COVID-19
អត្ថបទពាណិជ្ជកម្ម
ផ្ទុយ​ពី​ជន​ឱកាសនិយម​មួយចំនួន អ្នកស្រី នុត សម្ផស្ស បាន​ចូ​ល​រួមចំណែក​សកម្មភាព​មនុ​ស្ស​ធម៌ ដោយ​ចែក​ទឹក​លាងដៃ​សម្លាប់​មេរោគ​ជាង​៥​ពាន់​ដប ដល់​ពលរដ្ឋ​មិន​គិតថ្លៃ
08, Mar 2020 , 4:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖  អ្នកស្រី នុត សម្ផស្ស បាន​ផលិត​ទឹក​លាងដៃ​សម្លាប់​មេរោគ​ដែលមាន​គុណភាព ចែកជូន​ដល់​ប្រជាពលរដ្ឋ​ក្នុងស្រុក ចំនួន​ជាង​៥,០០០​ដប ដោយ​មិន​គិតថ្លៃ​។ ការផ្តល់ជូន​នូវ​ទឹក​លាងដៃ​នេះ គឺធ្វើឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​អនាម័យ​សុខភាព​សាធារណៈ និង​សាមគ្គីភាព​សង្គម ក្នុងការ​បង្ការ​ឬ​ទប់ស្កាត់​នៃ​ការឆ្លង​មេរោគ​នានា ពិសេស​មេរោគ​COVID-19​។ នេះ​ជាការ​លើកឡើង​របស់​អ្នកស្រី សម្ផស្ស  ដែលជា​សហគ្រិន និង​ជា​ស្ថាបនិក នៃ​រោងចក្រ​ផលិត​សាប៊ូ​OKA គ្រប់​ប្រភេទ​ក្នុងស្រុក​។​
 
​ការរីក​រាលដាល​នៃ​មេរោគ COVID-19 ក្នុង​ពិភពលោក បាន​បង្កើតឱ្យមាន​រូប​ភាព​នៃ​ការធ្វើ​អាជីវកម្ម​ក្នុងស្រុក​មួយចំនួន ប្រាសចាក​ពី​គុណធម៌ និង​ភាព​ទទួលខុសត្រូវ​ក្នុងសង្គម ដើម្បី​ទទួល​នូវ​ប្រាក់ចំណេញ​ខ្ពស់​ណាមួយ នៃ​ផលិតផល​របស់ខ្លួន​។ ស្រប​ពេលដែល​កម្ពុជា​កំពុង​ប្រឈម​នៃ​ការរីក​រាល​នូវ​មេរោគ​COVID-19 ដ៏​សាហាវ​នេះ ផលិតផល និង​សម្ភារ​សម្រាប់​ទប់ស្កាត់ និង​បង្ការ នៃ​ការឆ្លង​មេរោគ​នេះ ដូចជា​ម៉ាស និង​ទឹក​លាងដៃ​សម្លាប់​មេរោគ ដែល​ដាក់​នៅលើ​ទីផ្សារ ត្រូវបាន​អាជីវករ​មួយចំនួន​ដំឡើងថ្លៃ​លើស​ទ្វេដង នៃ​តម្លៃ​ធម្មតា ដែល​ធ្វើ​ពលរដ្ឋ​មួយចំនួន គ្មាន​លទ្ធភាព​ទិញ​សម្ភារ​ទាំងនោះ ឬ​ចំណាយ​ខ្ពស់​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។​
 
​ដោយ​មើលឃើញ​បញ្ហា​នៃ​ការបង្កើត​រូបភាព​បែបនេះ អ្នកស្រី នុត សម្ផស្ស បាន​បង្កើត​ទឹក​លាងដៃ​សម្លាប់​មេរោគ​ដែលមាន​គុណភាព និង​ស្តង់ដារ ដើម្បី​ការពារ​នៃ​ការឆ្លង​មេរោគ​ថ្មី​នេះ ជូន​ដល់​ប្រជាពលរដ្ឋ ពិសេស​សិស្សានុសិស្ស​នៅ​សាលារៀន កុមារកំព្រា និង​កុមា​រគរ​-​ថ្លង់ នៅតាម​មណ្ឌល​នានា​ឥតគិតថ្លៃ អស់​ចំនួន​ជាង​៥,០០០​ដប ហើយ​។ 


