ជាតិ
សេដ្ឋកិច្ច
ផ្លូវជាតិ​លេខ​៥៥ ឈ្មោះ​ក្រៅ​ផ្លូវ​«​បុ​ប្ផា​លាក់ខ្លួន​»​ភ្ជាប់​ពី​ទី​រួម​ខេត្តពោធិ៍សាត់ ទៅ​ព្រំដែន​ថៃ​បាន​ដំណើរការ​ហើយ​
09, Mar 2020 , 8:59 pm        
រូបភាព
​ផ្លូវជាតិ​លេខ​៥៥ ដែល​ជាង​១៨០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ក្នុង​ទី​រួម​ខេត្តពោធិ៍សាត់ ឆ្ពោះទៅ​ព្រំដែន​ថ្មដា ជាប់​ជាមួយ​ខេត្ត​ត្រាត នៃ​ប្រទេស​ថៃ​។ រូបថត​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​៕
​ផ្លូវជាតិ​លេខ​៥៥ ដែល​ជាង​១៨០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ក្នុង​ទី​រួម​ខេត្តពោធិ៍សាត់ ឆ្ពោះទៅ​ព្រំដែន​ថ្មដា ជាប់​ជាមួយ​ខេត្ត​ត្រាត នៃ​ប្រទេស​ថៃ​។ រូបថត​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក ក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន​៕
​ភ្នំពេញ​៖ ផ្លូវជាតិ​លេខ​៥៥ ដែល​បាន​ចំណាយ​ថវិកា​ជាង​១៣០​លាន​ដុល្លារ ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ចិន បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ នា​ព្រឹក​ថ្ងៃទី​៩​មីនា ឆ្នាំ​២០២០​។ ផ្លូវ​នេះ មាន​ប្រវែង​សរុប​១៨២,១៦​គីឡូម៉ែត្រ  ដោយ​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៥ ក្នុង​ទី​រួម​ខេត្តពោធិ៍សាត់ ឆ្ពោះទៅ​ព្រំដែន​ថ្មដា ជាប់​ជាមួយ​ខេត្ត​ត្រាត នៃ​ប្រទេស​ថៃ ដែល​ពីមុន​មានឈ្មោះ​ជា​ផ្លូវ​អន្ទង់អាំង ត្រូវបាន​ប្តូរ​ទៅជា​ឈ្មោះ​ផ្លូវ​«​បុប្ផា​លាក់ខ្លួន​» វិញ​។​

 
​ក្នុង​ពិធី​ដាក់ឱ្យ​ដំណើរការ​ផ្លូវជាតិ​លេខ​៥៥ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន បាន​និយាយប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន ថា ផ្លូវ​នេះ​ត្រូវបាន​សាងសង់​ស្របទៅតាម​ស្តង់ដារ​ផ្លូវថ្នល់​កម្រិត​៣ នៃ​បទដ្ឋាន​បច្ចេកទេស​រប​ស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែលមាន​ទទឹង​តួ​ផ្លូវ​សរុប​៩​ម៉ែត្រ  ក្រាល​កៅស៊ូ​ពីរ​ស្រទាប់​ប្រភេទ​(DBST) ក្នុង​ទំហំ​ទទឹង ៨​ម៉ែត្រ​។​
 
​ការសាងសង់​ផ្លូវជាតិ​លេខ​៥៥​នេះ បាន​ចំណាយ​រយៈពេល​អស់​ជាង​៣​ឆ្នាំ ពោលគឺ​ចាប់ពី​ខែមីនា​ឆ្នាំ​២០១៥ ដល់​ខែឧសភា​ឆ្នាំ​២០១៨​។ នេះ​ជាការ​លើកឡើង​របស់លោក ស៊ុន ចាន់ថុល  ដោយ​លោក​បានបញ្ជាក់​ដូច្នេះ ផ្លូវ​នេះ​ចំណាយ​ថវិកា​សាងសង់​សរុប​១៣២.៨០​លាន​ដុល្លារ ជា​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន រួមជាមួយ​ថវិកាបដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការដោះស្រាយ​ផលប៉ះពាល់ ការ​បោសសម្អាត​គ្រាប់មីន យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ពន្ធអាករ​ផ្សេងៗ​។ 
 
​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ បាន​បន្តថា ផ្លូវជាតិ​លេខ​៥៥ អាច​ចាត់ទុកថា​ជា​ផ្លូវ​ដំបូង​គេ​នៅ​កម្ពុជា ដែល​បាន​សាងសង់​បត់បែន​ឆ្លងកាត់​តាម​ភ្នំ​និង​ព្រៃព្រឹក្សា​ខ្ពស់​ទៀត​តាម​ជួរ​ភ្នំ​ក្រវ៉ា​ញ​។ លោក  ស៊ុន ចាន់ថុល បាន​បញ្ជាក់ថា ផ្លូវ​នេះ នឹង​ជួយ​សម្រួល​ដល់​ការតភ្ជាប់​ទំនាក់ទំនង​គមនាគមន៍ រវាង​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តកោះកុង ក៏ដូចជា​ការធ្វើសមាហរណកម្ម​នានា​ក្នុងប្រទេស ជាមួយ​តំបន់ ដោយ សំដៅ​ចូលរួមចំណែក​លើកកម្ពស់​ប្រសិទ្ធភាព នៃ​ការដោះដូរ​ពាណិជ្ជកម្ម វិនិយោគ ដំណាំ​កសិផល ក​សិ​-​ឧស្សាហកម្ម និង​ទេសចរណ៍ បាន​ឆាប់រហ័ស និង​ចំណាយ​តិច​។ ជាពិសេស​ជាមួយ​ប្រទេសជិតខាង តាមរយៈ​ច្រកទ្វារព្រំដែន​កម្ពុជា​-​ថៃ នៅ​ថ្មដា ខេត្តពោធិ៍សាត់ នៅចាំ​យាម ខេត្តកោះកុង និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​របស់​យើង នៅ​ខេត្ត​ព្រះសីហនុ និង​ខេត្តកោះកុង​៕

Tag:
 ផ្លូវជាតិ​
© រក្សាសិទ្ធិដោយ thmeythmey.com