ជាតិ
កសិករ​ច្រឹង យុទ្ធ ក្លាយជា​ម្ចាស់​ជ័យលាភី​លេខ​១«​បន្លែ​សុវត្ថិភាព​» តំណាងឱ្យ​ខេត្តស្វាយរៀង​
08, Mar 2020 , 9:59 pm        
រូបភាព
​អ្នកស្រី ច្រឹង យុទ្ធ អ្នក​ដាំ​បន្លែ​សុវត្ថិភាព ក្នុង​ខេត្តស្វាយរៀង ទទួលបាន​ជ័យលាភី​លេខ​មួយ ពី​ការប្រកួតប្រជែង​«​បន្លែ​សុវត្ថិភាព​ក្នុងស្រុក​»  ក្នុងចំណោម​កសិករ​ជាង​១០០​នាក់ មកពី​រាជធានី​-​ខេត្ត​ចំនួន​១៥ ដែល​បាន​ចូលរួម​ការប្រកួត​នេះ​។  កសិករ​រូបនេះ បាន​លើកឡើងថា ការទទួលបាន​ជ័យលាភី​នេះ គឺជា​លើក​ចិត្ត​ដ៏​ធំ​សម្រាប់​អ្នកស្រី ក៏​ដូច​ប្រជាកសិករ​ឯទៀត​ក្នុងការ​ផលិត​ឬ​ដាំំ​បន្លែ​ដែលមាន​គុណភាព និង​សុវត្ថិភាព ដល់​អ្នក​ទទួលទាន​។​

 
​ក្នុង​ពិធី​ប្រកួត​បន្លែ​ក្នុងស្រុក ដែល​ធ្វើឡើង​នៅ​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង កាលពី​ព្រឹក​ថ្ងៃទី​៦​មីនា ២០២០ មាន​ពោល​ពេញ​ទៅដោយ​បន្លែ​ពណ៌​បៃតង​ស្រស់​គ្រប់មុខ រួម​ជាមួយនឹង​ការរៀបចំ​ទុកដាក់ និង​មាន​ក្រដាស​សរសេរ​ឈ្មោះ​បន្លែ​នីមួយៗ​មកពី​សហគមន៍​នានា ដាក់​នៅក្នុង​កញ្ច្រែង​ឬ​ស្សី​ជា​ជួរ​នៅលើ​តុ ដែល​រៀបចំឡើង​នៅមុខ​កម្មវិធី​ប្រកួត​បន្លែ​ក្នុងស្រុក​នោះ​តែម្តង​។   ក្នុងចំណោម​បន្លែ​សុវត្ថិភាព និង​ធម្មជាតិ​ជាច្រើន​មុខ​នោះ អ្នកស្រី ច្រឹង យុទ្ធ បាន​យក​បន្លែ​ក្នុង​សហគមន៍​របស់ខ្លួន​ជិត​១០​មុខ​ដូចជា ឃ្លោក ត្រឡាច ម្រះ ត្រប់ តាសក់ និង​ស្ពៃ​ជាដើម ដែល​វេច​ខ្ចប់​ដោយ​ស្លឹកចេក មក​ដាក់​ប្រកួត​ជាមួយ​បន្លែ​មកពី​សហគមន៍​ផ្សេងៗ​។ 
 
​បន្លែ​សុវត្ថិភាព​របស់​អ្នកស្រី ច្រឹង យុទ្ធ ដែលមាន​បិទ​ស្លាក​សម្គាល់​សហគម​ន៍ក​សិ​កម្ម​កម្ពុជា សង្គហៈ​កសិករ​សំ​យ៉ោ​ង  ត្រូវបាន​គណៈកម្មការ​វាយតម្លៃ​នៃ​ការប្រកួត​បន្លែ​ក្នុងស្រុក​នេះ ប្រកាស​ជា​បន្លែ​សុវត្ថិភាព​ដែល​ការរៀបចំ និង​ដាក់​ទុក​បានល្អ​ត្រឹមត្រូវ​ជាងគេ ដោយ​ទទួលបាន​ជ័យលាភី​លេខ​មួយ​ក្នុង​កម្មវិធី​នេះ​។​


