ប្រវត្តិ​នៃ​រថយន្ត BMW Isetta ដែល​ដឹក​សង្គ្រោះ​មនុស្ស​ឆ្លងកាត់​កំផែង​ប៊ែក​ឡាំង
រថយន្ត
អន្តរជាតិ
ប្រវត្តិ​នៃ​រថយន្ត BMW Isetta ដែល​ដឹក​សង្គ្រោះ​មនុស្ស​ឆ្លងកាត់​កំផែង​ប៊ែក​ឡាំង
09, Mar 2020 , 7:39 pm        
រូបភាព
លោក Klaus Gunter Jacobi  និងរថយន្ត BMW Isetta (ប្រភពវេបសាយ៖ BMW)
លោក Klaus Gunter Jacobi និងរថយន្ត BMW Isetta (ប្រភពវេបសាយ៖ BMW)
​នេះ​ជា​រឿង​ដ៏​ក្លាហាន​មួយ​របស់លោក Klaus Gunter Jacobi ជាមួយនឹង​កូន​រថយន្ត BMW Isetta របស់លោក​ក្នុងការ​ធ្វើដំណើរ​ឆ្លងកាត់​កំផែង​ប៊ែ​កឡាំង​ដោយ​លួច​លាក់នា​សម័យ​សង្គ្រាមត្រជាក់​។ «​ខ្ញុំ​បាន​ផ្តោតអារម្មណ៍​លើ​តែ​រឿង​មួយគត់​គឺ​ការនាំ​មិត្ត​របស់ខ្ញុំ​ឆ្លងទៅ​ត្រើយម្ខាង​ទៀត​»​។ នេះ​ជាស​ម្តី​របស់លោក Jacobi ។

 
​លោក Jacobi កើត​នៅក្នុង​ឆ្នាំ​១៩៤០ ក្នុង​ទឹកដី​នៃ​អាល្លឺម៉ង់​ខាងកើត ដែលជា​ទឹកដី​មួយ​ពោរពេញ​ទៅដោយ​ការ​រឹតបន្តឹង និង​គ្មាន​សេរីភាព​។ នៅក្នុង​កាលៈទេសៈ​មួយ​នេះ មាន​ប្រជាជន​អាល្លឺម៉ង់​ជាច្រើន​នាក់ (​ក្នុងនោះ​មាន​ក្រុមគ្រួសារ​លោក Jacobi ផងដែរ​) បាន​ភៀសខ្លួន​ពី​ទឹកដី​នៃ​អាល្លឺម៉ង់​ខាងកើត ទៅកាន់​ទឹកដី​នៃ​អាល្លឺម៉ង់​ខាងលិច ដើម្បី​កសាង​ជីវភាព​ប្រសើរ​ជាង​មុន​។ 
 
​ដោយសារតែ​ការ​ភៀសខ្លួន​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ អាល្លឺម៉ង់​ខាងកើត​បាន​សាងសង់​កំផែង រវាង​ទឹកដី​របស់ខ្លួន​នឹង​អាល្លឺម៉ង់​ខាងលិច​។ កំផែង​ទាំងនេះ​ត្រូវបាន​ឃ្លាំមើល​ដោយ​ក្រុម​ទាហាន​ប្រដាប់អាវុធ និង​ឧបសគ្គ​គ្រោះថ្នាក់​ដល់​ជីវិត​ជាច្រើន​ទៀត ដែល​ធ្វើ​ឲ្យ​ការ​លួច​ឆ្លងកាត់​សឹងតែ​មិនអាច​ទៅរួច​។ ប្រជាជន​ប្រមាណ​ជា​១៤០​នាក់​ត្រូវបាន​ស្លាប់​ដោយសារ​គ្រាប់កាំភ្លើង​របស់​ទាហាន​នៅពេលដែល​ពួកគេ​លួច​ឆ្លងកាត់​កំផែង​ប៊ែ​កឡាំង​។ នេះ​ជាការ​បកស្រាយ​ចេញពី​គេហទំព័រ​រថយន្ត bmw.com ។ 
 
​ដោយសារតែ​អាណិតអាសូរ​របស់លោក Jacobi ទៅលើ​មិត្ត​តាំងពី​កុមារភាព​របស់លោក​ដែលមាន​ឈ្មោះថា Manfred Koster ដែល​ក្នុងពេលនោះ​រស់នៅក្នុង​ទឹកដី​នៃ​អាល្លឺម៉ង់​ខាងកើត លោក Jacobi បាន​រិះរក​ដំណោះស្រាយ​ក្នុង​ការជួយ​មិត្ត​របស់លោក​ដោយ​លួចលាក់​ក្នុងការ​ឆ្លងកាត់​កំផែង​ប៊ែ​កឡាំង​។ 
 
