កីឡាជាតិ
ជាតិ
លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ដឹកនាំ​ប៉ូលិស​តតាំង​អតីត​ក្រុម ដែល​ខ្លួន​ធ្លាប់​ដឹកនាំ​ឈ្នះ​ពាន​នៅ​រសៀល​នេះ​
07, Mar 2020 , 2:17 pm        
រូបភាព
ដោយ:
​ការ​ប្រ​កូត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​បាន​ឈានដល់​សប្តាហ៍​ទី​៤ ដោយនៅ​ថ្ងៃ​សៅរ៍ ទី​៧ មីនា នេះ​មានការ​ប្រកួត​ចំនួន​៣​គូ ដែល​ធ្វើឡើង​នៅ​ទីលាន​ផ្សេងៗ​គ្នា​។ ក្នុងនោះ​ពីរ​គូ​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ​និង​មួយគូ​ទៀត​រៀបចំ​នៅ​ខេត្តសៀមរាប​។​

 
​លោក ប្រាក់ សុវណ្ណារ៉ា ត្រូវ​ដឹកនាំ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​(​ប៉ូលិស​)​ប្រជែង​តទល់​ជាមួយ​បឹងកេត ដែលជា​អតីត​ក្រុម​លោក​ធ្លាប់​ដឹកនាំ​ឈ្នះ​ជើងឯក​លី​គ​កំពូល​កាលពី​ឆ្នាំ​២០១៦​។ ការប្រកួត​ប្រព្រឹត្តទៅ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល​ថ្ងៃទី​៧ ខែមីនា ឆ្នាំ​២០២០ នេះ នា​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វ៉េ​។ 
 
​សម្រាប់​លោក ប្រាក់ សុវណ្ណារ៉ា ការជួប​ជាមួយ​បឹងកេត​មិនមែនជា​រឿង​ងាយស្រួល​សម្រាប់​ប៉ូលិស​នោះទេ ដ្បិត​បឹងកេត​ជា​ក្រុម​មាន​សមត្ថ​ភាពខ្លាំង និង​សម្បូរ​កីឡាករ​មានគុណ​ភាព​ខ្ពស់ ទាំង​កីឡាករ​កម្ពុជា​និង​បរទេស​។ តែ​យ៉ាងណា​គ្រូបង្វឹក​រូបនេះ​ជឿជាក់ថា ជំនួប​នៅ​រសៀល​នេះ​នឹងមាន​តានតឹង និង​ទាក់ទាញ​បំផុត​សម្រាប់​ទស្សនិកជន​។ ដ្បិត​ក្រុម​ទាំងពីរ​សុទ្ធតែ​បានរៀបចំ​ក្រុម​បាន​យ៉ាង​ល្អ​សម្រាប់​ត្រៀម​ការប្រកួត​មួយ​នេះ​។ 


 
«​ទោះបី​ខ្ញុំ​មិន​និយាយ​ក៏​អ្នក​រាល់គ្នា​ដឹង​ដែរ បឹងកេត​សម្បូរ​កីឡាករ​មាន​ទេពកោសល្យ​ទាំង​កីឡាករ​ខ្មែរ​និង​បរទេស ជាពិសេស​ជួរ​ខាងលើ គឺអាច​បង្ក​គ្រោះថ្នាក់ ទោះ​ក្រុម​ណា​ក៏​ភ័យខ្លាច​ដែរ នេះ​ជា​ចំណុចខ្លាំង​របស់​ពួកគាត់​។ យើង​សង្កេតឃើញថា ពីរ​ប្រកួត​កន្លងមក​យើង​មិនដែល​ឃើញ​ពួកគេ​ធ្វេសប្រហែស​នោះទេ ទាំង​តំបន់​ប្រយុទ្ធ និង​ការពារ​។ ខ្ញុំ​រំពឹងថា ការប្រកួត​នៅថ្ងៃនេះ​នឹង​ល្អមើល​»​។ នេះ​ជាការ​លើកឡើង​របស់លោក ប្រាក់ សុវណ្ណារ៉ា​។​
 