អ្នកស្រី ច្រឹង យុទ្ធ កសិករទទួលបានជ័យលាភីលេខនៃការប្រកួតបន្លែសុវត្ថិភាពក្នុងស្រុក នៅខេត្តស្វាយរៀង។​
 
​កសិករ​វ័យ​៥១​ឆ្នាំ​រូបនេះ បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន ThmeyThmey25 ទាំង​ក្តីរំភើប លាយឡំ​ជាមួយនឹង​ភាពសប្បាយ​រីករាយ ដូច្នេះ​«​ការទទួលបាន​ជ័យលាភី​លេខ​១​នេះ គឺ​ធ្វើឱ្យ​រូបខ្ញុំ​ក្នុងនាម​ជា​កសិករ ក៏ដូចជា​តំណាងឱ្យ​សហគមន៍​នាង​ខ្ញុំ  គឺមាន​ក្តីបារម្ភ​ជាខ្លាំង ហើយ​វា​ក៏​ជា​ការលើក​ចិត្ត​មួយ​សម្រាប់​យើងខ្ញុំ​ដើម្បី​នាំគ្នា​ផលិត​នូវ​បន្លែ​សុវត្ថិភាព​បន្ថែម ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ ក្នុងស្រុក នៅក្រៅ​ស្រុក​»​។ 
 
​លោក  អាំង គឹម​សៀង តំណាង​អង្គការ​GRET ដែលជា​គណៈកម្មការ​មួយរូប ក្នុងចំណោម​គណៈកម្មកា​រទាំង​ប្រាំ​រូប​នៃ​ពិធី​ប្រកួត​«​បន្លែ​សុវត្ថិភាព​ក្នុងស្រុក​»​នេះ បាន​និយាយថា ការវាយតម្លៃ​ឬ​ដាក់ពិន្ទុ​ទៅលើ​បន្លែ​នីមួយ​ក្នុងការ​ប្រកួត​នេះ គឺ​ផ្តោត​សំខាន់​លើ​ភាព​លាង​សម្អាត​ល្អ​នៃ​បន្លែ​បន្ទាប់ពី​កសិករ​ប្រមូល រូបភាព​ឬ​គុណភាព​ខាងក្រៅ​នៃ​បន្លែ ជា​ប្រភេទ​បន្លែ​ដែលមាន​ជា​តម្រូវការ​ទីផ្សារ  និង​មនា​ការ​វេច​ខ្ចប់​ល្អ​ត្រឹមត្រូវ​។ 


លោក អាំង គឹមសៀង មន្ត្រីកសិកម្មនៃអង្គការ GRET
 
​លោក គឹម​សៀង បន្ត​ពន្យល់​ដូច្នេះ ថ្វី​ដ្បិត​បន្លែ​របស់​កសិករ​ជា​បន្លែ​សុវត្ថិភាព​ដែលមាន​គុណភាព​សម្រាប់​អ្នក​ទទួលទាន ប៉ុន្តែ​បើ​កសិករ​មិនចេះ​រៀបចំ​បន្លែ​របស់ខ្លួន​នៃ​រូបរាង​ខាងក្រៅ​ឱ្យ​ល្អ​ត្រឹមត្រូវ ដូច​ជាមាន​ស្នាម​ជាំ  រលាក និង​វេច​ខ្ចប់ ដែលជា​ចំណុច​ខ្វះខាត​មួយ​សម្រាប់​អ្នកទិញ​ផងដែរ​។ ដោយឡែក ប្រភេទ​បន្លែ​ដាំ​សម្រាប់​លក់​លើ​ទីផ្សារ កសិករ​ត្រូវ​ស្វែងយល់​ពី​តម្រូវការ​អ្នកប្រើប្រាស់​នៅលើ​ទីផ្សារ ថា​បន្លែ​ប្រភេទ​បន្លែ​ដែល​គេ​និយម​ទិញ ដោយ​មិនត្រូវ​ដាំ​បន្លែ​ទៅតាម​ចិត្ត​របស់ខ្លួន​ឡើយ​។​


