អន្តរជាតិ
ហេតុអ្វីបានជាគេប្តូរបង្អួចយន្តហោះពីរាងជ្រុង មករាងមូលវិញ?
× បើលោកអ្នកធ្លាប់ធ្វើដំណើរនៅក្នុងយន្តហោះ ឬធ្លាប់មើលទៅកាន់យន្តហោះពីចម្ងាយ អ្នកប្រាកដជាបានសង្កេតឃើញថា បង្អូចដែលនៅលើតួយន្តហោះទាំងនោះមានរាងមូលនៅតាមគែម ឬរាងក្បែរពងក្រពើ។ តើអ្នកដែលមានចម្ងល់ទេថា មូលហេតុអ្វីបានជាបង្អួចយន្តហោះទាំងនោះមិនផលិតមកជារាងជ្រុងដូចជាបង្អួចនៅតាមផ្ទះ?
ចម្លើយគឺថា វាមានភាពទាក់ទងទៅនឹងសុវត្ថិភាពនៃយន្តហោះ ជៀសជាងការរចនាម៉ូដស្អាត។ យន្តហោះក្នុងសម័យដើមក៏ធ្លាប់មានបង្អួចរាងជ្រុងដូចបង្អួចនៅតាមផ្ទះដែរ។ គេហទំព័រ Aerotime.aero បានពន្យល់ថា ក្នុងរយៈពេលជាង១០០ឆ្នាំចុងក្រោយនៃបច្ចេកវិទ្យាហោះហើរនេះ យន្តហោះត្រូវបានទទួលរងការផ្លាស់ប្តូរជាច្រើន។ វាមានលក្ខណៈលឿនជាងមុន ផ្ទុកមនុស្សបានច្រើនជាមុន ទំនើបជាងមុន និងមានសុវត្ថិភាពជាងមុន។
មូលហេតុគឺនៅត្រង់ថា ក្នុងការសន្សំសំចៃប្រេង និងដើម្បីហោះឲ្យបានកាន់តែឆ្ងាយ យន្តហោះទាមទារឲ្យហោះកាន់តែខ្ពស់ ទើបវាទទួលរងការកកិតជាមួយនឹងខ្យល់កាន់តែតិច។ ប៉ុន្តែនៅពេលដែលយន្តហោះហោះក្នុងរយៈកម្ពស់ឆ្ងាយ បរិមាណខ្យល់ និងសម្ពាធបរិយាកាសនៅទីនោះមិនគ្រប់គ្រាន់សម្រាប់មនុស្សដកដង្ហើមនោះទេ។ ក្នុងការឆ្លើយតបជាមួយនឹងបញ្ហានេះ យន្តហោះត្រូវបង្កើតបរិយាកាសរបស់ខ្លួនផ្ទាល់នៅខាងក្នុងតួយន្តហោះ នៅពេលហោះហើរក្នុងកម្ពស់ខ្ពស់លើអាកាស។
នេះបានន័យថា នៅខាងក្នុងតួរបស់យន្តហោះ សម្ពាធបរិយាកាសមានលក្ខណៈសមរម្យសម្រាប់មនុស្សធ្វើដំណើរ បើប្រៀបធៀបជាមួយនឹងសម្ពាធបរិយាកាសដែលខ្សោយនៅខាងក្រៅ។ ហេតុដូចនេះ តួយន្តហោះត្រូវមានរាងជាបំពង់ (រាងស៊ីឡាំង) ក្នុងការញែកកម្លាំងសម្ពាធបរិយាកាសនៅខាងក្នុងនោះឲ្យបានស្មើៗគ្នា និងចៀសវាងការពុកផុយនៃតួយន្តហោះ នៅពេលហោះហើរច្រើនដង។ ប៉ុន្តែអ្នកជំនាញមិនទាន់បានប្តូរបង្អួចដែលមានរាងជ្រុងនោះនៅឡើយទេ។
នៅក្នុងឆ្នាំ១៩៥៣ យន្តហោះទំនើបក្នុងសម័យកាលនោះដែលមានឈ្មោះថា de Havilland Comet ចំនួនបីគ្រឿងបានធ្លាក់ពីលើអាកាសនៅក្នុងឆ្នាំតែមួយ។ មូលហេតុគឺដោយសារតែបង្អួចដែលមានរាងជ្រុងទាំងនោះ។ នេះគឺដោយសារ នៅពេលដែលយន្តហោះឡើងហោះហើរ សម្ពាធបរិយាកាសខាងក្នុងយន្តហោះត្រូវបានគេបង្កើតឡើងជារៀងរាល់ជើង។
សម្ពាធខាងក្នុងនេះហើយ ដែលបានធ្វើឲ្យគែមជ្រុងៗនៃបង្អួចមានភាពពុកផុយបន្តិចម្តងៗ បង្កទៅជាគ្រោះថ្នាក់។ ក្រោយមក អ្នកវិស្វករជំនាញបានរកឃើញអំពីបញ្ហានេះ និងបានផ្លាស់ប្តូររូបរាងបង្អួចពីរាងជ្រុង មករាងមូលវិញ។ នេះគឺដោយសារតែវត្ថុដែលមានរាងមូលអាចទទួលរងការផ្លាស់ប្តូរនៃកម្លាំងសម្ពាធបានល្អជាងវត្ថុដែលមានរាងជ្រុង។ ការផ្លាស់ប្តូរនៃបង្អួចយន្តហោះនេះ បានជួយជីវិតអ្នកដំណើរជាច្រើនលាននាក់ ក្រោយពីឧបទេវហេតុធ្លាក់យន្តហោះដែលបានរៀបរាប់ពីខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com