ជាតិ
សារមន្ទីរ​៣​កន្លែង​នៅ​សៀមរាប នឹង​បើក​ឱ្យ​ទេសចរ​ចូល​ទស្សនា​ឥតគិតថ្លៃ រហូតដល់​ដាច់​ឆ្នាំ​
08, Mar 2020 , 10:29 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា
រូបភាពពីទំព័រហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា
​ភ្នំពេញ​៖​សារមន្ទីរ​ចំនួន​៣ គឺ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​, សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី និង​សារមន្ទីរ​ឡ​តានី នឹង​បើក​ឲ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូល​ទស្សនា​ឥតគិតថ្លៃ ចាប់ពី ថ្ងៃទី​៩​មីនា​នេះ រហូតដល់​ដាច់​ឆ្នាំ​២០២០ ។ បើតាម ឡុង កុសល អាជ្ញា​រធរ​ជាតិ​អប្សរា ការរៀប​ចំនេះ គឺ​ដើម្បី​សាទរ​ខួប​២៥​ឆ្នាំ​នៃ​ការបង្កើត​អាជ្ញា​រធរ​ជាតិ​អប្សរា​ផង និង​ក្នុងន័យ​ទាក់ទាញ​ទេសចរ​ឲ្យ​បាន​កាន់តែច្រើន​ផង​។​


 
​លោក ឡុង កុសល បន្ថែមថា​៖«​ការបើក​ឱ្យចូល​ទស្សនា​លើ​សារមន្ទីរ​ទាំង​៣​នេះ គឺជា​ផ្នែក​មួយ​ដើម្បី​លើកកម្ពស់​វប្បធម៌ ប្រវត្តិសាស្ត្រ​ដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​»​។ 
 
​បើតាម​អ្នកនាំពាក្យ​ដដែល សារមន្ទីរ​វាយ​ន​ភណ្ឌ​ប្រពៃណី​អាស៊ី បានការ​សហការ​ជាមួយ​ឥណ្ឌា មាន​តាំង​បង្ហាញ​ផលិតផល​ប្រពៃណី រួមមាន​សម្លៀកបំពាក់​ធ្វើ​ពី​សូត្រ​របស់​ប្រទេស​ចំនួន​៦ តាម​ដង​ទ​ន្ល​មេគង្គ​ដូចជា ថៃ ឡាវ ភូមា កម្ពុជា វៀតណាម និង​ឥណ្ឌា​។ រីឯ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ ជា​សារមន្ទីរ​តាំង​បង្ហាញ នូវ​បដិមា​ដែល​កំណាយ​បាន​ពី ប្រាសាទ​នានា និង​ការ​កប់​សព សម្ភារ​ប្រើប្រាស់​ផ្សេងៗ របស់​មនុស្ស​សម័យបុរាណ​។ រីឯ​សារមន្ទីរ​ឡ​តានី ដែល​ស្ថិតនៅ​ភូមិ​តានី ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី គឺជា​កន្លែង​ផលិត​កុលាលភាជន៍ ដែល​បង្ហាញ​ឱ្យ​យើង​ដឹងថា ពី​សកម្មភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​បុព្វបុរស​។​
 
​ការចូលរួម​ទស្សនា​របស់​ភ្ញៀវទេសចរ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ក្នុងការ​ចែករំលែក​ពី​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​ខ្មែរ​។ ដូច្នេះហើយ​អ្នកនាំពាក្យ​រូបនេះ អំពាវនាវ​ឲ្យ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទាំងអស់ រួមទាំង​សិស្ស និស្សិត ចូលរួម​ទស្សនា និង​ស្វែងយល់​ផ្ទាល់ ពី​ប្រវត្តិសាស្ត្រ នៅ​សារមន្ទីរ​ទាំង​៣ នេះ​ឲ្យ​បាន​កាន់តែច្រើន​៕
 

Tag:
 អាជ្ញាធរ​ជាតិ​អប្ប​រា
© រក្សាសិទ្ធិដោយ thmeythmey.com