ជាតិ
សង្គមជាតិ
មាន​បញ្ហា​សុខភាព​ពេល​មក​រដូវ សុវណ្ណ​វ​ត្តី ផលិត​សំឡី​អនាម័យ​កំណាត់​ប្រើ​ខ្លួនឯង​ផង និង​ដាក់លក់​ផង​
08, Mar 2020 , 1:59 pm        
រូបភាព
កញ្ញា ហុក សុវណ្ណវត្តី សា្ថបនិក Green Lady Cambodia
កញ្ញា ហុក សុវណ្ណវត្តី សា្ថបនិក Green Lady Cambodia
ដោយ:
​ភ្នំពេញ​៖ កញ្ញា ហុក សុវណ្ណ​វ​ត្តី បាន​ងាក​មកប្រើប្រាស់​សំឡី​អនាម័យ​កំណាត់​ដែល​ច្នៃ​ពី កប្បាស រយៈពេល​៣​ឆ្នាំ​មកហើយ ដោយសារតែ​នាង​មានប្រតិកម្ម​នៅពេល​ប្រើ​សំឡី​អនាម័យ​ប្លា​ស្ទិ​ក ដែល​លក់​តាម​ទីផ្សារ​។ មិន​ត្រឹមតែ​ច្នៃ​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​នោះទេ សុវណ្ណ​វ​ត្តី ក៏បាន​ផលិត​វា​សម្រាប់​លក់​ផងដែរ ក្រោម​ស្លាក Green lady Cambodia​។  ក្រៅពីនេះ យុវតី​វ័យ​២៥​ឆ្នាំ​រូបនេះ ក៏​ឆ្លៀត​បង្រៀន​យុវតី និង​ស្ត្រី ពី​របៀប​ធ្វើ​សំឡី​អនាម័យ​កំណាត់​នេះ នៅតាម​សាលារៀន​ផងដែរ​។


 
​ក្នុង​ឆ្នាំ​២០១៦ កញ្ញា សុវណ្ណ​វ​ត្តី បាន​ទៅ​សិក្សា​ផ្នែក Eco Village Design Gaia Ashram នៅ​ប្រទេស​ថៃ រយៈពេល​៥​សប្តាហ៍ និង​បាន​រៀន​ពី​របៀប​ដេរ​កំណាត់​ធ្វើជា​សំឡី​អនាម័យ​ប្រើ​ដោយ​ខ្លួនឯង​។ សាកល្បង​ប្រើ​វាពីរ​-​បី​ខែ​ដំបូង សុវណ្ណ​វ​ត្តី កត់សម្គាល់ថា​នាង​មាន​អារម្មណ៍ល្អ​អំឡុងពេល​មាន​រដូវ មិនមាន​ប្រតិកម្ម ឬ​អាការ​ចុកពោះ​ដូច​ពេលកន្លងមក​ឡើយ​។ ការផ្លាស់ប្តូរ​នេះ ធ្វើ​ឲ្យ សុវណ្ណ​វ​ត្តី ក៏​សម្រេច​ឈប់​ប្រើ​សំឡី​អនាម័យ​ប្លា​ស្ទិ​ក ដែល​ប្រើ​បានតែ​ម្តង ហើយ​បន្ត​ប្រើ​សំឡី​អនាម័យ​កំណាត់​នេះ​រហូតមក ព្រោះ​ប្រើប្រាស់​សំឡី​អនាម័យ​កំណាត់ ហើយ​បានធ្វើ​ឲ្យ​កញ្ញា​មាន​វដ្ត​រដូវ​ល្អ​ទៀងទាត់​ល្អ និង​គ្មាន​អាការ​ចុកពោះ​ឡើយ​។ 
 
​កញ្ញា សុវណ្ណ​វ​ត្តី រៀបរាប់​ដូច្នេះ​ថា​៖«​បទពិសោធន៍​ខ្ញុំ​ផ្ទាល់​រយៈពេល​៣​ឆ្នាំ ដែល​ខ្ញុំ​ប្រើ​សំឡី​អនាម័យ​កំណាត់ និង​កែវ​មក​រដូវ​ហ្នឹង ខ្ញុំ​សង្កេតឃើញថា សុខភាព​ខ្ញុំ​ល្អ​ជាង​មុន​ច្រើន​។ ខ្ញុំ​អត់​សូវ​មានការ​រំខាន​ដល់​ស្បែក ដែលជា​ស្បែក​ខាងក្រោម​ទន់​ជាងគេ​នោះ វា​អត់​មាន​ឡើង​ពង ឡើង​កន្ទួល​ទេ​។ វដ្ត​រដូវ​ខ្ញុំ​ពីមុន​អាក់​។ ប៉ុន្តែ​ខ្ញុំ​ឥឡូវ​លែងមាន​បញ្ហា​ហ្នឹងហើយ តាំងពី​ខ្ញុំ​ប្រើប្រាស់​អាហ្នឹង រយៈពេល​២​ខែ​ដំបូង​។ ខ្ញុំ​សប្បាយចិត្ត ហើយ​ខ្ញុំ​មាន​អារម្មណ៍​ថា ខ្លួនឯង​មាន​សេរីភាព​ច្រើនជាង​មុន​»​។ 


