COVID-19
អន្តរជាតិ
នាវាទេសចរណ៍អ៊ីតាលីដែលបដិសេធដោយម៉ាឡេស៊ីនិងថៃ ត្រូវអនុញ្ញាឲ្យចូលចតនៅសិង្ហបុរី នាវាទេសចរណ៍ Costa Fortuna នៅក្បែរកោះ ភូកែត ប្រទេសថៃ កាលពីថ្ងៃ០៦ ខែមីនា ឆ្នាំ២០២០ តែត្រូវថៃបដិសេធឲ្យចត (AP)
× នាវាទេសចរណ៍អ៊ីតាលីមួយ ដែលបដិសេធដោយអាជ្ញាធរម៉ាឡេស៊ី និងថៃ ដោយបារម្ភជំងឺ COVID-19 នឹងចូលចតក្នុងផែសិង្ហបុរី នាថ្ងៃអង្គារ ១០ ខែមីនា ។ អាជ្ញាធរកំពង់ផែរបស់បុរីរដ្ឋមួយនេះបញ្ជាក់បែបនេះ ដោយដកស្រង់ផ្សាយដោយទូរទស្សន៍ Channel News Asia។
នាវាទេសចរណ៍អ៊ីតាលី ដែលមានឈ្មោះថា Costa Fortuna មានដឹកមនុស្សប្រមាណ២០០០នាក់។ នាវានេះ ដែលកំណត់ពេលធ្វើដំណើរតាមសមុទ្ររយៈពេល ១៤ ថ្ងៃនោះ បានចាកចេញពីកំពង់ផែ Marina Bay របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី០៣ ខែមីនា។ ការពិតទៅ សិង្ហបុរី គឺជាផែចំណតរបស់នាវានេះ។
តាមការចុះផ្សាយរបស់ទូរទស្សន៍សិង្ហបុរី Channel News Asia អាជ្ញាធរកំពង់ផែសិង្ហបុរី បានបញ្ជាក់នៅថ្ងៃទី៩ ខែមីនាថា អ្នកដំណើរលើនាវាទេសចរណ៍នេះ បានបញ្ចប់ការត្រួតពិនិត្យសុខភាពមុនពេលចុះពីនាវា រួមមាន ការពិនិត្យលើប្រវត្តិធ្វើដំណើរ និងសីតុណ្ហភាពជាដើម។
ក្នុងសេចក្តីថ្លែងការណ៍មួយ អាជ្ញាធរសិង្ហបុរីនេះ សង្កត់ធ្ងន់ទៀតថា អ្នកដំណើរដែលចូលទីក្រុង សិង្ហបុរី តម្រូវឲ្យត្រួតពិនិត្យសីតុណ្ហភាព ហើយអ្នកដែលមានចេញរោគសញ្ញាក្តៅខ្លួន និងផ្លូវដង្ហើម នឹងប្ដូរទៅជាការធ្វើតេស្តរកឃើញមើលជំងឺ COVID-19 ។ យ៉ាងណាមិញ អាជ្ញាធរដដែលអះអាងដូច្នេះថា អ្នកដំណើរដែលបដិសេធធ្វើតេស្តជំងឺ COVID-19 នឹងមិនអនុញ្ញាតឲ្យចូលក្នុងប្រទេសសិង្ហបុរីឡើយ។
ទោះមានការព្រួយបារម្ភជំងឺ COVID-19 ប្រតិបត្តិការរបស់នាវាទេសចរណ៍ Costa Fortuna បានបញ្ជាក់នៅថ្ងៃចន្ទ ០៩ ខែមីនាថា វាគ្មានករណី COVID-19 សង្ស័យណាមួយក្នុងចំណោមភ្ញៀវរបស់ខ្លួនឡើយ ដែលរួមទាំងជនជាតិអ៊ីតាលីផងដែរ។
សូមបញ្ជាក់ថា ការអនុញ្ញាតឲ្យនាវាទេសចរណ៍ Costa Fortuna ចូលចតពីសំណាក់អាជ្ញាធរកំពង់ផែសិង្ហបុរីនេះ ធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយនាវាអ៊ីតាលីនេះ ត្រូវបានហាមចូលចតក្នុងកោះ ភូកេត ប្រទេស ថៃ កាលពីថ្ងៃសុក្រ។ មួយថ្ងៃបន្ទាប់ពោលគឺថ្ងៃសៅរ៍សប្តាហ៍មុន នាវាទេសចរណ៍ដដែលនេះ ក៏ពុំត្រូវបានអនុញ្ញាតឲ្យចូលចតក្នុងផែរដ្ឋ Penang ភាគខាងជើងនៃប្រទេសម៉ាឡេស៊ីផងដែរ។
អាជ្ញាធរម៉ាឡេស៊ី អះអាងថា វាមានជនជាតិអ៊ីតាលី៦៤នាក់លើនាវាទេសចរណ៍នេះ។ បើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អាជ្ញាធរម៉ាឡេស៊ី លើកឡើងថា ប្រទេសខ្លួន បានរឹតត្បិតរាល់ការចូលចតពីនាវាទេចរណ៍ទាំងអស់ក្នុងកំពង់ផែម៉ាឡេស៊ី។ ចំណែក ប្រទេសថៃ ក៏បានដាក់ចេញចំណាត់ការដូចគ្នានេះ៕
Tag:
សិង្ហបុរី
ម៉ាឡេស៊ី
ថៃ
អ៊ីតាលី
Costa Fortuna
© រក្សាសិទ្ធិដោយ thmeythmey.com