​លោក Jacobi បាន​ងាក​ទៅរក​កូន​រថយន្ត​ដ៏​តូច​របស់លោក​ម៉ាក BMW Isetta ដែលមាន​ទទឹង​១៤០​សម និង​បណ្តោយ​២២៨​សម​។ ដោយ​លោក​ធ្លាប់ជា​អ្នក​ជួសជុល​រថយន្ត និង​មាន​អាទិភាព​ក្នុងការ​ប្រើប្រាស់​យានដ្ឋាន​រថយន្ត លោក Jacobi បាន​ចំណាយពេល​ជាច្រើន​ថ្ងៃ ច្រើន​យប់​ក្នុងការ​កែទម្រង់​ផ្នែក​ខាងក្នុង​នៃ​រថយន្ត​ដ៏​តូច​មួយ​នេះ ដើម្បី​លាក់​បុរស​ម្នាក់​ដែលមាន​កម្ពស់​១៧០​សម ឆ្លងកាត់​តំបន់​ពោរពេញ​ទៅដោយ​ការពិនិត្យ​ពី​ក្រុម​យោធា​។ ប្រសិនបើ​លោក Jacobi ត្រូវបាន​គេ​ចាប់បាន នោះ​អ្នក​ទាំងពីរ​នឹងត្រូវ​ចំណាយពេល​ជាច្រើន​ឆ្នាំ​នៅក្នុង​ពន្ធនាគារ​។ 


វេបសាយ BMW
 
​ដោយ​ដោះ​ប្រអប់​ដាក់​ឥ​វ៉ាន កង់​សា​គួ ផ្លាស់ប្តូរ​ទម្រង់​នៃ​គ្រឿង​រថយន្ត​ខាងក្នុង ប្តូរ​ធុងសាំង​ទៅ​តូច​ជាមុន និង​លាបថ្នាំ​ពណ៌​សារ​ឡើងវិញ លោក Jacobi បាន​បង្កើតកូន​កន្លែង​តូច​មួយ​នៅក្នុង​រថយន្ត​របស់លោក ដែល​អាច​ផ្ទុក​មនុស្ស​បាន​មួយនា​ក់ដោយ​មិន​ឲ្យ​គេ​ឃើញ​។ នៅ​ព្រឹក​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​១៩៦៣ មាន​យុវជន​សាលា​ពីរ​នាក់​បាន​ទូរ​សព្ទ​មក​លោក Jacobi ដោយ​មិនបាន​បញ្ចេញ​ឈ្មោះ ថា​ពួកគេ​នឹង​ជួយ​លោក Jacobi ដោយ​បើករថយន្ត​របស់លោក​ទៅ​ជួយសង្គ្រោះ​លោក Koster នៅឯ​អាល្លឺម៉ង់​ខាងកើត ត្រលប់មក​អាល្លឺម៉ង់​ខាងលិច​វិញ​នា​វេលា​រាត្រី​នៃ​ថ្ងៃ​ដដែល​។ 
 
​ដោយ​សំណាងល្អ លោក Koster និង​រថយន្ត Isetta ព្រមទាំង​អ្នកបើក​បរទាំង​បាន​ត្រលប់មក​អាល្លឺម៉ង់​ខាងលិច​វិញ​ដោយ​ជោគជ័យ ក្រោយពី​ការពិនិត្យ​ដ៏​តឹងរឹង​របស់​ទាហាន​តាម​ព្រំដែន​។ លោក Jacobi រីករាយ​យ៉ាង​ពន់ពេក​នៅពេលដែល​មិត្ត​របស់លោក​ត្រលប់​មកវិញ​ដោយ​សុ​វត្តិភាព​។ ក្រោយមក លោក Jacobi បាន​យក​រថយន្ត​របស់លោក​មួយ​នេះ​ទៅ​កម្ទេចចោល ដោយសារតែ​ថ្ងៃ​ណាមួយ​ឡាន​នេះ​នឹង​ត្រូវបាន​គេ​ពិនិត្យ ហើយ​គេ​នឹង​ដឹង​ពី​ការពិត​។ ១៨​ខែក្រោយ​មក យុវជន​សាលា​ដែល​បាន​រៀបរាប់​ខាងលើ បាន​ប្រើប្រាស់​លំនាំ​នៃ​ការកែ​រថយន្ត​របស់លោក Jacobi ទៅកាន់​រថយន្ត Isetta ផ្សេងៗ​ទៀត​។ 
 
​នៅ​ទីបញ្ចប់​យុវជន​ទាំង​នោះបាន​សង្គ្រោះ​មនុស្ស​ចំនួន​៩​នាក់​ឆ្លង​ការ​កំផែង​ប៊ែ​កឡាំង​ដោយ​ជោគជ័យ មុន​ពេលដែល​គម្រោង​នេះ​ត្រូវបាន​គេ​តាម​ទាន់​។  នេះ​ជា​រឿង​ដ៏​ធំ​មួយ សម្រាប់​កូន​រថយន្ត​ដ៏​តូច​។ លោក Jacobi បាន​និយាយ​បន្តទៀតថា​«​ខ្ញុំ​បាន​បូជា​រថយន្ត​របស់ខ្ញុំ​មួយ តែ​ទោះបីជា​យ៉ាងនេះ​មែន អ្វីដែល​ខ្ញុំ​បានធ្វើ​វា​គ្រប់គ្រាន់​សម្រាប់​ខ្ញុំ​ហើយ​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com