 
​ស្ថាបនិក​រោងចក្រ​អិ​ល​អេស​វី ដែល​បង្កើត​នូវ​ផលិតផល​សាប៊ូ OKA គ្រប់​ប្រភេទ​រូបនេះ បាន​មានប្រសាសន៍ថា សម្រាប់​អាជីវករ​គ្រប់រូប ថ្វី​ដ្បិត​ធ្វើ​អាជីវកម្ម​ផ្សេងៗ​ពីគ្នា​ក៏ពិតមែន ប៉ុន្តែ​គ្រប់រូប​ភាព​នៃ​ការធ្វើ​អាជីវកម្ម​ទាំងនោះ មាន​គោលបំណង​រួមគ្នា​តែមួយគត់ គឺ​ស្វែងរក​នូវ​ប្រាក់ចំណេញ​អតិប្បរិមា​ពី​អាជីវ​កម្មរៀងៗ​ខ្លួន​។ ប៉ុន្តែ​អាជីវករ ដែល​យក​បញ្ហា​សង្គម​មក​ធ្វើជា​ឱកាស​នៃ​អាជីវកម្ម​នានា ដើម្បី​រកប្រាក់​ចំណេញ​នោះ គឺ​ត្រឹមតែ​ជា​អ្នក​គ្មាន​ទំនួល​ខុសត្រូវ​ក្នុងសង្គម​ទេ តែ​ថែមទាំង​ជា​អ្នកបង្កើត​ភាព​អគុណ​ធម៌​ក្នុងសង្គម​ទៀត​។​
 
​នាយិកា​នៃ​ក្រុមហ៊ុន OKA វ័យ​ជាង​៤០​ឆ្នាំ​រូបនេះ បាន​បន្ត​និយាយ​ដោយ​សង្កត់ធ្ងន់​យ៉ាង​ដូច្នេះ​៖ «​បើ​យើង​មិនបាន​ធ្វើ​អ្វី​ជួយ​ដល់​សង្គម​ពេល​មាន​បញ្ហា សូម​យើង​កុំ​បង្កើត​បញ្ហា​បន្ថែម​ដល់​សង្គម​»​។ បើតាម​អ្នកស្រី សម្ផស្ស ក្នុង​បរិបទ​ដែល​កម្ពុជា កំពុង​ខ្វះ​សម្ភារ​បង្ហារ និង​ទប់ស្កាត់​នៃ​មេរោគ​COVID-19​នេះ ការផលិត​បាន​នូវ​ទឹក​លាងដៃ​សម្លាប់​មេរោគ​របស់​ក្រុមហ៊ុន​អ្នកស្រី គឺ​ឱកាស​មាសប្រាក់ នៃ​ទទួលបាន​ប្រាក់ចំណេញ​ដ៏​ច្រើន ដោយ​យក​ផលិតផល​ដែល​ផលិត​បាន​នោះ​ដាក់លក់​នៅលើ​ទីផ្សារ ជាមួយនឹង​តម្លៃ​ទ្វេដង​។ អ្នកស្រី បានបញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ផលិត និង​ចែកចាយ​ទឹក​លាងដៃ​ជាង​៥​ពាន់​ដប ដែលមាន​ចំណុះ ៦០​មី​លី​លីត្រ ដោយ​ឥត​ទទួលបាន​កម្រៃ​មកវិញ​សូម្បី​តែមួយ​សេន​នេះ បើ​ខ្ញុំ​សម្រេច​ដាក់លក់​ទឹក​លាងដៃ​នោះ នៅ​ទីផ្សារ​បច្ចុប្បន្ន​វិញ ដោយ​គិត​ត្រឹម​តម្លៃ​ទាប​បំផុត​៣​ដុល្លារ​ក្នុង​មួយ​ដប  ក៏​ខ្ញុំ​ទទួលបាន​ប្រាក់​១៥,០០០​ដុល្លារ​ដែរ​។ 
 
​លើសពីនេះទៅទៀត អ្នកស្រី នុត សម្ផស្ស មាន​ឆន្ទៈ​ក្នុងការ​ផលិត​ទឹក​លាងដៃ​សម្លាប់​មេរោគ ចែកជូន​ដល់​ពលរដ្ឋ​ខ្មែរ​បន្ថែមទៀត សម្រាប់​ការបង្ការ​ខ្លួន​ពី​មេរោគ​COVID-19 ដែល​កំពុង​រាតត្បាត​នេះ​។ ជាមួយនឹង​គ្នា​នេះ អ្នកស្រី​ក៏​ផ្តល់ឱកាស និង​លើកទឹកចិត្ត​ដល់​សហគ្រិន​និង​អ្នកមាន​ទ្រព្យធន​នានា ដែល​បំណង​ឱ្យ​ក្រុមហ៊ុន​OKA​ផលិត​ទឹក​លាងដៃ​ដែលមាន​គុណភាព​សម្រាប់​កម្មវិធី​មនុស្ស​ក្នុងសង្គម ក្រុមហ៊ុន​OKA នឹង​ជួយ​ផលិត​ដោយ​ឥតគិតថ្លៃ​លើ​សេវា​ផលិត​ឡើយ ដើម្បី​រួមគ្នា​ដោះស្រាយ និង​ទប់ស្កាត់​បញ្ហា​សង្គម ដែល​បង្កឡើង​ដោយ​COVID-19​នេះ​៕







Tag:
 មេរោគ​
  ទឹក​លាងដៃ​
  COVID-19
  នុត សម្ផស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com