សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្តល់ព័ត៌មានថា ភាគីចិន ចាប់ផ្តើមដឹកវត្ថុធាតុដើមតាមកប៉ាល់ មកផ្គត់ផ្គង់នៅកម្ពុជាវិញហើយ តាមការស្នើសុំពីភាគីកម្ពុជា។ សម្តេច ចាត់ទុក ថាជាព័ត៌មានដ៏គួរឲ្យរីករាយសម្រាប់កម្មករ-កម្មការិនី។
បើតាមប្រមុខរដ្ឋាភិបាល ជាជំហានទីមួយ ភាគីចិន បានប្រើកប៉ាល់៧គ្រឿង សម្រាប់ដឹកវត្ថុធាតុដើមមកកម្ពុជា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ ដោយក្នុងនោះ៥គ្រឿង នឹងចូលចតនៅកំពង់ផែព្រះសីហនុ ហើយ២គ្រឿងទៀត នឹងចូលចតនៅកំពង់ផែហូជីមិញ។ ប្រមុខរដ្ឋាភិបាល ប្រាប់ថា រោងចក្រនៅខេត្តស្វាយរៀង ដែលត្រូវដឹកវត្ថុធាតុដើមពីកប៉ាល់ ដែលចូលចតនៅកំពង់ផែហូជីមិញ គឺជិតជាងកំពង់ផែព្រះសីហនុ។
ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការផ្លូវជាតិលេខ៥៥ នាព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ ក្នុងខេត្តពោធិ៍សាត់ ប្រមុខរដ្ឋាភិបាល ថ្លែងថា៖«បើតាមព័ត៌មានពីមិត្តចិន នាវា៧គ្រឿងនេះ មិនមែនដឹកតែខែ៣ទេ ដឹករហូតដល់ខែ៥ [ឆ្នាំ២០២០] រហូតដល់សភាពការណ៍ធូរស្រាល»។
កន្លងមក មេដឹកនាំកម្ពុជា បានស្នើឲ្យភាគីចិន ប្រើយន្តហោះនិងកប៉ាល់ទន្ទឹមគ្នា ដឹកវត្ថុធាតុដើម ជាពិសេសសាច់កំណាត់ មកផ្គត់ផ្គង់នៅកម្ពុជាជាប្រញាប់ ដើម្បីកុំឲ្យមានការបិទរោងចក្រ។ ចំពោះ ការប្រើយន្តហោះដឹកវត្ថុធាតុដើមមកកម្ពុជា នៅមិនទាន់មានព័ត៌មាននោះទេ។
ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាល បានដាក់ចេញវិធានការមួយចំនួន ដើម្បីជួយសម្រាលការលំបាកដល់កម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ។
ទី១ អំពាវនាវទៅបណ្តារោងចក្រ ដែលត្រូវព្យួរការងារកម្មករ-កម្មការិនី កុំឲ្យឆ្លៀតឱកាសលុបកិច្ចសន្យាការងារជាមួយកម្មករ-កម្មការិនី។ ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា៖«ដាច់ខាត់មិនត្រូវធ្វើរឿងនេះ ក្នុងពេលកម្មករជួបការលំបាកទេ»។
ទី២ ស្នើឲ្យគ្រប់ធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លើកលែងការយកការប្រាក់ និង ពន្យារការសង់ប្រាក់ ចំពោះកម្មករ-កម្មការិនី ដែលរងផលប៉ះពាល់ដោយសារការព្យួរការងារ។ ប្រមុខរដ្ឋាភិបាល បង្ហាញតួលេខថា កម្មករ-កម្មការិនី ដែលរងផលប៉ះពាល់ពីការព្យួរការងារ មានមិនដល់២ម៉ឺននាក់នោះទេ ហើយក្នុងនោះ មានប្រមាណ៥០ភាគរយ ដែលជាប់បំណុលនៅធនាគារឬគ្រឹះស្ថានមីក្រូហិរញវត្ថុ។ ប្រមុខរដ្ឋាភិបាល បានឲ្យដឹងថា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច លោក ជា ចាត់តូ ប្រធានធនាគារជាតិ នឹងដឹកនាំការប្រជុំពីបញ្ហានេះ។
