អន្តរជាតិ
អាស៊ាន បន្ត​ចែករំលែក​បទពិសោធ​ឲ្យ​ទី​ម័​រ​ខាងកើត មុន​ចូល​ជា​សមាជិក​ថ្មី​
09, Mar 2020 , 9:19 pm        
រូបភាព
រូបភាព Vietnam News
រូបភាព Vietnam News
ដោយ:
​សមាជិកសមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ហៅ​កាត់​ថា​អាស៊ាន នៅតែ​បន្ត​គាំទ្រ និង​ចែករំលែក​បទពិសោធ​ជាមួយនឹង​ទី​ម័​រ​ខាងកើត សម្រាប់​សំណើសុំ​ចូល​ជា​សមាជិក​អាស៊ាន ក៏ដូចជា​ការវាយតម្លៃ​លើ​សមត្ថភាព និង​ភាព​រួចរាល់​របស់​ប្រទេស​។ ការណ៍​ដែល​អាស៊ាន ធ្វើបែបនេះ ក៏​ដោយសារតែ​មើលឃើញថា ទី​ម័​រ​ខាងកើត នៅមាន​ចំណុច​ច្រើន ត្រូវបំពេញ​មុន​ចូល​ជា​គ្រួសារ​របស់​អាស៊ាន​ជា​ផ្លូវការ​។​

 
​នា​កិច្ចប្រជុំ​ក្រុមប្រឹក្សា​ការងារ​សម្របសម្រួលរ​បស់​អាស៊ាន​លើក​ទី​៩ នៅ​ថ្ងៃទី ៦ មីនា​កន្លងទៅ លោក​អនុរដ្ឋមន្ត្រី​ការបរទេស​វៀតណាម Nguyễn Quốc Dũng បាន​អះអាងថា ក្រុមការងារ​របស់​អា​ស៊ាន បាន​មាន​កិច្ចពិភាក្សា​យ៉ាងសកម្ម​មួយ​លើ​ការពង្រឹង​សមត្ថភាពរ​បស់​ទី​ម័​រ​ខាងកើត ក្នុងការ​ក្លាយជា​សមាជិក​ថ្មី​របស់​អាស៊ាន​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Vietnam News​។ 
 
​តាម​ប្រភពព័ត៌មាន​ដដែល​នោះ លោក​អនុរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គប្រជុំ បានស្នើ​ឲ្យ​ក្រុមការងារ​ជំនាញ​របស់​អាស៊ាន សិក្សា និង​ពិនិត្យ​លើ​ផលប៉ះពាល់​ដែល​អាច​កើតមាន​ដោយសារតែ​ការសុំ​ចូល​ជា​សមាជិកភាព​របស់​ទី​ម័​រ​ខាងកើត​។ លោក ក៏បាន​សុំ​ឲ្យ​ក្រុមការងារ​ជំនាញ​វាយតម្លៃ​ស្ថានភាព​របស់​ទី​ម័​រ​ខាងកើត ដោយ​ឈរលើ​សសរស្តម្ភ​បី គឺ នយោបាយ និង​សន្តិសុខ សេដ្ឋកិច្ច និង​វប្បធម៌​។ 
 
​តាម​មន្ត្រីការទូត​ជាន់ខ្ពស់​របស់​វៀតណាម​រូបនេះ មកទល់ពេលនេះ សមាជិក​អាស៊ាន បាន​ឯកភាពគ្នា​លើ​របាយការណ៍​ស្តីពី​នយោបាយ និង​សន្តិសុខ​របស់​ទី​ម័​រ​ខាងកើត ហើយ​អ្វីដែល​សេសសល់​នោះ​គឺ ក្រុមការងារ​បច្ចេកទេស នឹង​បន្ត​វាយតម្លៃ​លើ​សមត្ថភាព និង​ភាព​រួចរាល់​របស់​ទី​ម័​រ​ខាងកើត​ក្នុង​ក្របខណ្ឌ​សេដ្ឋកិច្ច និង​វប្បធម៌​វិញ​ម្តង មុនពេល​ដាក់សំណើ​ចុងក្រោយ​ទៅកាន់​មេដឹកនាំ​អាស៊ាន​ពិនិត្យ និង​សម្រេច​។ 
 
​គួរ​ជម្រាប​បន្តិច​ថា ទី​ម័​រ​ខាងកើត គឺជា​រដ្ឋ​ក្មេងខ្ចី​ជាងគេ​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ទី​ម័​រ​ខាងកើត បានដាក់​សំណើ​ផ្លូវការ​សុំចូល​ជា​សមាជិក​អាស៊ាន​នៅ​ឆ្នាំ​២០១១​។ ទី​ម័​រ​ខាងកើត ធ្លាប់បាន​បង្ហាញ​ក្តី​រំពឹងថា​ត្រូវបាន​អាស៊ាន​បញ្ចូល​ជា​សមាជិក​ផ្លូវការ​តាំងពី​ឆ្នាំ​២០១៧​មកម្ល៉េះ ក៏ប៉ុន្តែ​ជាក់ស្តែង​នោះ រដ្ឋ​អាស៊ាន​មួយចំនួន មិនទាន់​អាច​ទទួលយក​ទី​ម័​រ​ខាងកើត​បានឡើយ ដ្បិត​ប្រទេស​នេះ នៅមាន​គម្លាត​ឆ្ងាយ​ជាមួយនឹង​សមាជិក​ចាស់​ទាំង​សេដ្ឋកិច្ច និង​សន្តិសុខ​៕ 

Tag:
 ទី​ម័​រ​ខាងកើត​
  វៀតណាម​
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com