ជាតិ
​រដ្ឋមន្ត្រីការបរទេស ប្រាប់​យុវជន​ឲ្យ​ត្រៀម​ចាប់យក​ឱកាស​មាស​ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ ASEM លើក​ទី​១៣
10, Mar 2020 , 12:01 pm        
រូបភាព
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងសុន្ទរកថាក្នុងឱកាសសាទរទិវា «ASEM DAY» នាថ្ងៃ១០ ខែមីនា ឆ្នាំ២០២០ នៅទីធ្លាមុខវត្តបុទុមវត្តី
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងសុន្ទរកថាក្នុងឱកាសសាទរទិវា «ASEM DAY» នាថ្ងៃ១០ ខែមីនា ឆ្នាំ២០២០ នៅទីធ្លាមុខវត្តបុទុមវត្តី
ដោយ:
​ភ្នំពេញ​៖ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ចាត់ទុក ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា «ASEM Day» នៅ​ឆ្នាំ​២០២០​នេះ «​ពិតជា​ពិសេស និង​វិសេសវិសាល​បំផុត​» សម្រាប់​កម្ពុជា​។ ត្រង់នេះ លោក​ប្រមុខ​ការទូត​កម្ពុជា​រូបនេះ អះអាងថា ហេតុផល​នោះ កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣(ASEM13) នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​។

 
​ថ្លែង​សុន្ទរកថា​ក្នុងឱកាស​សាទរ​ទិវា «ASEM DAY» នា​ថ្ងៃ​១០ ខែមីនា នៅ​ទីធ្លារ​មុខ​វត្ត​បុ​ទុម​វ​ត្តី  លោក ប្រាក់ សុខុន មានប្រសាសន៍​ដូច្នេះ​ថា​៖«​ការ​ប្រារព្ធ​ទិវា ASEM Day ថ្ងៃនេះ គឺជា​ការបង្ហាញ​ពី​ការត្រៀមខ្លួន និង​ការប្តេជ្ញាចិត្ត​ខ្ពស់បំផុត​របស់​កម្ពុជា ក្នុង​ការធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣»​។ 
 
​នៅ​ចំពោះមុខ​អ្នកចូលរួម​រាប់រយ​នាក់​ដែល​ភាគច្រើន​ជា​យុវជន លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គូសបញ្ជាក់​ទៀតថា ក្រៅពី​គោលបំណង​លើកកម្ពស់​ការយល់ដឹង​ពី​សារសំខាន់​របស់​ជំនួប​កំពូល ASEM និង​ព្រឹត្តិការណ៍​ទាំងអស់​ពាក់ព័ន្ធ​នឹង ASEM ដែល​កម្ពុជា​រៀបចំ​ធ្វើ​ក្នុងឆ្នាំនេះ ព្រឹត្តិការណ៍​នេះ គឺពាក់ព័ន្ធ​ជាពិសេស​ដល់​យុវជន​។ លោក សង្កត់ធ្ងន់ថា​៖«​យុវជន​គឺជា​អនាគត​របស់​យើង កាលណា​ពួកគេ​ចាប់បាន​ឱកាស​នៃ​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​នេះ​កាន់តែ​ឆាប់ នោះ​ពួកគេ​នឹង​ត្រៀមខ្លួន​កាន់តែ​ប្រសើរ​ដើម្បី​ធានា​នូវ អនាគត​ដ៏​វែងឆ្ងាយ​របស់​ពួកគេ​ដែល​ទៅ​ហួស​ពី​ព្រំដែន​កម្ពុជា​ទៅទៀត​»​។​
 
​ថ្លែង​ក្នុង​សុន្ទរកថា​ដដែល​នេះ លោក​រដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​លើកឡើង​ពី​បញ្ហា​ដែល​ពិភពលោក​កំពុង​ជួបប្រទះ ហើយ​នោះ​គឺជា ការ​រាតត្បាត​នៃ​ជំងឺ COVID-19 ។ លោក ថ្លែង​ដូច្នេះ​ថា ខណៈ​ពិភពលោក​កំពុង​រវល់​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 សន្និសីទ​ជាច្រើន​ដែល​បានគ្រោង​រៀបចំ​ទុកជាមុន​អស់​ជាច្រើន​ខែ​នៅតាម​តំបន់​នានា​ទូទាំង​ពិភពលោក ត្រូវបាន​លុបចោល ឬ​ពន្យារពេល ដោយសារ​ការភ័យខ្លាច​នៃ​ជំងឺ​ផ្លូវដង្ហើម​នេះ​។ 


លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស មើលស្តង់វិទ្យាស្ថានចក្ខុវិស័យអាស៊ី ហៅកាត់ថា «AVI»
 
