COVID-19
ជាតិ
ករណីឆ្លង COVID-19 នៅសៀមរាប មិនធ្វើឲ្យបុណ្យទន្លេនៅបាត់ដំបង ត្រូវរំសាយឡើយ
09, Mar 2020 , 7:55 pm        
រូបភាព
លោក វ៉ាត់  ចំរើន អគ្គលេខាធិការ NOCC ថ្លែងក្នុងសន្និបាតរបស់ NOCC កាលពីពេលកន្លងទៅ, រូបភាពពី Cambodia SEA Games 2023
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ថ្លែងក្នុងសន្និបាតរបស់ NOCC កាលពីពេលកន្លងទៅ, រូបភាពពី Cambodia SEA Games 2023
ដោយ:
ករណីឆ្លងជំងឺរលាកសួតបង្កឡើងដោយមេរោគ COVID-19 លើបុរសជនជាតិខ្មែរលើកដំបូងនៅខេត្តសៀមរាប មិនមែនជាឧបសគ្គសម្រាប់បុណ្យទន្លេនៅខេត្តបាត់ដំបងនោះទេ ពោលគឺពិធីបុណ្យដែលធ្វើឡើងរៀងរាល់ឆ្នាំមួយនេះ នៅតែបន្តរៀបចំតាមអ្វីដែលបានគ្រោងទុក គ្រាន់តែមានការរឹតបណ្តឹងសុវត្ថិភាពជាងលើកមុនៗ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។



ក្រោយមានករណីបុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំម្នាក់ឆ្លងជំងឺរលាកសួតបង្កដោយមេរោគប្រភេទថ្មី COVID-19 លើកដំបូងនៅខេត្តសៀមរាប បានបង្កើតជាចម្ងល់ដល់មហាជនពាក់ព័ន្ធពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងឆ្នាំនេះ។ មហាជនមួយចំនួនបានវាយតម្លៃថា ពិធីបុណ្យទន្លេឆ្នាំនេះ ទំនងជាអាចត្រូវផ្អាកដំណើរការដោយសារការព្រួយបារម្ភលើការរីករាលដាលនៃ COVID-19។

ប៉ុន្តែចម្ងល់របស់មហាជនត្រូវបានស្រាយបំភ្លឺ បន្ទាប់ពីលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍អះអាងថា គ្មានការផ្អាកការរៀបចំពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងឆ្នាំនេះនោះទេ។ ការសម្រេចបែបនេះ បន្ទាប់ពីរាជរដ្ឋាភិបាលសង្កេតឃើញថា ការឆ្លងមេរោគ COVID-19 នៅកម្ពុជា ពុំទាន់មានការរីករាលដាលគួរឲ្យព្រួយបារម្ភនោះទេ។ ម្យ៉ាងទៀត ដោយសារតែទីតាំងរៀបចំនៃព្រឹត្តិការណ៍នេះមានគម្លាតឆ្ងាយពីទីតាំង ដែលមានករណីឆ្លងមេរោគ COVID-19 ប្រភេទថ្មីនេះ។

«គ្មានអ្វីប៉ះពាល់នោះទេ ដោយសារពិធីបុណ្យទន្លេនៅខេត្តបាត់ដំបងមានទីតាំងគម្លាតឆ្ងាយពីខេត្តសៀមរាប ហើយនៅសៀមរាបវាមាន(COVID-19)តែមួយករណី វាមិនទាន់ឃើញសាយភាយធំដុំនោះទេ។ ដូច្នេះគណៈកម្មការអន្តរក្រសួងដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន នៅតែរក្សាការរៀបចំពិធីបុណ្យទន្លេនៅដដែល»។ លោក វ៉ាត់ ចំរើន លើកឡើងដូច្នេះក្នុងទិវារត់ប្រណាំងស្ត្រីចម្ងាយ១០គីឡូម៉ែត្រ ដែលរៀបចំឡើងដើម្បីអបអរទិវាបុណ្យសិទ្ធនារីអន្តរជាតិ៨មីនា។

តែយ៉ាងណា ការរៀបចំពិធីបុណ្យទន្លេឆ្នាំនេះ អាចមានការរឹតបណ្តឹងផ្នែកសុវត្ថិភាពខ្លាំងជាងឆ្នាំមុនៗ។ បើតាមលោក វ៉ាត់ ចំរើន នៅឆ្នាំនេះគណៈកម្មការរៀបចំពិធីបុណ្យទន្លេ អាចនឹងរៀបចំស្តង់ពេទ្យជាច្រើនកន្លែង ដើម្បីពិនិត្យសុខភាពភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកកម្សាន្តក្នុងពិធីបុណ្យនេះ។ ការធ្វើបែបនេះ គឺដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ ឲ្យពួកគេដើរលេងកម្សាន្តប្រកបដោយភាពសប្បាយរីករាយ ដោយពុំមានការភ័យខ្លាចពាក់ព័ន្ធនឹង COVID-19។

«គណៈកម្មការអន្តរក្រសួងយើង ក៏មានគណៈកម្មការខាងសុវត្ថិភាពដែរ ដែលមានការចូលរួមពីអាជ្ញាធរ ក្រសួងសុខាភិបាល គេបានដាក់ពង្រាយ និងរៀបចំជាស្តង់ពេទ្យគ្រប់ទីកន្លែង ហើយមានពេទ្យចល័តផ្សេងៗទៀត ដើម្បីត្រួតពិនិត្យសុខភាព និងផ្តល់ទឹកលាងដៃ ដើម្បីផ្តល់ការទុកចិត្តដល់អ្នកគ្រប់ៗគ្នា»។ លោក វ៉ាត់ ចំរើន លើកឡើងដូច្នេះ ហើយបានសង្កត់ធ្ងន់ថា ការពិនិត្យសុខភាពមិនមែនធ្វើឡើងលើមនុស្សគ្រប់គ្នា ដែលចូលរួមព្រឹត្តិការណ៍នេះនោះទេ។

ជាមួយគ្នានេះ លោក ជំរុញឲ្យប្រជាពលរដ្ឋកម្ពុជាត្រូវចេះរក្សាអនាម័យ និងចូលរួមប្រយុទ្ធប្រឆាំងនៃការរីករាលនៃការឆ្លងមេរោគប្រភេទថ្មី COVID-19 ទាំងគ្នា។ បន្ថែមលើនេះលោក ស្នើឲ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលរួមដើរលេងកម្សាន្តក្នុងពិធីបុណ្យទន្លេនៅខេត្តបាត់ដំបង ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣-១៥ មីនា ឲ្យបានច្រើនកុះករ។

គួររំលឹកថា កាលពីល្ងាចថ្ងៃសៅរ៍ ទី៧ ខែមីនា រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានរៀបចំសន្និសីទសារព័ត៌មានមួយ ដើម្បីប្រកាសពីលទ្ធផលតេស្តវិជ្ជមានមេរោគ COVID-19 លើបុរសខ្មែរវ័យ៣៨ឆ្នាំម្នាក់នៅខេត្តសៀមរាប។ ភ្លាមៗនោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅទូរសព្ទទៅលោក ម៉ម ប៊ុនហេង ដើម្បីឲ្យប្រកាសពីបិទសាលារៀនបណ្តោះអាសន្នក្នុងក្រុងសៀមរាប និងផ្អាករៀបចំពិធីបុណ្យសៀមរាបសង្ក្រាន្តឆ្នាំនេះ៕

Tag:
 រត់ប្រណាំង
  វ៉ាត់ ចំរើន
  COVIV-19
  បុណ្យទន្លេ
© រក្សាសិទ្ធិដោយ thmeythmey.com