ជាតិ
សង្គមជាតិ
មានបញ្ហាសុខភាពពេលមករដូវ សុវណ្ណវត្តី ផលិតសំឡីអនាម័យកំណាត់ប្រើខ្លួនឯងផង និងដាក់លក់ផង 
កញ្ញា ហុក សុវណ្ណវត្តី សា្ថបនិក Green Lady Cambodia
×![]()
ភ្នំពេញ៖ កញ្ញា ហុក សុវណ្ណវត្តី បានងាកមកប្រើប្រាស់សំឡីអនាម័យកំណាត់ដែលច្នៃពី កប្បាស រយៈពេល៣ឆ្នាំមកហើយ ដោយសារតែនាងមានប្រតិកម្មនៅពេលប្រើសំឡីអនាម័យប្លាស្ទិក ដែលលក់តាមទីផ្សារ។ មិនត្រឹមតែច្នៃសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួននោះទេ សុវណ្ណវត្តី ក៏បានផលិតវាសម្រាប់លក់ផងដែរ ក្រោមស្លាក Green lady Cambodia។ ក្រៅពីនេះ យុវតីវ័យ២៥ឆ្នាំរូបនេះ ក៏ឆ្លៀតបង្រៀនយុវតី និងស្ត្រី ពីរបៀបធ្វើសំឡីអនាម័យកំណាត់នេះ នៅតាមសាលារៀនផងដែរ។
ក្នុងឆ្នាំ២០១៦ កញ្ញា សុវណ្ណវត្តី បានទៅសិក្សាផ្នែក Eco Village Design Gaia Ashram នៅប្រទេសថៃ រយៈពេល៥សប្តាហ៍ និងបានរៀនពីរបៀបដេរកំណាត់ធ្វើជាសំឡីអនាម័យប្រើដោយខ្លួនឯង។ សាកល្បងប្រើវាពីរ-បីខែដំបូង សុវណ្ណវត្តី កត់សម្គាល់ថានាងមានអារម្មណ៍ល្អអំឡុងពេលមានរដូវ មិនមានប្រតិកម្ម ឬអាការចុកពោះដូចពេលកន្លងមកឡើយ។ ការផ្លាស់ប្តូរនេះ ធ្វើឲ្យ សុវណ្ណវត្តី ក៏សម្រេចឈប់ប្រើសំឡីអនាម័យប្លាស្ទិក ដែលប្រើបានតែម្តង ហើយបន្តប្រើសំឡីអនាម័យកំណាត់នេះរហូតមក ព្រោះប្រើប្រាស់សំឡីអនាម័យកំណាត់ ហើយបានធ្វើឲ្យកញ្ញាមានវដ្តរដូវល្អទៀងទាត់ល្អ និងគ្មានអាការចុកពោះឡើយ។
កញ្ញា សុវណ្ណវត្តី រៀបរាប់ដូច្នេះថា៖«បទពិសោធន៍ខ្ញុំផ្ទាល់រយៈពេល៣ឆ្នាំ ដែលខ្ញុំប្រើសំឡីអនាម័យកំណាត់ និងកែវមករដូវហ្នឹង ខ្ញុំសង្កេតឃើញថា សុខភាពខ្ញុំល្អជាងមុនច្រើន។ ខ្ញុំអត់សូវមានការរំខានដល់ស្បែក ដែលជាស្បែកខាងក្រោមទន់ជាងគេនោះ វាអត់មានឡើងពង ឡើងកន្ទួលទេ។ វដ្តរដូវខ្ញុំពីមុនអាក់។ ប៉ុន្តែខ្ញុំឥឡូវលែងមានបញ្ហាហ្នឹងហើយ តាំងពីខ្ញុំប្រើប្រាស់អាហ្នឹង រយៈពេល២ខែដំបូង។ ខ្ញុំសប្បាយចិត្ត ហើយខ្ញុំមានអារម្មណ៍ថា ខ្លួនឯងមានសេរីភាពច្រើនជាងមុន»។
ដើម កប្បាសដែលកញ្ញា ហុក សុវណ្ណេវត្តី ច្នៃជាសំឡីអនាម័យក្រណាត់ រូបភាពពីកញ្ញា ហុក សុវណ្ណវត្តី ស្ថាបនិក Green Lady Cambodia
ក្រោយប្រើប្រាស់ខ្លួនឯងប្រមាណ៣ឆ្នាំរួចមក និងបានឃើញពីគុណប្រយោជន៍របស់សំឡី អនាម័យកំណាត់ ចំពោះសុខភាព និងបរិស្ថានផងនោះ សុវណ្ណវត្តី ក៏បានផលិតសំឡីអនាម័យកំណាត់នេះ កាន់តែច្រើន និងបានបង្កើតជាអាជីវកម្មមួយ ឈ្មោះថា Green Lady Cambodia នៅខែកញ្ញា ឆ្នាំ២០១៩។ «សម្រាប់អតិថិជន មានអ្នកខ្លះនិយាយថា វាអាចផ្លាស់ប្តូរជីវិតគាត់ ធ្វើឲ្យគាត់មានអារម្មណ៍ថា ស្រស់ស្រាយ សប្បាយចិត្ត និងមានសេរីភាពជាងមុន។ ប៉ុន្តែអ្វីដែលខ្ញុំនិយាយហ្នឹង វាអត់មានការស្រាវជ្រាវជាវិទ្យាសាស្ត្រដើម្បីបញ្ជាក់ថា អាហ្នឹងជាការពិតនោះទេ។ វាគ្រាន់តែជាបទពិសោធន៍របស់ស្ត្រីដែលប្រើប្រាស់តែប៉ុណ្ណោះ»។
មិនត្រឹមតែចង់ឲ្យស្ត្រី បានប្រើប្រាស់សំឡីអនាម័យកំណាត់ដែលមានគុណភាពល្អទេ កញ្ញា សុវណ្ណវត្តី ក៏ជាមនុស្សម្នាក់ដែលគិតគូរពីបញ្ហាបរិស្ថាន និងឆ្លៀតពេលតិចតួចបង្ហាត់បង្រៀនដល់កុមារី និងស្ត្រីនៅតាមសាលារៀននៅបណ្តាខេត្តនានាផងដែរ អំពីវិធីធ្វើ និងដេរកំណាត់ជាសំឡីអនាម័យស្ត្រីនេះ៕

កញ្ញា ហុក សុវណ្ណវត្តី កំពុងតែបង្ហាត់បង្រៀនពីវិធីដេរក្រណាត់សម្រាប់ធ្វើសំឡីអនាម័យស្ត្រី ដល់កុមារី នៅតាមសាលារៀន

សកម្មភាពដេរក្រណាត់សម្រាប់ធ្វើសំឡីអនាម័យក្រណាត់ របស់កញ្ញា ហុក សុវណ្ណវត្តី

សំឡីអនាម័យក្រណាត់របស់កញ្ញា ហុក សុវណ្ណវត្តីដែលបានផលិតឡើងសម្រាប់លក់ឲ្យស្ត្រីបានប្រើប្រាស់ដោយមានភាពជឿជាក់ និងធានាដល់សុខភាពស្ត្រីពេលមករដូវ
Tag:
សំឡីអនាម័យ
កំណាត់
ស្ត្រី
សុខភាព
ហុក សុវណ្ណវត្តី
© រក្សាសិទ្ធិដោយ thmeythmey.com