ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ធ្លាប់​ទទួលទាន “​កាហ្វេ​ទឹក​សណ្ដែក​” អត់​? ល្អ​ណាស់​ចំពោះ​សុខភាព​
10, Mar 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​ធ្លាប់​ទទួលទាន​កាហ្វេ​ដាក់​ទឹកដោះគោ ប៉ុន្តែ​បែប​មិនដែល​សាក​កាហ្វេ​លាយ​ទឹក​សណ្ដែក​ឡើយ​។ ថា​តើ​កាហ្វេ​ទឹក​សណ្ដែក​ល្អ​យ៉ាងណាខ្លះ​ចំពោះ​សុខភាព​?


 
​ថ្ងៃនេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​កាហ្វេ​លាយ​ទឹក​សណ្ដែក​ជំនួស​ទឹកដោះគោ ៖
 
១. វា​ជួយ​សម្រួល​និង​ជំរុញ​ដំណើរការ​នៃ​ការរំលាយ​អាហារ​
 
​នេះ​ក៏​ព្រោះតែ​ជាតិ​សរសៃ​ក្នុង​ទឹក​សណ្ដែក​ដែល​អ្នក​បាន​បន្ថែម​ក្នុង​កាហ្វេ​។ ជាតិ​សរសៃ​ចាំបាច់​ណាស់​សម្រាប់​ការរំលាយ​អាហារ​ជួយ​ទប់ស្កាត់​កាត់បន្ថយ​ហានិភ័យ​នៃ​បញ្ហា​ពិបាក​រំលាយ​អាហារ​និង​ទល់លាមក​។​
 
២. វា​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ជាតិ​សរសៃ​ក្នុង​មួយ​ពែង​នៃ​កាហ្វេ​ទឹក​សណ្ដែក​ក៏​ជួយ​គ្រប់គ្រង​បរិមាណ​ជាតិ​ស្ករ​ដែល​បញ្ចេញ​ទៅក្នុង​ឈាម​ដែល​មានន័យថា​ការ​ទទួលទាន​កាហ្វេ​លាយ​ទឹក​សណ្ដែក​អាចជួយ​ទប់ស្កាត់​បញ្ហា​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ព​ស់បាន​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​អ្នក​មិន​បន្ថែម​ស្ករ​ច្រើន​ក្នុង​កាហ្វេ​។​

៣. វា​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
​ខុសពី​ផលិតផល​ទឹកដោះគោ​ស្រស់​មួយចំនួន​ដែលមាន​ផ្ទុក​ជាតិ​ខ្លាញ់​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​ខ្ពស់ ទឹក​សណ្ដែក​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​ឆ្អែត​និង​កូ​ឡេ​ស្តេ​រ៉​ល​ឡើយ​។ អ្វីដែល​គួរឱ្យកត់សម្គាល់​នោះ គឺ​ទឹក​សណ្ដែក​មាន​ផ្ទុក​ជាតិ​សរសៃ ព្រមទាំង​អាស៊ីត​ខ្លាញ់​ល្អ monounsaturated និង polyunsaturated ដែល​ជួយ​បង្អាក់​ការដឹកជញ្ជូន​កូ​ឡេ​ស្តេ​រ៉ូ​ល​ទៅក្នុង​ឈាម​។ ដូច្នេះ​ការទទួល​ទាន​កាហ្វេ​លាយ​ទឹក​សណ្ដែក​អាចជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​បាន​យ៉ាង​ប្រសើរ​។​
 
៤. ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
 
​ក្រៅពី​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ហើយ​នោះ កាហ្វេ​ទឹកស​ណ្ដែ​ក៏​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​ដែល​ឡើង​ខ្ពស់​ផងដែរ​។ នេះ​ក៏​ព្រោះតែ​ទឹក​សណ្ដែក​ដែល​លាយ​ក្នុង​កាហ្វេ​មាន​ផ្ទុក​ជាតិ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​ទ​ប​ស្កាត់​ជំងឺលើសឈាម ឬ​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។​
 
៥. វា​ជួយ​បង្កើន​ម៉ាស​សាច់ដុំ​
 
​នេះ​ក៏​ព្រោះតែ​កាហ្វេ​ទឹក​សណ្ដែក​មាន​ផ្ទុក​ប្រូតេអ៊ីន​ដែល​ចាំបាច់​សម្រាប់​សុខភាព​សាច់ដុំ​។ ទោះបី​ទឹកដោះគោ​ដែល​ត្រូវបាន​គេ​បន្ថែម​ជាទូទៅ​ក្នុង​កាហ្វេ​ក៏មាន​ផ្ទុក​ប្រូតេអ៊ីន ប៉ុន្តែ​មិនមែន​គ្រប់គ្នា​សុទ្ធតែ​ទទួលទាន​ដោយ​គ្មាន​បញ្ហា​ឡើយ​ដោយ​អ្នកខ្លះ​ចាញ់​ឡាក់​តូ​ស​មិនអាច​ទទួលទាន​ទឹកដោះគោ​បាន​។ ដូច្នេះ​អ្នក​អាច​លាយ​ទឹក​សណ្ដែក​ក្នុង​កាហ្វេ​ជំនួស​វិញ​។​
 
៦. ជួយ​ឱ្យ​ស្រក​ទម្ងន់​

​មិន​ដូច​ទឹកដោះគោ​ឡើយ ទឹក​សណ្ដែក​ធម្មជាតិ​ដែល​អ្នក​បន្ថែម​ជំនួស​ក្នុង​កាហ្វេ​មាន​ផ្ទុក​ជាតិ​ខ្លាញ់​និង​ជាតិ​ស្ករ​ទាប​។ មួយ​ពែង​នៃ​ទឹក​សណ្ដែក​សុទ្ធ​មាន​ផ្ទុក​ត្រឹមតែ ៨០ កាឡូរី​ប៉ុណ្ណោះ​។ ទោះជា​យ៉ាងណា​ទឹក​សណ្ដែក​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​សរសៃ​ដែល​ជួយ​ឱ្យ​ឆាប់​ឆ្អែត​និង​ឆ្អែត​បានយូរ​។ លើសពីនេះទៅទៀត​អាស៊ីត​ខ្លាញ់ monounsaturated ក្នុង​ទឹក​សណ្ដែក​ជួយ​រារាំង​ការ​ស្រូប​យកជាតិ​ខ្លាញ់​នៃ​ពោះវៀន​ដែល​ផ្ដល់​អត្ថប្រយោជន៍​ជួយ​ឱ្យ​ស្រក​ទម្ងន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com