ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក អន បញ្ញា និពន្ធ​រឿង​«​ងងឹត​ទាំង​ថ្ងៃ​» ឆ្លុះបញ្ចាំង​ពី​ជីវិត​ជនពិការ​ដោយសារ​សង្គ្រាម​
07, Mar 2020 , 7:59 pm        
រូបភាព
លោក អន បញ្ញា អ្នក​និពន្ធ​និង​ដឹក​នាំ​រឿង ងងឹត​ទាំង​ថ្ងៃ
លោក អន បញ្ញា អ្នក​និពន្ធ​និង​ដឹក​នាំ​រឿង ងងឹត​ទាំង​ថ្ងៃ
​ភ្នំពេញ​៖ លោក អន បញ្ញា ដែលមាន​អាយុ​៦០​ឆ្នាំ ជា​អតីត​សិល្បករ​ល្ខោន​នាដកម្ម ហើយ​បច្ចុប្បន្ន​លោក​គឺជា​អ្នកនិពន្ធ​និង​ដឹកនាំ​រឿងល្ខោន​នាដកម្ម​។ ស្នាដៃ​ថ្មី​របស់លោក មាន​ចំណងជើង​ថា “​ងងឹត​ទាំង​ថ្ងៃ​” បរិយាយ​អំពី​ជីវិត និង​អារម្មណ៍​របស់​អតីតយុទ្ធជន​សង្គ្រាម ដែល​ពិការ​ជើង​ដោយសារ​គ្រាប់មីន​។ ពួកគេ​ត្រូវ​រស់​ដោយ​ងងឹតងងល់ ក្នុងសម័យ​ដ៏​ត្រចះត្រចង់​នេះ ព្រោះ​មិនមាន​ការយកចិត្តទុកដាក់​។ រឿងនេះ​នឹង​បង្ហាញខ្លួន​ក្នុង​ទម្រង់​ល្ខោន​នាដកម្ម ឬ​ហៅថា​ល្ខោននិយាយ ដែល​នឹង​សម្ដែង​នៅ​ថ្ងៃទី​២៣ ខែមីនា ខាងមុខនេះ​។​


 
​ដើម្បី​ដឹង​ច្បាស់​ពី​ខ្លឹមសារ​រឿង​ខ្លះៗ រួមទាំង​គោលបំណង​របស់​អ្នកនិពន្ធ​ផង​នោះ តទៅ​នេះ សូម​ប្រិយមិត្ត​អញ្ជើញ​ស្ដាប់​បទ​យកការណ៍ ដែល​រៀបរៀង​ដោយ​កញ្ញា ប៉ូ សា​គុន ដោយ​សោមនស្ស​រីករាយ​៖

 
​មាន​វ័យ​៦០​ឆ្នាំ លោក អន បញ្ញា ក៏​ធ្លាប់បាន​ហែល​ឆ្លង​សម័យ​ខ្មែរក្រហម​ដ៏​ខ្មៅ​ងងឹត​ជាមួយ​ប្រជាជន​ខ្មែរ​ដទៃទៀត​ដែរ ប៉ុន្តែ​លោក​មានសំណាង ព្រោះ​មិនបាន​រងគ្រោះ​បន្ថែមទៀត ដោយ​ពិការភាព​។ អ្វីដែល​លោក បញ្ញា មាន​កង្វល់ ហើយ​បានសម្រេច​បញ្ចេញ​វា​តាមរយៈ​ផ្ទាំង​ទស្សនី​ភាព​ល្ខោន​នាដកម្ម​នោះ គឹ​បញ្ហា​របស់​ជនពិការ​ដែល​រងគ្រោះ​ព្រោះ​សង្គ្រាម​។ 
 
