COVID-19
អន្តរជាតិ
COVID-19៖ មន្ត្រី​និង​អ្នកនយោបាយ​អ៊ីរ៉ង់​៦​នាក់​ស្លាប់ ឯ​ខ្លះទៀត​សម្រាក​នៅ​មន្ទីរពេទ្យ​
07, Mar 2020 , 1:59 pm        
រូបភាព
លោក Hossein Sheikholeslam អតីតទូតអ៊ីរ៉ង់ប្រចាំស៊ីរី ស្លាប់ដោយសារ COVID-19 ។ រូបភាព AFP
លោក Hossein Sheikholeslam អតីតទូតអ៊ីរ៉ង់ប្រចាំស៊ីរី ស្លាប់ដោយសារ COVID-19 ។ រូបភាព AFP
​អ៊ីរ៉ង់ ស្ថិតក្នុង​ចំណោម​ប្រទេស​ដែល​រងគ្រោះ​ខ្លាំងជាងគេ​ដោយសារ​ការ​រា​ដាល​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ គិត​ត្រឹម​ថ្ងៃទី​៧ ខែមីនា ករណី​ឆ្លង​វីរុស​នៅ​រដ្ឋ​មជ្ឈិមបូព៌ា​មួយ​នេះ មាន​ចំនួន​៤៧៤៧​នាក់ ហើយ​សម្លាប់​១២៤​នាក់ ដែលជា​តួលេខ​ខ្ពស់​លំដាប់​ទី​បី​បន្ទាប់ពី​ចិន និង​អ៊ីតាលី​។ ក្នុងចំណោម​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ COVID-19 ទាំងអស់ ក៏មាន​អ្នកនយោបាយ និង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល​អ៊ីរ៉ង់​ផងដែរ​។​

 
​អ៊ីរ៉ង់ ទំនងជា​ប្រទេស​តែមួយគត់​ដែលមាន​មន្ត្រី​ឆ្លង​វីរុស និង​ស្លាប់​ដោយសារ COVID-19 ច្រើនជាងគេ​។ មកដល់ពេលនេះ អ្នកនយោបាយ និង​មន្ត្រី​អ៊ីរ៉ង់​ចំនួន​៦​ហើយ បាន​ស្លាប់​ដោយសារ​ជំងឺ COVID-19 ដែល​ផ្ទុះឡើង​ដំបូង​ក្នុង​ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​វូ​ហាន ខេត្ត​ហ៊ូ​បី​របស់​ចិន​។ ការឆ្លង​ជំងឺ​នេះ​នៅ​អ៊ីរ៉ង់ បាន​កើនឡើង​ក្នុង​ល្បឿន​យ៉ាង​ឆាប់រហ័ស​បំផុត ដោយបាន​ចម្លង​ដល់​មនុស្ស​៤៧៤៧​នាក់​ទៅហើយ​។​
 
​លោក Hossein Sheikholeslam អតីត​សមាជិកសភា និង​ជា​អតីត​ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់​ប្រចាំ​ស៊ី​រី បានទទួល​មរណភាព​ដោយសារ​កូ​រ៉ូ​ណាវី​រុស​ប្រចាំ​ថ្មី (COVID-19) ក្នុង​អាយុ​៦៧​ឆ្នាំ​កាលពី​ថ្ងៃទី​៥ ខែមីនា​កន្លងទៅ​។ លោក ក៏​ជាទី​ប្រឹក្សា​រដ្ឋមន្ត្រីការបរទេស និង​មាន​អតីត​ភាពជា​យុវជន​ម្នាក់​ដែល​អុកឡុក​ស្ថានទូត​អាមេរិក​នៅ​ឆ្នាំ​១៩៧៩ ផងដែរ​។​
 
​ក្រៅពីនេះ មន្ត្រីជាន់ខ្ពស់​ដែល​ស្លាប់​ដោយសារ​វីរុស​នេះ​មាន លោក Mohammad Mirmohammadi សមាជិក​ក្រុមប្រឹក្សា​ផ្ដល់យោបល់​ឲ្យ​មេដឹកនាំ​កំពូល​, សមាជិកសភា Mohammad Ali Ramezani, មន្ត្រី​ក្រសួងកសិកម្ម Mojtaba Pourkhanali ដែល​អ្នក​ទាំងពីរ​មក​ពី​ខេត្ត Gilan ដែល​រាតត្បាត​ដោយ COVID-19 ។ ករណី​ស្លាប់​ផ្សេងទៀត​មាន Ahmad Toyserkani ជំនួយការ​ប្រធាន​តុលាការ​កំពូល​, លោក Hadi Khosroshahi អតីត​ទូត​នៅ​វ៉ា​ទី​កង់ និង​លោក Mojtaba Fazeli ទីប្រឹក្សា​មេដឹកនាំ​សាសនា​ម្នាក់​។​
 
​បន្ថែម​ពីលើ​ករណី​ស្លាប់ មន្ត្រី​អ៊ីរ៉ង់​ជាច្រើន​ទៀត ក៏​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​ព្យាបាល​មេរោគ​ផងដែរ​។ សមាជិកសភា​របស់​ទីក្រុង​តេ​ហេ​រ៉ង់ Fatemeh Rahbar ស្ថិតក្នុង​សភាព​សន្លប់​ក្រោយ​ឆ្លង COVID-19 ។ អនុ​ប្រធានាធិបតី​អ៊ីរ៉ង់ Masoumeh Ebtekar, អនុរដ្ឋមន្ត្រី​សុខាភិបាល​ដែល​ដឹកនាំ​កិច្ចការ​ប្រយុទ្ធប្រឆាំង​វីរុស Iraj Harirchi និង​បព្វជិត​សាសនា​ជាន់ខ្ពស់ Musa Shobairi Zanjani ក៏​ស្ថិតក្រោម​ការព្យាបាល​ផងដែរ​។​

Tag:
 COVID-19
  អ៊ីរ៉ង់
© រក្សាសិទ្ធិដោយ thmeythmey.com