ទី៣ សុំឲ្យម្ចាស់បូរី ពន្យារពេលការបង់រម្លស់ ចំពោះកម្មករ-កម្មការនី ដែលទិញបូរីខ្លួន ក្នុងគ្រាពួកគេ មានបញ្ហាផ្នែកហិរញវត្ថុដោយសារការព្យួរការងារ។ សម្តេចនាយករដ្ឋមន្ត្រី ទទូចដូច្នេះថា៖«កុំផ្តាច់កុងត្រាក្នុងរយៈពេលហ្នឹង ព្រោះចេះ បើតាមដឹង កុងត្រាសម្រាប់បង់រម្លស់ កាលណាមិនបានបង់ឲ្យគេក្នុងរយៈពេលប៉ុន្មាន [ខែ] គឺផ្តាច់តែម្តង ដេញយើងចេញពីផ្ទះ អ៊ីចឹងទេ សុំឲ្យមានការយោគយល់លើបញ្ហានេះ...»។
ទី៤ ប្រាប់ទៅអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុញ្ញាតឲ្យកម្មករ-កម្មការិនី ដែលខ្វះខាតលុយកាក់ដោយសារការព្យួរការងារ ជំពាក់សិន តែមិនមែនសម្រាប់មនុស្សទូទៅឡើយ។ ប្រមុខរដ្ឋាភិបាល ប្រាប់ទៅលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ឲ្យពិនិត្យពីរឿងនេះ។
ប្រកាសពីវិធានការទាំងបួននេះរួចហើយ មេដឹកនាំកម្ពុជា ក៏និយាយថា៖«យើងគិតជំហានដំបូងគឺកម្មករ»។
មិនមែនទើបតែពេលនេះទេ កន្លងមក រដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការខ្លះរួចមកហើយ ដើម្បីជួយរោងចក្រ ដែលខ្វះវត្ថុធាតុដើម និង ជួយកម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ។ រដ្ឋាភិបាល សម្រេចមិនយកពន្ធកន្លះឆ្នាំឬដល់មួយឆ្នាំ ចំពោះរោងចក្រណា ដែលរងផលប៉ះពាល់ខ្លាំងពីការខ្វះខាតវត្ថុធាតុដើម ដើម្បីជួយជ្រោមជ្រែងរោងចក្រទាំងនោះ ឲ្យដំណើរការបន្ត ជៀសវាងការបិទទ្វារឬព្យួរការងារកម្មករ-កម្មការិនី។
ចំណែក កម្មករ-កម្មការនី ដែលត្រូវព្យួរការងារ រដ្ឋាភិបាល តម្រូវឲ្យម្ចាស់រោងចក្រចេញប្រាក់៤០ភាគរយជូនពួកគេ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល ជួយចេញ២០ភាគរយបន្ថែមទៀត ដូច្នេះ កម្មករ-កម្មការិនី ដែលត្រូវព្យួរការងារ ទទួលបានប្រាក់សរុប៦០ភាគរយ ស្មើនឹងប្រមាណ១១៤ដុល្លារ នៃប្រាក់ខែគោល១៩០ដុល្លារ។ លើសពីនេះ ក្រសួងការងារ ក៏បើកវគ្គបណ្តុះបណ្តាលជំនាញដល់កម្មករ-កម្មការិនី ដែលត្រូវព្យួរការងារដេរ។
អ្នកនាំពាក្យក្រសួងការងារ លើកឡើងកាលពីពេលថ្មីៗនេះថា មានរោងចក្រជាង៣០ហើយ ដែលបានស្នើសុំព្យួរការងារកម្មករ-កម្មការិនីប្រមាណ១,៧ម៉ឺននាក់។
រោងចក្រនៅកម្ពុជា ផ្អាកការងារពីកម្មករ-កម្មការិនី គឺដោយសារតែខ្វះវត្ថុធាតុដើម ដែលនាំចូលពីចិន។ ដោយសារការរាលដាលខ្លាំងនៃវីរុសកូវីដ-១៩ ទើបក្រុមហ៊ុននិងរោងចក្រជាច្រើន សម្រេចផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើម ទៅបណ្តាប្រទេសនានាលើពិភពលោក ដោយរួមទាំងកម្ពុជាផងដែរ។
កម្ពុជា នាំចូលវត្ថុធាតុដើមប្រមាណ៦០ភាគរយពីចិន។ ក្នុងចំណោមរោងចក្រសរុបជាង១ពាន់ រោងចក្រចិន មានប្រមាណ៧០ភាគរយ៕