COVID-19
ជាតិ
ចិន ផ្ដល់ឧបករណ៍មួយចំនួនដល់កម្ពុជា សម្រាប់ប្រឆាំងនឹង COVID-19 សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចាប់ដៃជាមួយលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការផ្លូវជាតិលេខ៥៥ នាព្រឹកថ្ងៃទី៩ ខែមីនា
× ភ្នំពេញ៖ ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការផ្លូវជាតិលេខ៥៥ នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកឡើងថា រដ្ឋាភិបាលចិន នឹងបញ្ចូនឧបករណ៍មួយចំនួនមកកម្ពុជា សម្រាប់ដាក់ពិនិត្យនៅតាមទីកន្លែងនានា។ សម្តេច បញ្ជាក់ថា៖«មិត្តចិន នឹងផ្ដល់មកនាពេលខាងមុខ ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹង COVID-19នេះ»។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានផ្តល់ព័ត៌មានថា ភាគីចិន ចាប់ផ្តើមដឹកវត្ថុធាតុដើមតាមកប៉ាល់ មកផ្គត់ផ្គង់ដល់រោងចក្រនៅកម្ពុជាវិញហើយ តាមការស្នើសុំពីភាគីកម្ពុជា។ បើតាមសម្តេច នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ ភាគីចិន បានប្រើកប៉ាល់៧គ្រឿង សម្រាប់ដឹកវត្ថុធាតុដើមមកកម្ពុជា ដោយក្នុងនោះ៥គ្រឿង នឹងចូលចតនៅកំពង់ផែព្រះសីហនុ ហើយ២គ្រឿងទៀត ដឹកចូលចតនៅកំពង់ផែហូជីមិញ។ សម្តេច ប្រាប់ថា កប៉ាល់២គ្រឿង ចូលចតកំពង់ហូជីមិញ គឺដោយសារតែ រោងចក្រនៅខេត្តស្វាយរៀង ដឹកចេញពីទីនោះ គឺជិតជាងដឹកចេញពីកំពង់ផែព្រះសីហនុ។
ប្រមុខរដ្ឋាភិបាល ក៏បានអះអាងថា បានទទួលជំនួយជិត១លានដុល្លារ សម្រាប់ផលិតសម្ភារវេជ្ជសាស្ត្រ នៅខេត្តកំពង់ចាម និងខេត្តស្វាយរៀង។ ប្រមុខរដ្ឋាភិបាល ថ្លែងថា៖«ម្សិលមិញ ខ្ញុំ ទទួលបានជំនួយប្រមាណជិត១លានដុល្លារ ផ្នែកផលិតសម្ភារវេជ្ជសាស្ត្រ ខោអាវពេទ្យម៉ាកឌុយប៉ុង ផលិតនៅរោងចក្រកំពង់ចាម ផលិតនៅរោងចក្រនៅស្វាយរៀង និង ម៉ាស់ ហើយប្រដាប់ប្រដាពេទ្យ មានទាំងអាឃ្លុំមុខឃ្លុំអីដូចរបស់នៅស្រុកចិនមួយចំនួន ទិញពីស្រុកខ្មែរទៅទេ»៕
© រក្សាសិទ្ធិដោយ thmeythmey.com