងណាក៏ដោយ បើសិនជាពួកគេចង់ធ្វើពិធីខួបកំណើត ឬឡើងគេហដ្ឋាន គឺគួរតែហៅត្រឹមអ្នកជិតស្និទ្ធបំផុត ពោល គឺមិនគួររំខានដល់មនុស្សច្រើនពេកនោះទេ៕