​រឿង​”​ងងឹត​ទាំង​ថ្ងៃ​” ត្រូវបាន លោក បញ្ញា និពន្ធ​ឡើង​ដោយ​ផ្អែកលើ​ជីវិត​ពិត​របស់​អតីតយុទ្ធជន​សង្គ្រាម​មួយរូប ដែល​បាន​ពលី​ល​ម្លាំ​ង​កាយ​ចិត្ត ដើម្បី​មាតុភូមិ​នៅ​គ្រា​មាន​អាស​ន្ត​៖«​ប្រទេស​យើង​ហ្នឹង គឹ​មិនដែល​បាន​សុខ​សប្បាយ​បានយូរ​អង្វែង​ទេ សន្តិភាព​មិនទាន់បាន​ប៉ុន្មាន​ផង គឺមាន​សង្គ្រាម​ទៀតហើយ ចេះតែ​ឈ្លោះប្រកែក​គ្នា​។ ពាក្យ​ថា​”​ងងឹត​ទាំង​ថ្ងៃ​” គឺ​ខ្ញុំ​ដកស្រង់​ចេញពី​ក្នុង​សង្គ្រាម​និង​ក្រោយ​សង្គ្រាម​។ ពេល​យុវជន​ម្នាក់ ដែល​គាត់​បាន​ទាន់សម័យ​សង្គ្រាម គាត់​ហ្នឹង​ទៅធ្វើ​ទាហាន ទាំង​ដែល​កំពុងតែ​សប្បាយ​។ ដូចជា​ជីវិត​ខ្ញុំ​ដែរ តាំងពី​កើតមក​ដល់​ឆ្នាំ​៧៥ កំពុងតែ​ស្រួល​។ ស្រាប់តែ​ពី​ឆ្នាំ​៧៥​មក​សម័យ​ប៉ុលពត ៣​ឆ្នាំ​ជាង ស្រាប់តែ​វា​ងងឹត​»​។ 
 
​ផ្ទាំងទស្សនីយភាព​នេះ ក៏បាន​បង្ហាញ​ពី​សោកនាដកម្ម ក្នុងពេល​ប្រទេស​មាន​សន្តិភាព​ដែរ​។ លើកយក​ជីវិត​របស់​បុរស​ម្នាក់ ដែលជា​អតីត​ទាហាន ក្នុងសម័យ​សង្គ្រាម​ខ្មែរក្រហម មក​បរិយាយ ដោយ​រំលេច​នូវ​ទុក្ខវេទនា​ទាំង​ផ្លូវកាយ​និង​ផ្លូវចិត្ត នៅពេលដែល​យុទ្ធជន​រូបនោះ ធ្លាក់ខ្លួន​ពិការ​។ 
 
“​ងងឹត​ទាំង​ថ្ងៃ​” អ្នកនិពន្ធ​ចង់បង្ហាញ​ពី​ជីវិត​របស់​អតីត​ទាហាន​ក្នុងសម័យ​សង្គ្រាម ដែល​បាន​បូជា​ឈាម​ស្រស់ សាច់​ស្រស់​ដើម្បី​ជាតិ​មាតុភូមិ រហូត​ធ្លាក់ខ្លួន​ពិការ តែ​ពួកគេ​បែរជា​ត្រូវ​រស់​ដោយ​ត្រដាបត្រដួស ក្នុងសម័យ​សន្តិភាព​ទៅវិញ​។ 
 
