COVID-19
អន្តរជាតិ
COVID-19៖ កូរ៉េខាងត្បូង ប្រកាស​លុបចោល​ការលើក​លែង​ទិដ្ឋាការ​សម្រាប់​អ្នកដំណើរ​ជប៉ុន​
07, Mar 2020 , 4:54 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ។ រូបភាព AFP
នាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហ្សូ អាបេ និងប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ។ រូបភាព AFP
​ការប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) បែរជា​ធ្វើ​ឲ្យ​កូរ៉េខាងត្បូង និង​ជប៉ុន​មើលមុខ​គ្នា​មិន​ចំ​ទៅវិញ​។ នៅ​ថ្ងៃទី​៦ ខែមីនា កូរ៉េខាងត្បូង បានប្រកាស​លុបចោល​កា​រ​លើកលែង​ទិដ្ឋាការ​សម្រាប់​អ្នកដំណើរ​ជប៉ុន ដើម្បី​ឆ្លើយតប​វិធានការ​របស់​ជប៉ុន​ដែ​ល​រឹតត្បិត​ការធ្វើដំណើរ​ពី​កូរ៉េខាងត្បូង ព្រោះ​បារម្ភ​ពី​ការចម្លង COVID-19 ។ កូរ៉េខាងត្បូង​ថែម​បោះសម្ដី​ថា ជប៉ុន​យល់​មិន​ដល់​ប្រព័ន្ធ​ដាក់​ច​ត្តា​ឡី​ស័ក​របស់ខ្លួន​ទៅទៀត​។​

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ល្ងាច​ថ្ងៃទី​៦ ខែមីនា អនុរដ្ឋមន្ត្រី​ទីមួយ​ក្រសួងការបរទេស​កូរ៉េខាងត្បូង Cho Sei-young បានប្រកាស​ពី​វិធានការ​ថ្មី​ដែល​អនុវត្ត​លើ​ជនជាតិ​ជប៉ុន​ចាប់ពី​ពាក់​កណ្ដាលយប់​ថ្ងៃទី​៩ ខែមីនា​តទៅ​។ វិធានការ​នោះ​រួមមាន ការផ្អាក​កម្មវិធី​មិន​យក​ទិដ្ឋាការ​៩០​ថ្ងៃ​ពី​អ្នកដំណើរ​ជប៉ុន ក៏ដូចជា​លុបចោល​ទិដ្ឋាការ​ដែល​ផ្ដល់​ហើយ​។ 
 
​មុន​ការប្រកាស​វិធានការ​តប​វិញ​នេះ ក្រសួងការបរទេស​កូរ៉េខាងត្បូង ក៏បាន​ព្រមាន​ជាមុន​ផងដែរ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ ប្រកាស​ផែនការ​ដាក់​ឲ្យ​នៅ​ដោយឡែក​រយៈពេល​១៤​ថ្ងៃ​លើ​អ្នកដំណើរ​ពី​កូរ៉េខាងត្បូង​។ ចំណាត់ការ​របស់​ជប៉ុន ស្ដែង​ចេញពី​ការបារម្ភ​ការ​សាយភាយ​វីរុស​ប្រភេទ​ថ្មី​ពី​កូរ៉េខាងត្បូង​ចូល​ជប៉ុន ខណៈដែល​ករណី​ឆ្លង​វីរុស​នៅ​កូរ៉េខាងត្បូង​មាន​អត្រា​ខ្ពស់​ទី​ពីរ​បន្ទាប់ពី​ចិន​ទៅហើយ​។  
 
​ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងត្បូង Yonhap បាន​ស្រង់​សម្ដី​លោក Cho ថា រដ្ឋាភិបាល​សេ​អ៊ូ​ល ពិតជា​សោកស្ដាយ​ចំពោះ​ការសម្រេចចិត្ត​របស់​តូ​ក្យូ​ដែល​មិនបាន​ជូនដំណឹង ឬ​ពិភាក្សាគ្នា​ជាមុន​។ បើតាម​មន្ត្រីជាន់ខ្ពស់​រូបនេះ ជប៉ុន ហាក់ដូចជា​ខ្វះ​ការយល់ដឹង​ពី​ប្រព័ន្ធ​ច​ត្តា​ឡី​ស័ក​នៅ​កូរ៉េខាងត្បូង​ដែល​ទាន់សម័យ និង​ពិសេស​ជាងគេ​។ 
 
​ជាមួយគ្នានេះ ទីក្រុង​សេ​អ៊ូ​ល ក៏​ព្រមាន​ចាត់វិធានការ​ថែមទៀត​ដើម្បី​ឆ្លើយតប​ការសម្រេចចិត្ត​របស់​តូ​ក្យូ​ដែល​អនុញ្ញាត​ឲ្យ​យន្តហោះ​ធ្វើដំណើរ​ពី​កូរ៉េខាងត្បូង អាច​ចុះចត​តែ​នៅ​ព្រលាន Narita ឬ​នៅ Kansai ប៉ុណ្ណោះ​។ ពេលនេះ កូរ៉េខាងត្បូង កំពុង​ពិចារណា​ថា នឹង​អនុញ្ញាត​ឲ្យ​យន្តហោះ​ជប៉ុន​ចុះចត​តែ​នៅ​ព្រលាន​ណាមួយ​ក្នុងចំណោម​ព្រលាន Incheon, Seoul, Gimhae ឬ Jeju ។ 
 
​លើសពីនោះ កូរ៉េខាងត្បូង ដែល​កំពុង​ក្ដៅស្លឹកត្រចៀក​ខ្លាំង​នោះ ក៏មាន​ផែនការ​ដំឡើង​កម្រិត​អាសន្ន​នៃ​ការធ្វើដំណើរ​ទៅ​ជប៉ុន​ឲ្យ​ដល់​កម្រិត​ពីរ ដែល​មានន័យថា ប្រជាជន​កូរ៉េខាងត្បូង ពុំគួរ​ធ្វើដំណើរ​ទៅ​ជប៉ុន​ឡើយ បើ​គ្មាន​ការងារ​ចាំបាច់​។ បច្ចុប្បន្ន ជប៉ុន បាន​អនុវត្ត​បែបនេះ​ចំពោះ​ប្រជាជន​របស់ខ្លួន ខណៈ​បាន​ហាម​ការធ្វើដំណើរ​មាន​គោលដៅ​ពី​ទីក្រុង Daegu និង Cheongdo ដែល​កូ​រ៉ូ​ណាវី​រុស​អុកឡុក​ខ្លាំង​៕  

Tag:
 COVID-19
  កូរ៉េខាងត្បូង​
  ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com