ពីនេះ ពីនោះ
រូបត្លុក
ត្រូវមាន​ចលនា​សម្អាត​ដៃ​ទូទាំងប្រទេស​៖ ក្រសួង​, មន្ទីរ​, ផ្សារ​, ភោជនីយដ្ឋាន​, សាលារៀន​…
10, Mar 2020 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
​សុធីរ និង​សំណាង​បន្ត​ជជែក​ពី​វិធាន​ការការពារ ដើម្បី​ចៀសវាង​ការឆ្លង​រាលដាល​នៃ​ជំងឺ Covid-19 នៅ​កម្ពុជា​។ ក្លើ​ទាំងពីរ​យល់ឃើញថា ការជំរុញ​រូបភាព​នៃ​ការការពារ នៅតែ​ប្រសើរ​ជាង​ការគិត​បារម្ភ​ថា «​ខ្លាច​ពលរដ្ឋ​ភ័យ​ឆោឡោ​»​។​

 
​សំណាង​៖ អា​រឿង Covid-19 នេះ យើង​បន់ស្រន់​ឱ្យ​មានតែ​២​ករណី​ហ្នឹង​ទៅ​ចុះ​។ ប៉ុន្តែ​ទោះយ៉ាងណា​ក៏ដោយ វិធានការ​អនាម័យ និង​តាមដាន​កំដៅ គួរតែ​ត្រូវបានធ្វើ​ដោយ​ម៉ត់ចត់​។ ធ្វើ​ដោយ​អន្លើៗ​ម៉េច​មិនដឹង​ទេ​អ្ហា​?
 
​សុធីរ​៖ អញ​យល់​ពីអ្វី​ដែល​អ្ហែង​ចង់​និយាយ​ហើយ​។ អញ​យល់ស្រប​! នៅតាម​ក្រសួង មន្ទីរ នៅតាម​ផ្សារ​ទំនើប សាលារៀន ថ្នាក់​គ្រប់គ្រង​ត្រូវ​បញ្ជា​ឱ្យគេ​ដាក់ ទឹក​អាល់កុល ទឹក​លាង​សម្លាប់​មេរោគ និង​ឧបករណ៍​វាស់​កំដៅ​នៅតាម​ច្រកចូល​ក្នុង​អគារ​ទាំងនោះ​។ នៅតាម​បន្ទប់ទឹក ត្រូវមាន​សាប៊ូ និង​អនាម័យ​ជាប្រចាំ​។ នៅតាម​ភោជនីយដ្ឋាន ក៏ត្រូវ​អនុវត្ត​គោលការណ៍​នេះ​ទាំងអស់គ្នា​ដែរ​។​
 
​សំណាង​៖ ការពារ​ប្រសើរ​ជាង​ព្យាបាល​។ នៅតាម​ក្រុមហ៊ុន ឬ​កន្លែងធ្វើការ​ឯកជន ក៏ត្រូវ​អនុវត្ត​វិធានការ​នេះដែរ​។ គេ​ប្រាប់​អញ​ថា ឧបករណ៍​វាស់​កំដៅ​ដែល​យើង​ឃើញ​គេ​កាន់​ដៃ​ចុច​ដាក់​លើ​ថ្ងាស់​នោះ មានតម្លៃ​ប្រហែល​៦០​ដុល្លារ​ទេ​។ ស្ថាប័ន​នីមួយៗ​អាច​ទិញ​បាន​។​
 
​សុធីរ​៖ ការការពារ​ជា​លក្ខណៈ​បុគ្គល ជា​ស្ថាប័ន ជា​សហគមន៍​តូចៗ ជា​លក្ខណៈ​ទូទៅ​បែបនេះ គឺជា​រឿង​ល្អ​ណាស់​។ អញ​ជឿថា រូបភាព​បែបនេះ វា​មិនបង្កើត​ឱ្យមាន​រូបភាព​ភ័យខ្លាច ឬ​ធ្វើឱ្យ​ប្រជាជន​អវិជ្ជមាន​នោះឡើយ​។ អញ​គិតថា ការធ្វើ​ដូចនេះ គឺជា​ការ​ដាស់​អារម្មណ៍​រម្លឹក​ពល​រដ្ឋ​ឱ្យ​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការសម្អាត​ដៃ អនាម័យ​ផ្ទាល់ខ្លួន ហើយ​ពលរដ្ឋ​នឹង​យល់ថា កម្ពុជា​យកចិត្តទុកដាក់​នឹង​សុខភាព​សាធារណៈ​របស់​មហាជន​។​
 
​ជជែក​គ្នា​ហើយ សុធីរ ក៏​ដើរទៅ​លាងដៃ​នឹង​ទឹក​អាល់កុល ដែល​ម្ចាស់​ហាង​ដាក់​នៅ​មាត់ទ្វារ​ចេញចូល  ហើយ​ឆ្លៀត​ប្រាប់​ម្ចាស់​តៀម​កាហ្វេ​ឱ្យ​ឧស្សាហ៍​ជូត​សំអាត​តុ​កាហ្វេ​ដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com