​លោក អន បញ្ញា បញ្ជាក់បន្ថែម​ដូច្នេះ​៖«​ចប់​សង្គ្រាម​ទៅ​ក៏​បាត់​គ្រួសារ បាត់​ដីធ្លី បាត់​ប្រពន្ធ បាត់​កូន ហើយក៏​ក្លាយជា​ជន​រើស​សំរាម​។ ដូច្នេះ​បានជា​គាត់​គិតថា នេះ​គឺ​កាកសំណល់​ពី​សង្គ្រាម​។ មនុស្ស​មួយចំនួន ដែល​យើង​ឃើញថា​គាត់​ពិការ ហាក់បីដូចជា​កាកសំណល់​ពី​សង្គ្រាម​អ៊ីចឹង​។ ពេល​គាត់​តស៊ូ មាន​គេ​យកចិត្តទុកដាក់​នឹង​គាត់ ដល់​តែ​ពេល​គាត់​ពិការ គេបោះបង់​គាត់​ចោល​អស់ អត់​មាន​អ្នកណា​យកចិត្តទុកដាក់​នឹង​គាត់​។ គាត់​គឺជា​យុទ្ធជន ដែល​ការពារ​ទឹកដី ចុងបញ្ចប់​គាត់​បែរ​ទៅជា​មនុស្ស​ដ៏​ងងឹត នៅក្នុង​ទី​ភ្លឺ​ដែល​គេ​មិន​រាប់រក​»​។​
 
​ទោះជា​យ៉ាងណា “​ងងឹត​ទាំង​ថ្ងៃ​” ក៏មាន​បំណង​អប់រំ​ទៅ​យុវជន​សម័យ​បច្ចុប្បន្ន​ដែរ ក្នុងន័យ​ឱ្យ​ពួកគេ​យកចិត្តទុកដាក់​លើ​ការសិក្សា ដើម្បី​រំដោះខ្លួន​ចេញពី​ភាពអវិជ្ជា​៖«​យើង​ឆ្លុះបញ្ចាំង​ពី​យុវជន​ថ្មី​ដែរ​។ សព្វថ្ងៃនេះ​សន្តិភាព​ហើយ គាត់​មិនទាន់បាន​ជួប​ការលំបាក​ក្នុងសម័យ​សង្គ្រាម​ទេ ដូច្នេះ​ហើយក៏​យើង​ឆ្លុះបញ្ចាំង​ថា ឱ្យ​យុវជន​ទាំងអស់​ហ្នឹង គឺ​ត្រូវខិតខំ​រៀនសូត្រ ក្នុងពេល​ប្រទេស​កំពុងតែ​សុខ​សប្បាយ​ហ្នឹង​។ បើសិនជា​ប្រទេស​សង្គ្រាម​ភ្លាម គាត់​ក៏មាន​ចំណេះដឹង​ដែរ​។ អ៊ីចឹង​បានឱ្យ​យុវជន​យើង​បច្ចុប្បន្ន​ហ្នឹង​ប្រុងប្រយ័ត្ន បើ​ប្រទេស​យើង​សន្តិភាព​ហើយ កុំ​ដើរលេង​ភ្លេចខ្លួន ទៅប្រើ​គ្រឿងញៀន​»​។  
 
​មាន​ស្រុកកំណើត​នៅ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល ហើយ​បច្ចុប្បន្ន​រស់នៅ​រាជធានី​ភ្នំពេញ លោក អន បញ្ញា បាន​រំលឹក​ពី​ប្រវត្តិ​ខ្លះៗ របស់​តួអង្គ​ក្នុង​ស្នាដៃ​រឿង “​ងងឹត​ទាំង​ថ្ងៃ​” នេះ​៖«​រឿង​ដែល​ខ្ញុំ​សរសេរ​ហ្នឹង គឺ​យុវជន​នៅក្នុង​សម័យ​ឆ្នាំ​៨០ ដែល​គេ​កែន​ឱ្យទៅ​ធ្វើ​ទាហាន ទៅ​វ៉ៃ​ខ្មែរក្រហម​នៅ​ព្រំដែន​ថៃ​ខ្មែរ ហើយ​គាត់​ក៏បាន​ជាន់មីន​ដាច់​ជើង​។ នៅមុន​ពេល​គាត់​ទៅ គាត់​មាន​ប្រពន្ធ​និង​មានកូន​ស្រី​ម្នាក់ ប៉ុន្តែ​គាត់​មិនបាន​នៅ​ថែទាំ​កូនស្រី​ទេ គឺ​គាត់​បាន​ទៅ​សមរភូមិ​បាត់ទៅហើយ​។ ដល់​តែ​ពេល​ចុងបញ្ចប់​នៃ​ជីវិត​របស់គាត់ គឺ​គាត់​តូចចិត្ត​ណាស់ ដែល​សង្គម​បានចាត់ទុក​គាត់​ដូចជា​ជន​កាកសំណល់ មិនមាន​អ្នកណា​យក​គាត់​មក​អប់រំ ឬក៏​ដាក់​ក្នុង​មន្ទីរ​ណា ដើម្បី​ចិញ្ចឹម​ថែរក្សា​ទេ​»​។​
 