​ម្យ៉ាងវិញទៀត លោក​រដ្ឋមន្ត្រី លើកឡើងថា មកដល់ពេលនេះ​ប្រទេស​កម្ពុជា ជួបប្រទះ​ករណី COVID-19 តិចតួច​បំផុត (២​ករណី​ប៉ុណ្ណោះ ហើយ​ក្នុងនោះ​ម្នាក់​ជាសះស្បើយ​) ក៏ប៉ុន្តែ​រដ្ឋាភិបាល កំពុង​ចាត់វិធានការ​យ៉ាង​ប្រុងប្រយ័ត្ន​ទុកជាមុន ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​បញ្ហា​នេះ ហើយក៏​កំពុង​សហការ​យ៉ាង​ជិតដិត​ជាមួយ​អង្គការ​សុខភាព​លំដាប់​ពិភពលោក​នានា​ផងដែរ​។​
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប (ASEM)  ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​១៩៩៦ ដើម្បី​ជំរុញ​កិច្ចសន្ទនា និង​កិច្ចសហប្រតិបត្តិការ​រ​វាង​អាស៊ី និង​អឺរ៉ុប​។ បច្ចុប្បន្ននេះ ASEM មាន​ដៃគូ​ចំនួន​៥៣ ក្នុងនោះ​មាន​២១​ប្រទេស​មកពី​អាស៊ី និង​៣០​ប្រទេស​មកពី​អឺរ៉ុប ព្រមទាំង​អគ្គលេខាធិការដ្ឋាន​អាស៊ាន និង​សហភាពអឺរ៉ុប ជារួម ប្រទេស​ដៃគូ ASEM តំណាង​ឲ្យ ៦៥​ភាគរយ នៃ​សេដ្ឋកិច្ចពិភពលោក​, ៦០​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​, ៥៥​ភាគរយ​នៃ​ពាណិជ្ជកម្ម​ពិភពលោក និង ៧៥​ភាគរយ នៃ​ទេសចរណ៍​ពិភពលោក​។ កម្ពុជា បាន​ក្លាយជា​ដៃគូ​របស់ ASEM ចាប់តាំងពី​ឆ្នាំ​២០០៤​មកម្ល៉េះ​។ 
 
ASEM បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​លើកកម្ពស់​ភាព​ជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​អា​ស៊ី​-​អឺរ៉ុប​ដើម្បី​លើកកម្ពស់​សន្តិភាព វិបុលភាព​សេដ្ឋកិច្ច និង​វឌ្ឍនភាព សង្គម​។ ហើយ ASEM បាន​ក្លាយជា​គ្រឹះ​ដ៏​សំខាន់​មួយ​នៃ​ប្រព័ន្ធ​ពហុភាគី​និយម និង​អភិបាលកិច្ច​សកល​។ នេះ​បើតាម​លោក ប្រាក់ សុខុន​។ 
 
​សម្រាប់​ជំនួប​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នេះ វា​មាន​មូលបទ​ថា «​ការពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា​»​។ បើតាម​លោក​រដ្ឋមន្ត្រី មូលបទ​នេះ​ផ្តោត​សំខាន់​លើ​ការរួមបញ្ចូល​គ្នា​នៃ​ទស្សនៈ​សំខាន់ៗ​ចំនួន​បួន​គឺ ពហុភាគី​និយម កំណើន​ការអភិវឌ្ឍ​ប្រកបដោយ   ចីរភាព និង​វិបុលភាព ដែល​នឹង​រួមចំណែក​ពង្រឹង​ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប ដើម្បី​ធានាថា ពហុភាគី​និយម​នាំមក​នូវ​កំណើន​ប្រកបដោយ​បរិ​យា​ប័ន្ន និង​វិបុលភាព​រួម​។​
 
​បើតាម​ការរំពឹងទុក​របស់​រដ្ឋាភិបាល​កម្ពុ​ជា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​នេះ នឹង​ជំរុញ​បំណង ប្រាថ្នា និង​អត្ថប្រយោជន៍​រួម​របស់​ដៃគូ ASEM ទាំងអស់​បន្ថែមទៀត​ឱ្យ​បន្ត​ផ្តោតលើ​ការកសាង ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​ដ៏​រឹងមាំ រស់​រវើក និង​គ្រប់​ជ្រុងជ្រោយ​។​
 
​ក្រៅពី​ជំនួប​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​នេះ កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​អម​ផ្សេងៗ​ជាច្រើន ពេញ​មួយឆ្នាំ​តែម្តង​។ ព្រឹត្តិការណ៍​ទាំងអស់នោះ​រួមមាន ៨​ធំៗ នោះ​គឺ ១)​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប ២)​វេទិកា​ធុរកិច្ច​និង​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប ៣)​កិច្ចប្រជុំ កំពូល​នៃ​អ្នកដឹកនាំ​វ័យក្មេង​របស់​មូលនិធិ​អាស៊ី​-​អឺរ៉ុប ៤)​កិច្ចពិភាក្សា​តុមូល​អ្នកនិពន្ធ​នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប ៥)​វេទិកា​ការងារ​អាស៊ី​-​អឺរ៉ុប ៦)​វេទិកា​ប្រជាជន​អាស៊ី​-​អឺរ៉ុប​និង ៧)​មហោស្រព​វប្បធម៌ អាស៊ី​-​អឺរ៉ុប និង ៨) វេទិកា​ស្តីពី​ស្ត្រី​ក្នុង​ការរក្សា​សន្តិភាព​និង​សន្តិសុខ​៕

Tag:
 ​ប្រាក់ សុខុន​
  ASEM Day
  អាស៊ី​-​អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com