COVID-19
ជាតិ
រដ្ឋបាល​រាជធានី​ភ្នំពេញ ប្រាប់​ពលរដ្ឋ​កុំ​ព្រួយ កម្ពុ​ជាមាន​ស្បៀង​បម្រុង​ទុក​លើស និង​អាច​នាំចេញ​បាន​ទៀត​
07, Mar 2020 , 3:12 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក
រូបភាពពីហ្វេសប៊ុក
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បានស្នើ​ឲ្យ​ពលរដ្ឋ​រក្សា​ភាពស្ងប់ស្ងាត់ កុំ​ជ្រួលច្របល់​តាម​ពាក្យ​ចចាមអារ៉ាម ខណៈ​កម្ពុជា​បាន​ផលិត​ស្បៀង​លើសពី​ការ​បម្រុង រហូតដល់​នាំចេញ​ទៅ​បរទេស​ទៀត​។ នេះ​ជាការ​អំពាវនាវ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោយ​ប្រជាពលរដ្ឋ​មួយចំនួន​បាននាំគ្នា​សម្រុក​ទិញ​ទំនិញស្ដុក​ទុក ជាពិសេស​ស្បៀងអាហារ​ប្រចាំថ្ងៃ ដោយ​ព្រួយបារម្ភ​ពី​វីរុស​កូ​វីដ​១៩ ។​


 
​តាមរយៈ​សេចក្តីជូនដំណឹង​របស់​ខ្លួន នៅ​ថ្ងៃទី​៦ មីនា រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ការ​សម្រុក​ទៅ​ទិញ​ទំនិញ​របស់​ប្រជា ធ្វើ​ឲ្យ​ជន​ឆ្លៀតឱកាស​មួយចំនួន​គេង​ចំណេញ និង​ដំឡើង​ថ្លៃទំនិញ​ដែល​នាំ​ឲ្យ​ខាត​ប្រយោជន៍​របស់​ពលរដ្ឋ​។ បន្ថែម​លើ​សេចក្តីជូនដំណឹង​នេះ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ម៉េ​ត មាស​ភក្តី អះអាងថា​ស្បៀងអាហារ​បម្រុង​នៅ​រាជធានី​ភ្នំពេញ ពុំបាន​ប្រឈម​នឹង​ការខ្វះខាត​នោះទេ​។​
 
​លោក ម៉េ​ត មាស​ភក្តី ក៏​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ ជឿជាក់​លើ​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល និង​រដ្ឋបាល​រាជធានី​ភ្នំពេញ ជាជាង​ព័ត៌មាន​លើ​ហ្វេ​ស​ប៊ុ​ក​។ លោក​បន្តថា​៖«​ប្រជាពលរដ្ឋ គួរតែ​ព្យាយាម​ការពារ និង​ថែរក្សា តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​វិញ​។ ការប្រុងប្រយ័ត្ន​ជាការ​ល្អ ប៉ុន្តែ​កុំ​ឲ្យ​ប្រុងប្រយ័ត្ន​ហួសហេតុ​ពេក ដែល​នាំគ្នា​ចំណាយ​ថវិកា​ទៅ​ទិញ​ស្បៀង​ទុក​»​។ 
 
​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់ ស្ថិរភាព​ទំនិញ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្នើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​រក្សា​ភាពស្ងប់ស្ងាត់ ប្រកបមុខរបរ​ចិញ្ចឹមជីវិត​ដូច​ប្រក្រតី មិន​ជ្រួលច្របល់​តាម​ពាក្យ​ចចាមអារ៉ាម និង​អនុវត្តតាម​វិធី​បង្ការ​របស់​ក្រសួងសុខាភិបាល​៕ 

Tag:
 សាលា​រាជធានី​
  COVID19
© រក្សាសិទ្ធិដោយ thmeythmey.com