COVID-19
អន្តរជាតិ
COVID-19៖ ចិន នឹង​បើក​សាលារៀន​ខ្លះ ជើងហោះហើរ និង​កន្លែង​កម្សាន្ត​ឡើងវិញ
09, Mar 2020 , 9:59 pm        
រូបភាព
Shanghai Disneyland បានបិទទ្វារនាថ្ងៃទី២៥ ខែមករា, រូបភាព៖ Reuters
Shanghai Disneyland បានបិទទ្វារនាថ្ងៃទី២៥ ខែមករា, រូបភាព៖ Reuters
​ស្របពេល​ស្ថានភាព​កាន់តែ​ធូរស្រាល ចិន​ចាប់ផ្ដើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ខ្លះ​។ គិត​ត្រឹម​ថ្ងៃទី​៨ ខែមីនា ចិន បាន​បិទ​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​COVID-19 មួយចំនួន​បណ្តោះអាសន្ន​សិន​នៅ​វូ​ហាន បន្ទាប់​អស់អ្នក​ជំងឺ​ព្យាបាល​។ មិន​ត្រឹមតែ​បិទ​មន្ទីរពេទ្យ​ទេ ចិន​ក៏​ត្រៀម​បើក​សាលារៀន​នៅតាម​ខេត្ត​មួយចំនួន បើក​ជើងហោះហើរ​ខ្លះ និង​កន្លែង​កម្សាន្ត​ដោយ​ផ្នែក​ឡើងវិញ​ផងដែរ​។ នេះ​ត្រូវបាន​គេ​មើលឃើញថា គឺជា​សញ្ញា​វិជ្ជមាន​មួយ​។


 
​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ចុងក្រោយ ស្ថានភាព​COVID-19 នៅ​ចិន មាន​ករណី​ឆ្លង​ក្នុងប្រទេស​ត្រឹមតែ​ជាង ៤០​ករណី​ប៉ុណ្ណោះ​ក្នុង​មួយថ្ងៃ​។ ការណ៍​នេះ គឺជា​ចំនួន​ធ្លាក់​ចុះមក​តិច​បំផុត បើ​គិត​ចាប់ពី​ថ្ងៃទី​២០ ខែមករា​កន្លងមក​។ ចំណែក​ករណី​ស្លាប់​វិញ ក្នុង​ថ្ងៃទី​៨ ខែមីនា ចិន​មាន​ត្រឹមតែ ២៧​ករណី​។ 
 
​ខណៈដែល​ស្ថានភាព COVID-19 នៅ​ចិន​មាន​ភាព​ធូរស្បើយ ក្រុមហ៊ុន សាលារៀន កន្លែង​កម្សាន្ត បើក​ដំណើរការ​ឡើងវិញ​។ បើតាម​ការអះអាង​រប​ស់​កន្លែង​កម្សាន្ត Disney នាទី​ក្រុង​សៀង​ហៃ ក្រុមហ៊ុន​នេះ បាន​បើក​ដំណើរការ​តំបន់​លក់ទំនិញ និង​កន្លែង​កម្សាន្ត រួមជាមួយ​សណ្ឋាគារ និង​ឧទ្យាន​ឡើងវិញ​ហើយ​។ ចំណែក​ផ្នែក​ដែលមាន​ការ​ជិះ​លេង​កម្សាន្ត នៅតែ​បន្ត​បិទ​ដដែល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP​។​
 
​ចំណែក​ក្រុមហ៊ុន​អាកាសចរណ៍​ឯណោះ​វិញ ក៏​ត្រៀម​បើក​ដំណើរការ​ជើង​ហោះ​របស់ខ្លួន​ឡើងវិញ​ផងដែរ បន្ទាប់ពី​ផ្អាក​មួយរយៈ​។ ក្រុមហ៊ុន Hubei Airport Group បាន​បញ្ជា​ឲ្យ​អាកាសយានដ្ឋាន​នៅតាម​ខេត្ត​ទាំងអស់​បើក​ដំណើរការ​ឡើងវិញ​។ នេះ​គឺជា​សញ្ញា​មួយ ដែល​អាច​បង្ហាញថា​ក្រុមហ៊ុន​អាកាសចរ​ទាំងនោះ កំពុង​រៀបចំ​ការហោះហើ​រ​ឡើងវិញ​។ 
 
​បន្ថែម​ពីលើ​នេះ ក្រុមហ៊ុន​គ្រឿងសង្ហារិម Ikea របស់​ស៊ុយអែត ក៏បាន​បើក​សាខា​លក់​គ្រឿងសង្ហារិម​របស់ខ្លួន​ចំនួន ១៦​ឡើងវិញ​ផងដែរ ប៉ុន្តែ​ត្រឹម​រយៈពេល​ខ្លី​ប៉ុណ្ណោះ បន្ទាប់ពី​ផ្អាក​ដំណើរការ​តាំងពី​ចុងខែ​មករា​កន្លែង​មក​។ 
 
​មិន​ត្រឹមតែ​ក្រុមហ៊ុន​ឯកជន​ប៉ុណ្ណោះ​ទេ​ដែល​បើក​ដំណើរការ​ខ្លះៗ ប៉ុន្តែ​សាលារៀន ក៏បាន​បើកទ្វារ​ឲ្យ​សិស្សសាលា​ចូលរៀន​ផងដែរ​។ បើតាម​សេចក្តីប្រកាស​របស់​ខេត្ត Qinghai នា​ចុងខែ​កុម្ភៈ វិទ្យាល័យ និង​សាលា​បណ្តុះបណ្តាល​ជំនាញ នឹង​បើក​ឲ្យ​សិស្ស​ចូលរៀន​វិញ​នៅ​ថ្ងៃទី​៩ ខែមីនា​នេះ​។ ចំណែក​អនុវិទ្យាល័យ នឹង​បើក​ដំណើរការ​នៅពេល​ក្រោយ​។ ចំណែក​នៅ​ខេត្ត​Guizhou  វិញ អនុវិទ្យាល័យ វិទ្យាល័យ នឹង​បើកទ្វា​នៅ​ថ្ងៃទី​១៦ ខែមីនា​ខាងមុខ​។ 
 
​គិត​ត្រឹម​ថ្ងៃទី​៨ ខែមីនា ចិន​បាន​បិទ​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ​COVID-19 មួយចំនួន ដោយសារតែ​អស់អ្នក​ជំងឺ​។ ក្នុងចំណោម​មន្ទីរពេទ្យ​ចំនួន​១៦​នាទី​ក្រុង​វូ​ហាន ចិន​បាន​បិទ​ចំនួន ១១​កន្លែង​។ សូមបញ្ជាក់ថា ចិន​បាន​យក​ពហុកីឡាដ្ឋាន សាលារៀន រោងចក្រ មជ្ឈមណ្ឌល​កីឡា យកមក​ធ្វើជា​មន្ទីរពេទ្យ​សម្រាប់​ព្យាបាល​អ្នកជំងឺ COVID-19 នា​អំឡុងពេល​ចិន​កំពុងតែ​វឹកវរ​ខ្លាំង​ដោយសារ​កូ​រ៉ូ​ណាវី​រុស​៕

Tag:
 ​ចិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com