ONE លើក​ពេល​កម្មវិធី ONE: HEART OF HEROES ទៅ​ខែមិថុនា វិញ​
ONE Championship
កីឡាជាតិ
ជាតិ
ONE លើក​ពេល​កម្មវិធី ONE: HEART OF HEROES ទៅ​ខែមិថុនា វិញ​
10, Mar 2020 , 8:59 am        
រូបភាព
 អត្ថបទ​៖ ស៊ី​ធី​

​ដោយសារតែ​ផ្ទុះ​មេរោគ​កូ​វីដ​១៩​ជុំវិញ​ពិភពលោក ប្រធាន​និង​ជា​នាយក​ប្រតិបត្តិ  ONE Championship លោក Chatri Sityodtong បានប្រកាស​អំពី​ការពន្យារពេល​កម្មវិធី ONE: HEART OF HEROES នៅ​ក្រុង​ហូជីមិញ​នៅ​ប្រទេស​វៀតណាម​។


 
​ដើម្បី​ថែទាំ​សុខភាព​ចំពោះ​កីឡាករ​កីឡាការិនី បុគ្គលិក និង អ្នកគាំទ្រ រួមទាំង​ប្រជាជន​វៀតណាម​ផង ការប្រកួត​ដែល​គ្រោង​រៀបចំ​លើក​ទី​២​នៅ​សង្វៀន Phu Tho Indoor Stadium ត្រូវបាន​លើក​ពេល​ពីថ្ងៃ​សុក្រ​ទី ២០ មីនា ទៅ​ថ្ងៃ​សុក្រ​ទី ២៦ ខែ មិថុនា វិញ​។ លោក Sityodtong បាន​បញ្ចេញ​ឲ្យ​ដឹង​កាល​ចុង​សប្ដាហ៍​កន្លងទៅ បន្ទាប់ពី​បាន​ពិភាក្សា​ជាមួយ​អាជ្ញាធរ​ប្រទេស​វៀតណាម​។ 
 
​លោក Sityodtong បាន​សង្កត់ធ្ងន់​បែបនេះ​៖«​ក្រោយ​ពិភាក្សា​គ្រប់​មធ្យោបាយ​ជាមួយ​អាជ្ញាធរ​វៀតណាម ក្រុមការងារ​របស់ខ្ញុំ​បានសម្រេច​ពន្យារពេល​ក​ម្ម​វិធី ONE: Heart of Heroes ដែល​គ្រោង​រៀបចំ​នៅ​ថ្ងៃទី ២០ មីនា​នេះ ប្ដូរ​ទៅ​ថ្ងៃទី ២៦ ខែមិថុនា​វិញ​ដោយសារតែ​ការរីក​រាលដាល​នៃ​មេរោគ​កូ​រ៉ូ​ណា​។  យើង​ត្រូវ​គិត​អំពី​អ្នកគាំទ្រ​របស់​យើង កីឡាករ​របស់​យើង ដៃគូ​សហការ​របស់​យើង​ជា​អាទិភាព​សំខាន់បំផុត​របស់ ONE Championship​។ ចំណុច​វិជ្ជមាន​មួយ ខ្ញុំ​នឹង​ប្រកាស​អំពី​រឿង​ដ៏​ភ្ញាក់ផ្អើល​មួយ​នៅ​ថ្ងៃទី​១៣ ខែមីនា ខាងមុខ​។ សូម​រង់ចាំ​តាមដាន​ទាំងអស់គ្នា​»​។  
 
​ព្រឹត្តិការណ៍​នេះ​មាន​គូ​ឯក Alaverdi Ramazanov ឬ គេ​ស្គាល់ “Babyface Killer” ត្រូវ​ឡើង​ដណ្ដើម​ខ្សែក្រវាត់ ONE Bantamweight Kickboxing World Title ពី Nong-O Gaiyanghadao​។ ចំណែក Viktoria Lipianska ត្រូវ​តតាំង​គ្នា​ទល់នឹង  Iman “Pretty Killer” Barlow  ដើម្បី​ដណ្ដើម​ខ្សែក្រវាត់ ONE Strawweight Muay Thai World Title​។ គូប្រកួត​ផ្សេងទៀត​នឹងត្រូវ​ប្រកាស​បន្តបន្ទាប់​។ 
 
​នៅក្នុង​កម្មវិធី​ខាងលើ​នេះដែរ​ជើង​ខ្លាំង សុខ ធី ដែល​គ្រោង​ប៉ះ​កីឡាករ​ម្ចាស់​មេដាយប្រាក់​ស៊ី​ហ្គេម​៣​សម័យ​វៀតណាម Nguyen Tran Duy Nham នៅ​ថ្ងៃទី ២០ ខែ មីនា ខាងមុខនេះ​ក៏ត្រូវ​ខកខាន​សិន​ដែរ​ពោល​រង់ចាំ​សិន​ដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com