ជាតិ
ត្រី​កញ្ចុះថ្ម មាន​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ក្រោម ជាពិសេស​ទន្លេសេកុង​
08, Mar 2020 , 7:29 pm        
រូបភាព
​ត្រី​គ្រុំ​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល
​ត្រី​គ្រុំ​។ រូបភាព​៖ សៀវភៅ​មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា របស់​វិទ្យាស្ថាន​ស្រាវជ្រាវ និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប នៃ​រដ្ឋបាល​ជលផល
ដោយ:
​គម្រោង​អច្ឆរិយ​ភាព​នៃ​ទន្លេមេគង្គ (Wonders of the Mekong) សូម​ណែនាំ​ត្រី​ឥត​ស្រកា​មួយ​ប្រភេទ ដែលជា​ប្រភេទ​ត្រី​ទឹកសាប មាន​រស់នៅក្នុង​អាង​ទន្លេមេគង្គ​ក្រោម ទន្លេ​មេ​ក្លង ទន្លេ​ចៅ​ប្រា​យ៉ា ប្រព័ន្ធ​ទន្លេ​នៅ​សងខាង​ជម្រាល​នៃ​ឧបទ្វីប​ម៉ា​ឡេ និង​នៅតាម​បណ្តោយ​ឆ្នេរសមុទ្រ​នា​ភាគ​អាគ្នេយ៍​ក្នុងប្រទេស​ថៃ​ជាដើម​។ នៅក្នុង​ប្រទេស​កម្ពុជា ត្រី​កញ្ចុះថ្ម មាន​រស់នៅក្នុង​ទន្លេសេកុង​។​

 
​ត្រី​កញ្ចុះថ្ម មានឈ្មោះ​វិទ្យាសាស្ត្រ (Pseudomystus siamensis) និង​ឈ្មោះ​ជា​ភាសា​អង់គ្លេស Asian bumblebee catfish មាន​ប្រវែង​ដងខ្លួន​អតិបរមា ១៥​ស​.​ម​។ វា​ពង​-​កូន អំឡុងពេល​រដូវវស្សា​ចាប់ផ្តើម​ចូលមក​ដល់ ដោយ​យើង​អាច​ឃើញ​កូនតូចៗ របស់​វា ជាប់​មង​របស់​អ្នកនេសាទ​នៅក្នុង​ខែឧសភា​។ ត្រី​កញ្ចុះថ្ម ស៊ី​កូនតូចៗ របស់​វារិ​សត្វ ព្រមទាំង​កន្ទុំរុយ​ផងដែរ​ជា​អាហារ​។ ត្រី​កញ្ចុះថ្ម ត្រូវបាន​ក្រុម​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ចូលក្នុង​បញ្ជី​ក្រហម IUCN Red List (Least Concern) ក្នុង​ឆ្នាំ ២០១២ ជា​ប្រភេទ​ត្រី​ដែល​រងគ្រោះ​តិចតួច ដែល​នឹង​អាច​ឈានទៅ​ផុត​ពូជ​។ 
​លក្ខណៈ​សម្គាល់​៖  ធ្មុង​ព្រុយ​ខ្នង​មាន​ចំនួន ១​។ ទ្រនុង​ទន់​ព្រុយ​ខ្នង​មាន​ចំនួន ៧​។ ទ្រនុង​ទន់​ព្រុយ​គូទ ១៦-១៧​។ មាន​អង្កត់​ឆ្នូត​បញ្ឆិត​ពណ៌​លឿង ទៅ​ពណ៌​ប្រផេះ​នៅលើ​ដងខ្លួន​។ 
 
​បញ្ហា​ប្រឈម​ចំពោះ​ត្រី​ប្រភេទ​នេះ មានដូចជា​៖ មិនត្រូវ​បាន​គេ​ដឹង​ឡើយ​។ ប៉ុន្តែ​ការប្រែប្រួល​អាកាសធាតុ ការប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ជាពិសេស​ការប្រើ​ឧបករណ៍​ឆក់​ក្តៅ ឆក់​ត្រជាក់ ដែលជា​ឧបករណ៍​នេសាទ​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​មច្ឆជាតិ សុទ្ធតែជា​បញ្ហា​ប្រឈម​ដល់​កំណើត​មច្ឆជាតិ​ទូទៅ​។ ទៅ​ថ្ងៃ​អនាគត ប្រភេទ​ត្រី​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា អាច​នឹង​ឈានទៅ​ផុត​ពូជ បើ​ពុំមាន​ការចូលរួម​ពី​មជ្ឈដ្ឋាន​ទូទៅ ដើម្បី​ថែរក្សា​ការពារ​ធនធាន​មច្ឆជាតិ​ស្រុក​យើងទាំងអស់គ្នា​ទេនោះ​។​
 
​ប្រភព​៖ មគ្គុទ្ទេសក៍ ស្តីពី​ប្រភេទ​ត្រី​រស់នៅក្នុង​ដែនទឹក​សាប នៃ​ប្រទេស​កម្ពុជា​, fishbase.org និង iucnredlist.org ៕

© រក្សាសិទ្ធិដោយ thmeythmey.com