អន្តរជាតិ
នារី​ប៉ូឡូញ​ម្នាក់​ពិការភ្នែក​ដោយសារ​ការ​សាក់​លើ​កែវភ្នែក​ខុស​បច្ចេកទេស​
07, Mar 2020 , 8:29 pm        
រូបភាព
ដោយ: ធីតា
​ស្ត្រី​ប៉ូឡូញ​ម្នាក់​ឈ្មោះ Aleksandra បាន​ធ្លាក់ខ្លួន​ពិការភ្នែក​ក្នុង​អាយុ​២៥​ឆ្នាំ បន្ទាប់ពី​នាង​ទៅ​ឲ្យ​គេ​សាក់​ភ្នែក​របស់ខ្លួន​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន RTL​។​

 
Aleksandra Sadowska បានចាត់ទុក​តារាចម្រៀង​រ៉េ​ប លោក Pawel Ryszard Mikolajuw ហៅ Popek Monster ជា​អាយ​ដូ​ល​របស់ខ្លួន​។ នាង​បាន​សម្រេចចិត្ត​ទៅ​ហាង​សាក់​មួយកន្លែង​ដើម្បី​ឲ្យ​គេ​បន្តក់​ចំណុច​ពណ៌​ស​ចំ​ពីលើ​ពណ៌​ខ្មៅ​ក្នុង​គ្រាប់ភ្នែក​របស់ខ្លួន​តាម​តារា​ដ៏​ល្បីល្បាញ​នៅ​ប៉ូឡូញ​រូបនោះ​។ 
 
​ក្រោយមក នារី​វ័យ​២៥​ឆ្នាំ​រូបនេះ តែងតែមាន​ការឈឺចាប់​នៅក្នុង​ភ្នែក​របស់ខ្លួន ប៉ុន្តែ​ជាង​សាក់ បាន​ប្រាប់​ទៅ​នាង​កុំ​ឲ្យ​មានការ​ព្រួយបារម្ភ ព្រោះ​ជា​រឿង​ធម្មតា សម្រាប់​ដំណាក់កាល​ដំបូង​។​
 
​ក្រោយមក នាង​បាន​ទៅ​មន្ទីរពេទ្យ ដោយ​ក្រុមគ្រូពេទ្យ​ពិនិត្យឃើញថា នាង​ចាប់ផ្តើម​ពិការភ្នែក​ស្តាំ ហើយ​ក្រោយមក​បន្ត​ដល់​ភ្នែក​ឆ្វេង ដោយសារតែ​ការ​សាក់​ខុស​បច្ចេកទេស​។ បើតាម​ការផ្សាយ​របស់ Daily Mail ជាង​សាក់​ប្រឈម​ជាប់ពន្ធនាគារ​បី​ឆ្នាំ​ពីបទ​ធ្វើ​ឲ្យ​ស្ត្រី​វ័យក្មេង​រូបនោះ ពិការភ្នែក​ដោយ​អ​ចេតនា​។​
 
​ការស៊ើបអង្កេត​បានរ​ក​ឃើញថា ជាង​សាក់​ពិតជា​បាន​អនុវត្ត​ក្បួន​ខុស​បច្ចេកទេស​នៅពេល​ដំណើរការ​បន្តក់​ចំណុច​ពណ៌​ទៅលើ​កែវភ្នែក​នាង Aleksandra​។ ទោះបីជា​យ៉ាងណាក៏ដោយ ជាង​សាក់​រូបនោះ បាន​ច្រានចោល​ការចោទប្រកាន់ និង​កំហុស​របស់ខ្លួន ខណៈ​តុលាការ​នឹង​បើកសវនាការ​នាពេលខាងមុខ​។​
 
​បច្ចុប្បន្ន Aleksandra នៅតែ​បន្ត​បង្ហោះ​សកម្មភាព និង​រូបភាព​របស់ខ្លួន​នៅលើ​បណ្តាញ​សង្គម Instagram ដោយ​នាង​អះអាង​បន្ត​រស់នៅ​ដោយ​រីករាយ មិន​ឲ្យ​ទុក្ខ​កង្វល់​ផ្សេងៗ ញាំញី​ដល់​ជីវិត​របស់​នាង​នោះឡើយ​៕



© រក្សាសិទ្ធិដោយ thmeythmey.com