លោក សុខ សុថា ប្រធានស្ថាបនិក និងជានាយកប្រតិបត្តិនៃសមាគមសហព័ន្ធកសិករកម្ពុជានៃអ្នកផលិតកសិកម្ម (សសកជ)  ។
 
​ជាមួយគ្នានេះ លោក សុខ សុថា ប្រធាន​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​នៃ​សមាគម​សហព័ន្ធ​កសិករ​កម្ពុជា​នៃ​អ្នក​ផលិត​កសិកម្ម (​សស​កជ​)  បាន​លើកឡើងថា ពិធី​ប្រកួត​បន្លែ​សុវត្ថិភាព ក្នុងស្រុក​នេះ គឺមាន​មែន​ជាការ​ប្រកួត​គ្នា​ចាញ់​-​ឈ្នះ អ្វី​ឡើយ រវាង​កសិករ​និង​កសិករ​។ លោក សុខ សុថា បានបញ្ជាក់​ដូច្នេះ កម្មវិធី​នេះ​ធ្វើឡើង​គឺ​ដើម្បី​ជំរុញ និង​លើកទឹកចិត្ត​ដល់​ក្រុម​កសិករ​ខ្នាតតូច ក្នុងការ​បង្កើន​នៃ​ការផលិត​បន្លែ​ដែលមាន​សុវត្ថិភាព និង​គុណភាព​បន្ថែមទៀត សម្រាប់​ផ្គត់ផ្គង់​តម្រូវការ​ទីផ្សារ​ក្នុងស្រុក​។ ពិសេស​គឺ​ផ្សារភ្ជាប់​ទំនាក់ទំនង​គ្នា​រវាង​កសិករ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ  រវាង​អ្នក​ផលិត ជាមួយ​អ្នកទិញ​។ និយាយ​ជារួម គឺ​ភ្ជាប់​ទំនាក់​ទំនងជា​ប្រព័ន្ធ ដោយមាន​អាជ្ញាធរ​ពាក់ព័ន្ធ អ្នកបច្ចេកទេស​កសិក​ម្ម អ្នក​ផលិត​បន្លែ និង​អ្នកទិញ​។​


បន្លែសុវត្ថិភាពនានា ដែលកសិករ យកមកប្រកួត។
 
​កម្ម​ពិធី​ប្រកួត «​បន្លែ​ក្នុងស្រុក​» គឺជា​កម្មវិធី​នៃ​ឆ្នាំ​ដំបូង​ដែល​សមាគម​សហព័ន្ធ​កសិករ​កម្ពុជា​នៃ​អ្នក​ផលិត​កសិកម្ម និង​ដៃគូ​នានា រួមគ្នា​រៀបចំឡើង ដោយ​លោក​នឹង​ព្យាយាម​រៀបចំ​កម្មវិធី​នេះ​ឱ្យ​បានជា​រៀងរាល់ឆ្នាំ​នៅតាម​បណ្តា​ខេត្ត​នានា​ដែលមាន​សក្កា​នុព​ល​ក្នុង​ការដាំដុះ​បន្លែ ដោយ​គិត​ចាប់ពី​ឆ្នាំ​២០២០​នេះ​តទៅ​។ នេះ​បើតាម​ការបញ្ជាក់ របស់លោក សុខ សុថា​។​
 
​សូមជម្រាបថា កសិករ​ជាង​១០០​គ្រួសារ​មកពី​រាជធានី​-​ខេត្ត​ទាំង​១៥ ដែល​ចូលរួម​ប្រកួត «​បន្លែ​ក្នុងស្រុក​» រួមមាន ភ្នំពេញ ស្វាយរៀង កណ្តាល តាកែវ ព្រៃវែង កំពត កែប កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ  សៀមរាប បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ប៉ៃលិន និង​ខេត្តបាត់ដំបង​៕


ម្រះស្រុក សណ្តែកគួរ និងត្រកួន ស្ថិតក្នុងពិធីប្រកួតបន្លែសុវត្ថិភាពក្នុងស្រុក។


បន្លែសុវត្ថិភាពរបស់សហគមន៍នានា​

Tag:
 បន្លែ​សុវត្ថិភាព
© រក្សាសិទ្ធិដោយ thmeythmey.com