ដើម​ កប្បាសដែល​កញ្ញា ហុក សុវណ្ណេវត្តី​ ច្នៃ​ជា​សំឡីអនាម័យក្រណាត់ រូបភាពពី​កញ្ញា ហុក សុវណ្ណវត្តី​ ស្ថាបនិក Green Lady Cambodia
 
​ក្រោយ​ប្រើប្រាស់​ខ្លួនឯង​ប្រមាណ​៣​ឆ្នាំ​រួចមក និង​បានឃើញ​ពី​គុណប្រយោជន៍​របស់​សំឡី    អនាម័យ​កំណាត់ ចំពោះ​សុខភាព និង​បរិស្ថាន​ផង​នោះ សុវណ្ណ​វ​ត្តី ក៏បាន​ផលិត​សំឡី​អនាម័យ​កំណាត់​នេះ កាន់តែច្រើន និង​បាន​បង្កើតជា​អាជីវកម្ម​មួយ ឈ្មោះថា Green Lady Cambodia នៅ​ខែកញ្ញា ឆ្នាំ​២០១៩​។ «​សម្រាប់​អតិថិជន មាន​អ្នកខ្លះ​និយាយថា វា​អាច​ផ្លាស់​ប្តូរជីវិត​គាត់ ធ្វើ​ឲ្យ​គាត់​មាន​អារម្មណ៍​ថា ស្រស់ស្រាយ សប្បាយចិត្ត និង​មាន​សេរីភាព​ជាង​មុន​។ ប៉ុន្តែ​អ្វីដែល​ខ្ញុំ​និយាយ​ហ្នឹង វា​អត់​មានការ​ស្រាវជ្រាវ​ជា​វិទ្យាសាស្ត្រ​ដើម្បី​បញ្ជាក់ថា អាហ្នឹង​ជាការ​ពិត​នោះទេ​។ វា​គ្រាន់តែ​ជា​បទពិសោធន៍​របស់​ស្ត្រី​ដែល​ប្រើប្រាស់​តែប៉ុណ្ណោះ​»​។​
 
​មិន​ត្រឹមតែ​ចង់​ឲ្យ​ស្ត្រី បាន​ប្រើប្រាស់​សំឡី​អនាម័យ​កំណាត់​ដែលមាន​គុណភាព​ល្អ​ទេ កញ្ញា សុវណ្ណ​វ​ត្តី ក៏​ជា​មនុស្ស​ម្នាក់​ដែល​គិតគូរ​ពី​បញ្ហា​បរិស្ថាន និង​ឆ្លៀតពេល​តិចតួច​បង្ហាត់បង្រៀន​ដល់​កុមារី និង​ស្ត្រី​នៅតាម​សាលារៀន​នៅ​បណ្តា​ខេត្ត​នានា​ផងដែរ អំពី​វិធី​ធ្វើ និង​ដេរ​កំណាត់​ជា​សំឡី​អនាម័យ​ស្ត្រី​នេះ​៕


កញ្ញា ហុក សុវណ្ណវត្តី កំពុងតែ​បង្ហាត់បង្រៀនពី​វិធី​ដេរក្រណាត់សម្រាប់​ធ្វើ​សំឡីអនាម័យ​ស្ត្រី ដល់កុមារី នៅតាមសាលារៀន


សកម្មភាព​ដេរក្រណាត់​សម្រាប់ធ្វើ​សំឡីអនាម័យ​ក្រណាត់ របស់កញ្ញា ហុក សុវណ្ណវត្តី


សំឡីអនាម័យ​​ក្រណាត់​​របស់​កញ្ញា ហុក​ សុវណ្ណវត្តីដែល​បាន​ផលិត​ឡើងសម្រាប់​លក់​ឲ្យ​ស្ត្រី​​បាន​ប្រើប្រាស់ដោយមាន​ភាពជឿជាក់ និង​ធានា​ដល់សុខភាព​ស្ត្រី​ពេល​មក​រដូវ


Tag:
 សំឡី​អនាម័យ​
 ​កំណាត់​
 ​ស្ត្រី​
 ​សុខភាព​
 ​ហុក សុវណ្ណ​វ​ត្តី
© រក្សាសិទ្ធិដោយ thmeythmey.com