ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សារមន្ទីរ​តានី មាន​គម្រោង​ផលិត​ភាជន៍​បុរាណ​ឡើងវិញ ដើម្បី​បំផុស​ឱ្យ​ពលរដ្ឋ​គាំទ្រ​និង​អភិរក្ស​ស្នាដៃ​ដូនតា
07, Mar 2020 , 10:29 pm        
រូបភាព
​សៀមរាប​៖ កុលាលភាជន៍​ជាវ​ត្ថុ​ប្រើប្រាស់​នា​សម័យបុរាណ ដែល​ផលិត​ចេញពី​ដី​ដុត​។ សព្វថ្ងៃ ការប្រើប្រាស់​សម្ភារ​បែបនេះ មិនសូវមាន​ច្រើន​ទេ ឬ​សឹងតែ​គ្មាន​តែម្ដង​នៅតាម​ផ្ទះ​របស់​ប្រជាពលរដ្ឋ គឺ​ជំនួស​ដោយ​សម្ភារ​ទំនើបៗ​ដែល​ច្នៃ​ពី​វត្ថុធាតុដើម​ផ្សេងៗ​។ តែ​យ៉ាងណា វត្ថុ​បុរាណ​ទាំងនោះ​នៅតែមាន​តម្លៃ​សម្រាប់​អ្នក​ស្រឡាញ់​ផ្នែក​វប្បធម៌ និង​សិល្បៈ​បុរាណ ដោយ​ពួកគេ​ចង់​លើកស្ទួយ​សិល្បៈ​ទាំងនោះ​ឱ្យ​រស់​ឡើងវិញ​។ សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី មាន​គម្រោង​ផលិត​កុលាលភាជន៍​ទាំងនោះ​ឡើងវិញ ដោយ​យក​លំនាំ​សិល្បៈ​បុរាណ លើកស្ទួយ​មរតក​ដូនតា​ឱ្យនៅ​គង់វង្ស​។​

 
​ព័ត៌មាន​លម្អិត សូម​ស្ដាប់​បទ​សម្ភាស​រវាង​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ​លោក វង្ស សា​វុទ្ធី បុគ្គលិក​បច្ចេកទេស​នៃ​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី ដូចតទៅ​៖



 
​សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី បាន​យក​កុលាលភាជន៍​មួយចំនួន​ដែល​ផលិត​ឡើងវិញ ទៅ​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​សមិទ្ធផល​ការងារ ក្នុងការ​ប្រារព្ធ​ខួប​២៥​ឆ្នាំ ថ្ងៃ​បង្កើត​អាជ្ញាធរ​ជាតិ​អប្សរា ដែល​រៀបចំឡើង​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២២ កុម្ភៈ នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​។ កុលាលភាជន៍​ទាំងនោះ ត្រូវបាន​ផលិតឡើង​វិញ​ដោយ​យក​លំនាំ​ដើមពី​វត្ថុ​សិល្បៈ​បុរាណ តែ​ប្រើ​បច្ចេកទេស​ដុត​ទំនើប​ជាង​។ 
 
​លោក វង្ស សា​វុទ្ធី បាន​ពន្យល់​ពី​ពាក្យ​កុលាលភាជន៍​យ៉ាង​ដូច្នេះ​ថា​៖« សូម​ញែក​ពាក្យ​នេះ​បន្ដិច កុលាលភាជន៍​ជា​ភាសាសំស្ក្រឹត ដែល​កុលា​ល​មានន័យថា «​ដី​ដុត​» ភាជន៍​មានន័យថា «​របស់​អ្វីដែល​អាច​ទុក​របស់​អ្វីមួយ​បាន​» អ៊ីចឹង កុលាលភាជន៍​មានន័យថា «​ផលិតផល​ដែល​ចេញពី​ដី​ដុត​» ហើយ​កុលាលភាជន៍​នេះ ភាសា​ក្រិ​ក​មានន័យថា «​សេ​រ៉ា​មិច​»​។​
 
​ចំពោះ​គោលបំណង នៃ​ការបង្កើត​កុលាលភាជន៍​ឡើងវិញ​នេះ ត្រូវបាន​លោក វង្ស សា​វុទ្ធី ពន្យល់ថា វា​ជាការ​រំឭក​នូវ​ស្នាដៃ​ដូនតា បង្ហាញ​ពី​ការលើកស្ទួយ​ស្នាដៃ ការស្រឡាញ់ និង​ថែទាំ​វត្ថុ​សិល្បៈ​ទាំងនោះ​មិនឱ្យ​បាត់បង់​។ លោក សា​វុទ្ធី បន្ថែមថា មរតក​ដូនតា​ខ្មែរ​មាន​ច្រើនសន្ធឹក តែ​ការប្រើប្រាស់​កុលាលភាជន៍​ឡើងវិញ ក៏​ជា​ផ្នែក​មួយ​សម្រាប់​រំឭក​ស្នាដៃ និង​ការអភិរក្ស​ផងដែរ​៕







Tag:
 កុលាលភាជន៍​
  សារមន្ទីរ​កុលាលភាជន៍​អង្គរ​ភូមិ​តានី​
  វប្បធម៌​
  សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com