ជាតិ
«ស្ពានទ័ព» មានអាយុរាប់រយឆ្នាំ ឈរលាក់ខ្លួននៅស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ
× ឧត្តរមានជ័យ៖ ស្ពានទ័ព ជាស្ពានបុរាណត្រូវបានសាងសង់ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣។ បច្ចុប្បន្នស្ពានទ័ព មានទីតាំងស្ថិតនៅក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលឈរលាក់ខ្លួនយ៉ាងរឹងមាំសម្រាប់ពលរដ្ឋធ្វើដំណើរឆ្លងកាត់។
សូមអញ្ជើញទស្សនាវីដេអូទិដ្ឋភាពស្ពានទ័ពនាស្រុកចុងកាល ខេត្តឧត្តរមានជ័យដូចតទៅ៖
ស្ពានទ័ព មានចម្ងាយប្រហែល ៨០០ម៉ែត្រ ពីប្រាសាទព្រហ្មកិល និងមានចម្ងាយ ៣២គីឡូម៉ែត្រ ពីទីរួមខេត្តឧត្តរមានជ័យ។ ស្ពានបុរាណនេះ ជាស្ពានដែលមានប្រវែងវែងជាងគេនៅក្នុងសម័យនោះ ដោយមានបណ្តោយប្រវែង ១៥០ម៉ែត្រ កម្ពស់១០ម៉ែត្រ និងទទឹង ១៦,៤០ម៉ែត្រ សង់ពីថ្មភក់ និងលាយថ្មបាយក្រៀម ដែលលាតសន្ធឹងពីជើងទៅត្បូង និងមានប្រហោងទ្វារស្ពានចំនួន២៨។
ទោះមានអាយុកាលរាប់រយឆ្នាំក៏ដោយ ស្ពានបុរាណមួយនេះ នៅតែមានសភាពរឹងមាំ សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។ ស្ពានទ័ព ក៏ជាកន្លែងដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត និងស្វែងយល់ផងដែរ។ នៅពេលរដូវប្រាំង ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចដើរចុះទៅខាងក្រោម ដើម្បីទស្សនាផ្នែកខាងក្រោមរបស់ស្ពាន។ រចនាប័ទ្ម និងរូបស្ពានបុរាណមួយនេះ មានលក្ខណៈដូចនឹងស្ពានកំពង់ក្ដី ដែលស្ថិតនៅខេត្តសៀមរាប៕
© រក្សាសិទ្ធិដោយ thmeythmey.com