​ទោះបី​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​រង​បរាជ័យ​ពីរ​ប្រកួត​ជាប់​គ្នា​ក៏ដោយ តែ​គ្រូបង្វឹក​កម្រិត Pro-License រូបនេះ​អះអាងថា នៅ​ឆ្នាំនេះ​ប៉ូលិស​មានការ​រៀបចំ​ក្រុម​បានល្អ​ជាង បើ​ធៀប​នឹង​ឆ្នាំមុន​។ បើ​យើង​មើល​ពី​បរាជ័យ​ពីរ​ប្រកួត​កន្លងមក​របស់​ប៉ូលិស ពួកគេ​ចាញ់​គូប្រកួត​តែមួយ​គ្រាប់​ប៉ុណ្ណោះ ក្នុងនោះ​ចាញ់​វិសាខា និង​ណាហ្គា​វើ​ល​ក្នុង​លទ្ធផល ២-១ ដូចគ្នា​។​
 
​ជាមួយគ្នានេះ​លោក Apisit Im-Amphai គ្រូបង្វឹក​ក្រុម​បឹងកេត​បាន​បញ្ជាក់ថា លោក​នឹង​ផ្លាស់ប្តូរ​ទម្រង់​លេង​ថ្មី​ពេល​ជួប​ជាមួយ​ប៉ូលិស​នៅ​រសៀល​នេះ​។ ការលើកឡើង​បែបនេះ ក៏​ដោយសារតែ​បឹងកេត​ចង់​ឈ្នះ​ក្នុងការ​ប្រកួត​មួយ​នេះ បន្ទាប់ពី​បាត់បង់​ពីរ​ពិន្ទុ​ក្នុងជំនួប​ជាមួយ​ណាហ្គា​វើ​ល​កាលពី​សប្តាហ៍​មុន​។ 
 
​តែ​យ៉ាងណា គ្រូបង្វឹក​សញ្ជាតិ​ថៃ​រូបនេះ មិន​ហ៊ាន​មើលស្រាល​សមត្ថភាព​គូប្រកួត​នោះទេ ដ្បិត​ប៉ូលិស​ជា​ក្រុម​មានការ​រៀបចំ​បានល្អ​និង​មាន​សមត្ថ​ភាពខ្លាំង ជាពិសេស​មាន​គ្រូបង្វឹក​មាន​សមត្ថភាព​ខ្ពស់ ដែល​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ និង​ធ្លាប់​ដឹកនាំ​បឹងកេត​ឲ្យ​ឈ្នះ​ពាន​លី​គ​កំពូល​ទៀតផង​។ លោក​ជឿជាក់ថា ការប្រកួត​នៅថ្ងៃនេះ​នឹង​ក្លាយជា​ការប្រកួត​មួយ​ដ៏​ទាក់ទាញ និង​ល្អមើល​។   
 
​នៅ​ម៉ោង​៣:៣០​នាទី​រសៀល​នេះដែរ ក៏មាន​ការប្រកួត​ពីរ​គូ​ផ្សេងទៀត​ផងដែរ​ក្នុងនោះ​ក្រុម​អាស៊ី​អឺរ៉ុប​ត្រូវ​បើកទ្វារ​កីឡដ្ឋាន​អេ​អ៊ី​យូ​ស្ព​ត​ផាក​ទទួល​ក្រុម​អគ្គិសនី​កម្ពុជា ខណៈ​ណាហ្គា​វើ​ល​ប្រើ​កីឡដ្ឋាន S.R.U ស្វាគមន៍​សូល​ទី​ឡូ​អង្គរ​នៅ​ទឹកដី​ខេត្តសៀមរាប​៕ 

Tag:
 Cambodian League 2020
  ប្រាក់ សុវណ្ណារ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com