COVID-19
ជាតិ
កម្ពុជា នឹងធ្វើកំណត់ទូតទៅវៀតណាម បើសិនជាមិនដកការចុះផ្សាយពីកម្ពុជា រឿងវីរុសCOVID-19 ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម
× ភ្នំពេញ៖ កម្ពុជា នឹងធ្វើកំណត់ទូតទៅរដ្ឋាភិបាលវៀតណាម បើសិនជាប្រព័ន្ធផ្សព្វផ្សាយរបស់វៀតណាមទាំងអស់ មិនដកការចុះផ្សាយពីកម្ពុជា រឿងវីរុសCOVID-19នោះទេ។ សម្ដេច ហ៊ុន សែន អះអាងបែបនេះនៅក្នុងពិធីដាក់ឱ្យដំណើរការជាផ្លូវការផ្លូវជាតិលេខ៥៥ នៅព្រឹកថ្ងៃទី៩ មីនានេះ ។
សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទាក់ទងទៅរដ្ឋាភិបាលវៀតណាម ដើម្បីដោះស្រាយពីរឿងចុះផ្សាយពាក់ព័ន្ធនឹងបញ្ហាវីរុសកូរ៉ូណាប្រភេទថ្មី (COVID-19) នេះហើយ។ មូលហេតុសម្ដេច អាក់អន់ចិត្តជាមួយសារព័ត៌មានវៀតណាមនោះ គឺដោយសារពួកគេបានចុះផ្សាយពីរឿងជនជាតិជប៉ុនម្នាក់ ដែលផ្ទុកវីរុសCOVID-19 នេះ ពេលចាកចេញពីកម្ពុជា តាមជើងយន្តហោះវៀតណាម ឆ្ពោះទៅជប៉ុន កាលពីថ្ងៃទី៣ មីនាកន្លងមក។
ជាងនេះទៅទៀតគណៈការពារសុខភាពរបស់វៀតណាម បានណែនាំឱ្យមន្ត្រីវៀតណាម ពង្រឹងសុវត្ថិភាពនៃការចេញ-ចូល គ្រប់ជាតិសាស្ត្រទាំងអស់ ប៉ុន្តែបែរជាសារព័ត៌មាន VNA របស់វៀតណាម និងសារព័ត៌មានផ្សេងទៀត ចុះផ្សាយថា រដ្ឋាភិបាលវៀតណាម រឹតបន្តឹងចំពោះពលរដ្ឋកម្ពុជា និងអ្នកឆ្លងកាត់កម្ពុជាទៅវៀតណាមទៅវិញ។ តាមរយៈការចុះផ្សាយបែបនេះ ហាក់ដូចជាកម្ពុជា ត្រូវបានរដ្ឋាភិបាលវៀតណាម សម្រេចដាក់ចូលបញ្ជីខ្មៅតែម្ដង ដោយសារបញ្ហាវីរុសCOVID-19 ដែលផ្ទុយពីការពិត។ នេះបើតាមសម្ដេច ហ៊ុន សែន ដែលបានបដិសេធថា រាល់ការចុះផ្សាយរបស់កាសែតវៀតណាមនោះ គឺខុសពីការពិត ព្រោះខាងសុខាភិបាលជប៉ុន ដែលបានរកឃើញវីរុសCOVID-19 លើបុរសជប៉ុននោះ ក៏មិនបានបញ្ជាក់ថា គាត់ឆ្លងCOVID-19 ពីកម្ពុជានោះដែរ។
សម្ដេច ហ៊ុន សែន ស្នើឱ្យភាគីវៀតណាម ដកការចេញផ្សាយរបស់ខ្លួនវិញទាំងអស់ បើមិនដូច្នោះទេ សម្ដេចនឹងធ្វើកំណត់ទូតផ្លូវការមួយ ផ្ញើទៅរដ្ឋាភិបាលវៀតណាមជាមិនខាន។
ជនជាតិជប៉ុនម្នាក់ ត្រូវបានក្រសួងសុខាភិបាលជប៉ុន រកឃើញវីរុសកូរ៉ូណាប្រភេទថ្មី COVID-19 នៅពេលទៅដល់អាកាសយានដ្ឋាន Nagoya Airport តាមជើងហោះហើរពីវៀតណាម។ ភ្លាមៗនោះ កាសែតវៀតណាម បានអះអាងជនជាតិជប៉ុនរូបនោះ ចាកចេញពីខេត្តសៀមរាប ហើយដូរជើងយន្តហោះនៅវៀតណាម មុនបន្តដំណើរទៅជប៉ុន។
ជនជាតិជប៉ុននេះ បានមកដល់កម្ពុជា កាលពីថ្ងៃទី១៦ កុម្ភៈ កន្លងមក។ មុនមកដល់កម្ពុជា ជនជាតិជប៉ុននេះ បានធ្វើដំណើរទៅវៀតណាម ហើយឆ្ពោះទៅជប៉ុនម្ដងហើយ ប៉ុន្តែគ្មានបញ្ហាសុខភាពអ្វីទេ។ ក្រោយមកជនជាតិជប៉ុននេះ ក៏បានចាកចេញពីខេត្តសៀមរាប ឆ្ពោះទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ហើយបានបន្តដំណើរទៅប្រទេសថៃ មុននឹងចូលកម្ពុជាវិញ។
បន្ទាប់មកជនជាតិជប៉ុននេះ ចាកចេញពីកម្ពុជា ទៅកាន់ប្រទេសវៀតណាម នៅថ្ងៃទី៣ មីនា មុននឹងបន្តដំណើរទៅដល់ជប៉ុន ហើយត្រូវបានជប៉ុនរកឃើញថា មានផ្ទុកវីរុសCOVID-19។ នេះបើតាមការរៀបរាប់របស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប។
បច្ចុប្បន្នកម្ពុជា ក៏មានជនជាតិខ្មែរម្នាក់ បានឆ្លងវីរុស COVID-19 ពីបុរសជនជាតិជប៉ុននេះដែរ។ បុរសខ្មែរនោះ កំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
© រក្សាសិទ្ធិដោយ thmeythmey.com