​យក​សិល្បៈ​ដើម្បី​បង្ហាញ​ពី​ទស្សនៈ និង​បញ្ហា​របស់​សង្គម​ដែល​កំពុង​ជួបប្រទះ អ្នកនិពន្ធ​និង​ដឹកនាំ​រឿងល្ខោន​នាដកម្ម វ័យ​៦០​ឆ្នាំ​រូបនេះ យល់ថា​ស្នាដៃ​ថ្មី​នេះ អាចជួយ​ដល់​សង្គម​បាន​ខ្លះ​៖«​ខ្ញុំ​បង្កើត​ស្នាដៃ​នេះ​គឺ​ខ្ញុំ​ចង់​ជួយ​សង្គម ហើយនឹង​ទស្សនៈ​មួយចំនួន ដើម្បី​ជា​ផ្លូវ ជាការ​អប់រំ​ដល់​យុវជន ទាំង​អតីតកាល និង​យុវជន​សម័យថ្មី ដើម្បី​កុំឱ្យ​ភ្លេច​នូវ​អតីតកាល​ដ៏​ជូរចត់​របស់​យើង​។ ផ្ដើមចេញ​នូវ​ការនិពន្ធ​នេះ គឺមាន​ពេល​មួយ ខ្ញុំ​បាន​ទៅ​ឃើញ​នៅ​គំនរ​សំរាម ខ្ញុំ​ឃើញ​យុវជន មនុស្ស​ចាស់ កុមារ ជនពិការ មេម៉ាយ គ្រប់​ស្ថានភាព​នៃ​មនុស្ស​ទាំងអស់ ទៅ​រើស​សំរាម​»​។​


លោក អន បញ្ញា អ្នក​និពន្ធ​និង​ដឹក​នាំ​រឿង ងងឹត​ទាំង​ថ្ងៃ
 
​អះអាងថា​ស្នាដៃ​នេះ មិនបាន​បង្ហាញ​ពី​និន្នាការ​នយោបាយ ខាង​ណា​នោះ លោក បញ្ញា សង្កត់ធ្ងន់ថា លោក​គ្រាន់តែ​ចង់​ផ្ញើ​សារ​ខ្លះៗ​ទៅ​ថ្នាក់ដឹកនាំ​តែប៉ុណ្ណោះ​៖«​ដើម្បី​ឆ្លុះបញ្ចាំង​ទៅ​សង្គម​ឱ្យ​អ្នកដឹកនាំ​ប្រទេស បាន​ឃើញថា​គួរតែមាន​មជ្ឈមណ្ឌល​ជនពិការ ឬក៏​មជ្ឈមណ្ឌល​មនុស្ស​ចាស់ ឬក៏​មជ្ឈមណ្ឌល​មេម៉ាយ កុមារ ជាដើម​។ យើង​ធ្វើឡើង​ដើម្បី​ប្រមូល​ជនកំព្រា​មួយចំនួន ទៅក្នុង​មជ្ឈមណ្ឌល​ទាំងនោះ ហើយ​បណ្ដុះបណ្ដាល​ការរៀនសូត្រ​ជាដើម​។ រឿងនេះ​ឆ្លុះបញ្ចាំង​សង្គម​កាលពីមុន ក៏ដូចជា​ឥឡូវ ដើម្បីឱ្យ​មានការ​យកចិត្ត​ទុកដាក់​លើ​សង្គម​រប​ស់​ខ្លួនឯង​»​។​
 
