COVID-19
អន្តរជាតិ
COVID-19៖ សរុប​រួម​នៅ​កូរ៉េខាងត្បូង អ៊ីតាលី និង​អ៊ីរ៉ង់ មាន​ដល់​ជាង​២១០០០​ករណី​
09, Mar 2020 , 10:50 am        
រូបភាព
បុរសម្នាក់ពាក់ម៉ាស់ ដើរកាត់ព្រះវិហារShincheonji កូរ៉េខាងត្បូង, រូបភាព៖ AFP
បុរសម្នាក់ពាក់ម៉ាស់ ដើរកាត់ព្រះវិហារShincheonji កូរ៉េខាងត្បូង, រូបភាព៖ AFP
​គិត​ត្រឹម​ថ្ងៃទី​៨ ខែមីនា តួលេខ​សរុប​នៃ​ការឆ្លង​ជំងឺ​ផ្លូវដង្ហើម​បង្កដោយ​កូ​រ៉ូ​ណាវី​រុស (COVID-19) នៅ​កូរ៉េខាងត្បូង អ៊ីតាលី និង​អ៊ីរ៉ង់ មាន​លើស​២១០០០​ករណី​។ ជា​ប្រទេស​មានការ​រាលដាល​ខ្លាំង​ក្នុង​តំបន់​នីមួយៗ កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ឆ្លង​ជាង ៧​ពាន់​ករណី អ៊ីតាលី​ជាង ៧​ពាន់​ករណី និង អ៊ីរ៉ង់​រកឃើញ​ជាង ៦​ពាន់​ករណី​។


 
​ជា​ប្រទេស​នៅ​តំបន់​អាស៊ី​ខាងកើត កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ឆ្លង COVID-19 ជា​បន្តបន្ទាប់ និង​ច្រើនជាងគេ​បំផុត បន្ទាប់​ចិន​។ បើតាម​ការចុះផ្សាយ​នៅ​ថ្ងៃទី​៩ ខែមីនា របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap កូរ៉េខាងត្បូង បាន​រកឃើញ​ករណី​ឆ្លង​COVID-19 ចំនួន ២៤៨​ករណី​បន្ថែមទៀត​។ ការណ៍​នេះ បានធ្វើ​ឲ្យ​COVID-19 នៅ​កូរ៉េខាងត្បូង​កើន​ដល់ ៧៣៨២​ករណី ខណៈពេល​អ្នកស្លាប់ បាន​កើន​ដល់​៥៣​ករណី និង​អ្នកជា​សះស្បើយ ១៦៦​ករណី​។ 
 
​ចំណែក​នៅ​ប៉ែក​ខាង​អឺរ៉ុប​វិញ អ៊ីតាលី ត្រូវបាន​គេ​មើលឃើញថា​មាន​ករណី​ឆ្លង និង​ស្លាប់​ច្រើនជាងគេ​បំផុត​នៅក្នុង​តំបន់​។ ត្រឹមតែ​ថ្ងៃទី​៨ ខែមីនា​មួយ​ប៉ុណ្ណោះ អ៊ីតាលី​រកឃើញ​ករណី​ឆ្លង​រហូតដល់ ១៤៩២​ករណី និង​អ្នកស្លាប់ ១៣៣​ករណី​ឯណោះ​។ តួលេខ​ឆ្លង​សរុប​នៅ​អ៊ីតាលី មាន​ករណី​COVID-19 មាន​៧៣៧៥​ករណី និង​អ្នកស្លាប់ ៣៦៦​ករណី​។ ចំណែក​អ្នកជា​សះស្បើយ​នៅក្នុង​ប្រទេសមួយ​នេះ ក៏មាន​ការកើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ ពោល​គឺមាន​ចំនួន ៦២២​ករណី​។ 
 
​ជា​ប្រទេស​ស្ថិតនៅក្នុង​តារាង​ទី​៤​នៃ​ប្រទេស​រកឃើញ COVID-19 ច្រើនជាងគេ អ៊ីរ៉ង់ ក៏ត្រូវ​បាន​អុកឡុក​ដោយ COVID-19 យ៉ាងខ្លាំង​ផងដែរ​។ ក្នុង​ថ្ងៃទី​៨ ខែមីនា អ៊ីរ៉ង់​បាន​រកឃើញ​អ្នក​ឆ្លង​COVID-19 ៧៤៣​ករណី និង​ករណី​ស្លាប់ ៤៩​ករណី​។ ការណ៍​នេះ បានធ្វើ​ឲ្យ​ករណី​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កើន​ដល់​៦៥៦៦​ករណី​។ ក្នុង​ចំនួន​ជាង ៦​ពាន់​ករណីនេះ អ្នកស្លាប់​រហូតដល់ ១៩៤​ករណី និង​អ្នកជា​សះស្បើយ​ចំនួន ២១៣៤​ករណី​ឯណោះ​។ 
 
​តាម​អនុសាសន៍​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​បង្ការ​ការឆ្លង​ពី​COVID-19 ប្រជាជន​ទាំងអស់ ត្រូវ​ពាក់​ម៉ាស់ លាងដៃ​ឲ្យ​បាន​ញឹកញាប់​ជាមួយ​សាប៊ូ ឬ​ទឹក​លាងដៃ មិនត្រូវ​យកដៃ​ទៅ​ប៉ះពាល់​មុខ​ញឹកញាប់​ពេក និង​វិធាន​ការការពារ​ផ្សេងៗ​ទៀត​។ ជាពិសេស ប្រសិនបើ​មាន​រោគសញ្ញា​ណាមួយ​មិន​ប្រក្រតី ដូចជា​ក្តៅខ្លួន​លើសពី ៣៧​អង្សារ ក្អក កណ្តាស់ ឬ​ហៀរ​សម្បោរ​ច្រើន​ថ្ងៃ​ជាដើម ត្រូវ​ទៅ​មន្ទីរពេទ្យ​ជា​បន្ទន់​៕ 

Tag:
 កូរ៉េខាងត្បូង​
  អ៊ីតាលី​
  អ៊ីរ៉ង់​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com