ពីនេះ ពីនោះ
ច​ត្តា​ឡី​ស័ក (Quarantine) ឬ​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ជា​អ្វី​?
10, Mar 2020 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ច​ត្តា​ឡី​ស័ក​» ចេញពី​ភាសាឡាតាំង quadraginta ឬ Quarantine ជា​ភាសា​អង់គ្លេស​, Quarantaine ជា​ភាសា​បារាំង ក៏ដូចជា Quarantena ក្នុង​ភាសា​អ៊ីតាលី​។  មិនមាន​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត នោះឡើយ ប៉ុន្តែ​ពាក្យ «​ច​ត្តា​ឡី​ស័ក​» នេះ ត្រូវបាន​យក​ប្រើប្រាស់ ពិសេស​ក្នុង​វិស័យ​សុខាភិបាល​អស់​រយៈពេល​ជា​យូរយា​មកហើយ​។ នៅ​កម្ពុជា យើង​ចាប់ផ្តើម​ស្គាល់​ពាក្យ​នេះ​កាន់តែច្រើន​នា​អំឡុងពេល​រាតត្បាត​ជំងឺផ្តាសាយបក្សី H1N1 ។​

 
«​ច​ត្តា​ឡី​ស័ក​» មានន័យថា ជា​វិធាន​ដំបូង​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​រាតត្បាត តាមរយៈ​ការដាក់​មនុស្ស ឬ​បង្ខាំង​សត្វ ដែល​សង្ស័យ​ឆ្លង​ជំងឺ ឲ្យ​នៅ​ដាច់ដោយឡែក​នៅ​កន្លែង និង​រយៈពេល​កំណត់​ណាមួយ​។ មនុស្ស ឬ​សត្វ​ទាំងនោះ ស្ថិតក្រោម​ការតាមដាន និង​ត្រួតពិនិត្យ​សុខភាព​។ បុគ្គលិក​ពេទ្យ​ដែល​ចូល​ទៅកាន់​ទីតាំង​ច​ត្តា​ឡី​ស័ក ត្រូវ​ពាក់​ម៉ាស់ សម្អាត​ដៃ និង​វិធីសាស្ត្រ​ការពារ​ផ្សេង​ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង​ជាយថាហេតុ​ណាមួយ​។​
 
​តាម​និយមន័យ​កន្លងមក ដែល​បញ្ជា​ក់ដោយ​ក្រសួងសុខាភិបាល «​ច​ត្តា​ឡី​ស័ក​» សំដៅ​ដល់​រាល់​សកម្មភាព​ដឹកនាំ​ដោយ​មន្ត្រី​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​មាន​សមត្ថកិច្ច​ដើម្បី​បង្ខាំង​សត្វ ផលិតផល​សត្វ ឧបករណ៍ សម្ភារ និង​មធ្យោបាយ​ដឹកជញ្ជូន​ដែល​ប៉ះពាល់​សត្វ ឬ​ផលិតផល​សត្វ ដើម្បី​ត្រួតពិនិត្យ​អនាម័យ​បង្ការ និង​ទប់ស្កាត់​ជំងឺ​។​
 
​សម្រាប់​អត្ថ​ន័យចំ «​ច​ត្តា​ឡី​» មានន័យថា សែសិប រីឯ «​ស័ក​» សំដៅលើ កាល​, សម័យ​, យុគ ឬ​រយៈពេល​។ ហេតុអ្វី​បានជា​រយៈពេល​៤០​ថ្ងៃ​? 
 
​តាម​ឯកសារ ពាក្យ Quarantine ត្រូវបាន​ប្រើប្រាស់​ដំបូង​កាលពី​អំឡុង​នៃ​ការ​រាតត្បាត​ជំងឺប៉េស្ត​ជាមួយ​ឡើង​ចំណុច​ខ្មៅៗ (Black Death ជា​ភាសា​អង់គ្លេស Peste near ជា​ភាសា​អ៊ីតាលី ឬ Peste noir ជា​ភាសា​បារាំង​) កាលពី​អំឡុង​ឆ្នាំ​១៣៤៦ ដល់​ឆ្នាំ​១៣៥៣​។ នា​អំឡុង​ពេលនោះ សាធារណរដ្ឋ Venice ដែល​បច្ចុប្បន្ន​ជា​ក្រុង​មួយ​របស់​អ៊ីតាលី បានសម្រេច​សម្រេច​ដាក់​នាវា និង​មនុស្ស​ឲ្យ​នៅ​នៅ​ដាច់ដោយឡែក​រយៈពេល​៤០​ថ្ងៃ ដើម្បី​តាមដាន​ពិនិត្យ​ជំងឺ មុននឹង​អនុញ្ញាត​ឲ្យ​ចូល​ដែនដី​របស់ខ្លួន​។​
 
​វិធាន​បែបនេះ ត្រូវបាន​យកទៅអនុវត្ត​ជា​បន្តបន្ទាប់​ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​រាតត្បាត ដូចជា រោគ​ស្វាយ (Syphilis) នៅ​អឺរ៉ុប​ខាងជើង​កាល​ព​អំឡុង​ឆ្នាំ​១៤៩០ ជំងឺ​កើត​លឿង​នៅ​អេ​ស្ប៉ា​ញ នា​ដើម​សតវត្សរ៍​ទី​១៩ និង​ការ​រាតត្បាត​ជំងឺ​អាសន្នរោគ​នៅ​អាស៊ី កាលពី​អំឡុង​ឆ្នាំ​១៨៣១​។ 
 
​ពាក្យ «Quarantine» (​ច​ត្តា​ឡី​ស័ក​) ត្រូវបាន​បន្ត​ប្រើប្រាស់​ដដែល បើទោះបីជា​រយៈពេល​នៃ​ការដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​មិនមែន​អំឡុងពេល​៤០​ថ្ងៃ ដូច​ប្រភពដើម​ក៏ដោយ​។ កាលពី​អំឡុង​ឆ្នាំ​១៨០០ អង់គ្លេស បានដាក់​សត្វ​ដែល​នាំ​ពី​បរទេស​ឲ្យ​នៅ​ដាច់ដោយឡែក​រយៈពេល​៦​ខែ ដើម្បី​ការពារ​ជំងឺ​ឆ្កែឆ្កួត​។​
 
​នៅ​សហរដ្ឋអាមេរិក អវកាសយានិក​នៃ​បេសកកម្ម​អា​ប៉ូ​ឡូ​១១, ១២ និង​១៤ ក៏ត្រូវ​បានដាក់​ក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​ផងដែរ ក្រោយ​ដំណើរ​ត្រឡប់​របស់​ពួកគេ​ពី​បេសកកម្ម​នៅ​ឋាន​ព្រះ​ចន្ទ ខណៈ​បារាំង បាន​អនុវត្ត​វិធាន​នេះ ចាប់តាំងពី​អំឡុង​ឆ្នាំ​១១៨០​មក​។​
 
​អង្គការ​សុខភាព​ពិភពលោក (WHO) បាន​ប្រើប្រាស់​គោលការណ៍​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់​ក្នុងការ​ទប់ស្កាត់​ការ​រាលដាល​ជំងឺឆ្លង​។ ករណី​ជំងឺ​រលាក​សួត​បង្កដោយ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) អ្នក​សង្ស័យ​ត្រូវ​ស្ថិតក្រោម​វិធាន​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​៕

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com