​តាមពិតទៅ​ការសម្ដែង​ល្ខោន​នាដកម្ម​រឿង “​ងងឹត​ទាំង​ថ្ងៃ​” នេះ ដំបូង​ឡើយ​មានបំណង​ឱ្យចូល​ទស្សនា​ដោយ​មិន​គិតថ្លៃ ប៉ុន្តែ​ក្រោយមក​ក៏​ប្ដូរ​មក​លក់​សំបុត្រ​វិញ គឺ​ដើម្បី​ប្រមូល​ថវិកា​ជូន​ដល់​សិល្បករ និង​សិស្ស​និស្សិត​សិល្បៈ​ដែល​ក្រីក្រ​៖«​យើង​ចង់ឱ្យ​យុវជន​ចូលរួម​បង់​ថវិកា​ខ្លះ ដើម្បី​យកទៅជួយ​ដល់​សិល្បករ​ដែល​គាត់​ក្រីក្រ​មែនទែន​។ ថវិកា​នេះ​យើង​មិនបាន​យកទៅ​ចាយវាយ​ដល់​បុគ្គល​ណា​ទេ គឺ​យើង​យកទៅជួយ​សិស្ស​និស្សិត ផ្នែក​សិល្បៈ​ដែល​គាត់​លំបាក​មកពី​ខេត្ត​អត់​មាន​អង្ករ​ហូប​ផង​។ អាហារូបករណ៍​នៅ​សាលា​មែន តែ​ដាំបាយហូប​ខ្លួនឯង យក​អង្ករ​មកពី​ផ្ទះ​ខ្លួនឯង​»​។​
 
​មាន​បទពិសោធ​ជា​សិល្បករ អ្នកនិពន្ធ និង​ជា​អ្នកដឹកនាំ​រឿងល្ខោន​នាដកម្ម​ជាង​៤០​ឆ្នាំ ដែលមាន​ស្នាដៃ​ជាង​១០០​រឿង ទាំង​និពន្ធ​ខ្លួនឯង​ផង និង​តម្លើង​ស្នាដៃ​ធំៗ​របស់​អ្នកនិពន្ធ​ចាស់ៗ​ផង ទៅ​ថ្ងៃ​អនាគត លោក អន បញ្ញា មាន​គម្រោង​បង្កើត​ស្នាដៃ​អប់រំ​សង្គម​បន្ថែមទៀត​៖«​ខ្ញុំ​មាន​គម្រោង​សុំ​ថវិកា ពី​អង្គការ​ណា​ដែលមាន​ថវិកា សម្រាប់​ឱ្យ​សិល្បករ ដើម្បី​បង្កើត​ស្នាដៃ​អប់រំ​សង្គម​បន្ថែមទៀត​»​។​
 
​សូម​បញ្ញា​ក់ថា ល្ខោន​នាដកម្ម ឬ​ហៅថា​ល្ខោននិយាយ ដែល​សម្ដែង​លើ​ឆាក រឿង “​ងងឹត​ទាំង​ថ្ងៃ​” នេះ នឹង​សម្ដែង​នៅ​ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២០​ខាងមុខ នៅក្នុង​មជ្ឈមណ្ឌល​កម្ពុជា​ជប៉ុន (CJCC)​។ សំបុត្រ​សម្រាប់​ទស្សនិកជន​ធម្មតា​តម្លៃ ២​ម៉ឹ​ន​រៀល ចំណែក​សិស្ស​និស្សិត​តម្លៃ​១​ម៉ឺន​រៀល​៕

Tag:
 សិល្បៈ​
 ​ល្ខោន​
  ល្ខោន​នាដកម្ម​
  ល្ខោននិយាយ​
  ជនពិការ​
© រក្សាសិទ្ធិដោយ thmeythmey.com