COVID-19
ជាតិ
សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ប្រាប់​ពលរដ្ឋ​កុំ​ព្រួយបារម្ភ​ពី​បញ្ហា​ខ្វះ​អង្ករ
08, Mar 2020 , 12:57 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អះអាងថា កម្ពុជា មាន​អង្ករ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ស្រុក និង​នាំចេញ រហូតដល់​រដូវ​ប្រមូល​ផល​ខាងមុខ​។ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក៏​អំពាវនាវ​ដល់​ពលរដ្ឋ កុំ​មាន​ព្រួយបារម្ភ​លើ​បញ្ហា​ខ្វះ​អង្ករ​ជាហេតុ​នាំឱ្យមាន​ជន​ឱកាសនិយម​មួយចំនួន​ឆ្លៀត​ដំឡើងថ្លៃ​អង្ករ​។​

 
​ព័ត៌មាន​នៃ​ការរីក​រាលដាល​វីរុស​កូ​វីដ​១៩ បានធ្វើឱ្យ​ប្រជាជន​កម្ពុជា​បារម្ភ និង​បាន​សម្រុក​ទៅ​ទិញ​ស្បៀងអាហារ​ស្តុក​ទុក ដែលជា​ហេតុ​ធ្វើ​ឲ​បាន​ជះឥទ្ធិពល​លើ​តម្លៃ​ស្បៀងអាហារ ជាពិសេស​មាន​ឈ្មួញ​មួយចំនួន​បាន​ដំឡើង ថ្លៃ​អង្ករ​។ ជុំវិញ​ការព្រួយបារម្ភ​នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​៧ មីនា បានចេញ​សេចក្ដីប្រកាស​ព័ត៌មាន​មួយ បញ្ជាក់​ពី​ភាព​បរិបូរ​នៃ​បរិមាណ​អង្ករ​សម្រាប់​ផ្គត់ផ្គង់​នៅក្នុង​ប្រទេស ក៏ដូចជា​សម្រាប់​នាំចេញ​ទៀតផង​។  
 
​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បញ្ជាក់​នៅក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន​យ៉ាង​ដូច្នេះ​៖ «​បរិមាណ​សន្និធិ​អង្ករ និង​ស្រូវ​មិនទាន់​កិន របស់​សមាជិក​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នៅ​ទូទាំងប្រទេស​លើ​ទីតាំង​ចំនួន​ជាង​៤០០​រោង​ម៉ាស៊ីនកិនស្រូវ គឺមាន​បរិមាណ​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជូន​តាម​តម្រូវការ​ក្នុងស្រុក និង​សម្រាប់​នាំចេញ រហូតដល់​រដូវ​ប្រមូល​ផល​ខាងមុខ​»​។​
 
​ហេតុដូច្នេះ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​មាន​ព្រួយបារម្ភ​លើ​បញ្ហា​ខ្វះ​អង្ករ ដែលជា​ហេតុ​នាំឱ្យមាន​ជន​ឱកាសនិយម​មួយចំនួន ឆ្លៀត​ដំឡើងថ្លៃ​អង្ករ​។​
 
​គួរ​ជម្រាប​ថា នៅ​ល្ងាច​ថ្ងៃទី​៧ មីនា កម្ពុជា​បានប្រកាស​ពី​ការរកឃើញ​ករណី​វិជ្ជមាន​វីរុស កូ​វីដ​១៩ លើ​ពលរដ្ឋ​ខ្មែរ​អាយុ​៣៨​ឆ្នាំ​ម្នាក់ នៅ​ខេត្តសៀមរាប​។ ជនជាតិខ្មែរ​រូបនេះ​ស្ថិតក្នុង​ចំណោម​មនុស្ស​៤​នាក់ ដែលមាន​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​ជនជាតិ​ជប៉ុន ដែល​ត្រូវបាន​តេស្ត​ឃើញ​នៅ​ប្រទេស​ជប៉ុន​កាលពី​ប៉ុន្មាន​ថ្ងៃ​កន្លងមក​។ នេះ​ជា​ករណី​ដំបូង​ដែល​កើត​លើ​ពលរដ្ឋ​ខ្មែរ តែ​ជា​ករណី​ទី​ពីរ​នៅ​កម្ពុជា​។ 
 
​ករណី​ដំបូង​នៅ​កម្ពុជា ត្រូវបាន​រកឃើញ​កាលពី​ថ្ងៃទី​២៧ ខែមករា លើ​ទេសចរ​ចិន​វ័យ​៦០​ឆ្នាំ​ម្នាក់​មកពី​ក្រុង​វូ​ហាន ខេត្ត​ហ៊ូ​ប៉ី ដែល​បាន​ទៅដល់​ខេត្ត​ព្រះសីហនុ ជាមួយ​ក្រុមគ្រួសារ​កាល​ពីថ្ងៃ​ទី​២៣ ខែមករា​។ ប៉ុន្តែ​នៅ​ថ្ងៃទី​១០ ខែកុម្ភៈ អ្នកជំងឺ​នោះ ត្រូវបាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ និង​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ ការព្យាបាល​សះស្បើយ​៕

Tag:
 អង្ករ​
  កូ​វីដ​១៩
  សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​
© រក្សាសិទ្ធិដោយ thmeythmey.com