COVID-19
ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្រ្តី៖«ឲ្យបាត់ទៅ EBA ២០ភាគរយនុ៎ង កុំទៅខ្វល់»
10, Mar 2020 , 1:52 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រក្សាជំហរដដែល គឺមិនលន់តួសហភាពអឺរ៉ុប សុំឲ្យផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០ភាគរយ ដែលទើបនឹងកាត់ចេញពីកម្ពុជានោះ មកវិញឡើយ។ សម្តេច ប្រកាសថា កម្ពុជា បានត្រៀមថវិការួចហើយ សម្រាប់ទប់ទល់នឹងវិបត្តិសេដ្ឋកិច្ច ដែលកើតឡើងពីការបាត់ផ្នែកខ្លះនៃ EBA និង ការជះឥទ្ធិពលអាក្រក់នៃការរាលដាលវីរុសកូវីដ-១៩។



សម្តេចនាយករដ្ឋមន្រ្តី ថ្លែងក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានវ៉ាន់ដា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ យ៉ាងដូច្នេះថា៖«យើង ក៏បានត្រៀមទុកពីចម្ងាយ សម្រាប់ផលប៉ះពាល់ទៅលើ EBA ២០ភាគរយដែរ។ កម្ពុជា បញ្ជាក់ច្បាស់ហើយថា មិនទៅស្នើសុំ២០ភាគមកវិញទេ។ [យើង] ត្រៀមបម្រុងនៅនេះហើយ ឲ្យបាត់ទៅ អា២០ភាគរយនុ៎ង កុំទៅខ្វល់»។

សម្តេច បកស្រាយដូចលើកមុនៗថា មុននិងក្រោយ  EBA គង់តែបាត់ពីកម្ពុជាទេ ហើយកម្ពុជា មិនអាចយកអធិបតេយ្យទៅដោះដូរជាមួយនឹងជំនួយឬការអនុគ្រោះណាមួយពីបរទេសជាដាច់ខាត។  សម្តេច និយាយថា៖«ឥឡូវ បាត់២០ភាគរយ អត់មានបញ្ហាអ្វីទេ»។

និយាយដល់កាត់ EBA ២០ភាគរយ សម្តេចនាយករដ្ឋមន្រ្តី ក៏ឆ្លៀតភ្ជាប់ជាមួយនឹងរឿងកាត់ទោសលោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិផងដែរ។ សម្តេច មានប្រសាសន៍ថា មិនអាចព្រោះតែចង់បាន EBA ២០ភាគរយមកវិញ កម្ពុជា ត្រូវធ្វើតាមការទាមទាររបស់សហភាពអឺរ៉ុប ហើយមិនអនុវត្តច្បាប់ខ្លួនឯងឡើយ។

ប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងថា មិនអាចឲ្យអ្នក ដែលត្រូវកាត់ទោស បែរជាមិនបានកាត់ទោសនោះទេ។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ថា៖«គិតមិនឲ្យគេកាត់ទោសឬស្អី ត្រូវតែកាត់ ហើយម្តងនេះ មិនមែន [ពន្ធនាគារ] ត្រពាំងផ្លុងទេ ប្រាប់ឲ្យហើយ គឺកន្លែងផ្សេង ឲ្យតែសាលក្រមចេញហើយ គឺដាក់ [ពន្ធនាគារ] ហើយ គ្មានទៅទុកទេ»។

ថវិកា ដែលរដ្ឋាភិបាលបម្រុងទុកដោះស្រាយវិបត្តិសេដ្ឋកិច្ច មាន២សេណារិយោ។ ទី១ រដ្ឋាភិបាល ត្រៀមប្រមាណ៨រយលានដុល្លារ បើកម្ពុជា ជួបវិបត្តិសេដ្ឋកិច្ចដោយសារវីរុសកូវីដ-១៩ ក្នុងរយៈពេលកន្លះឆ្នាំ និងទី២ ត្រៀមដល់ទៅប្រមាណ២ពាន់លានដុល្លារ បើវិបត្តិសេដ្ឋកិច្ច អូសបន្លាយដល់មួយឆ្នាំ។ ថវិកាទាំងនោះ ក៏សម្រាប់ទុកដោះស្រាយវិបត្តិសេដ្ឋកិច្ច ដែលកើតចេញពីការកាត់ផ្នែកខ្លះនៃ EBA ដែរ។

ក្នុងពិធីចែកសញ្ញាបត្រនោះ មេដឹកនាំកម្ពុជា អះអាងថា៖«យើង ក៏បានប៉ាន់ស្មានថា បើ៦ខែ វា ធ្លាក់កំណើនសេដ្ឋកិច្ចប៉ុនណា ផលប៉ះពាល់ វាធំប៉ុនណា បាត់បង់ចំណូលប៉ុនណា បើវា កើតដល់មួយឆ្នាំ តើកំណើនសេដ្ឋកិច្ច ធ្លាក់នៅប៉ុនណា ហើយយើង ត្រូវប៉ះប៉ូវទឹកប្រាក់ទំហំប៉ុន្មាន»។

ក្រៅពីការត្រៀមថវិកា រដ្ឋាភិបាល នៅមានវិធានការមួយចំនួនទៀត ដើម្បីជួយដល់វិស័យឯកជន ជាពិសេសរោងចក្រកាត់ដេរសម្លៀកបំពាក់និងស្បែកជើង។ វិធានការដ៏សំខាន់មួយ គឺការលើកលែងពន្ធកន្លះឆ្នាំឬដល់មួយឆ្នាំ ចំពោះរោងចក្រណាដែល រងផលប៉ះពាល់ខ្លាំង ពីការខ្វះវត្ថុធាតុដើម ដើម្បីកុំឲ្យរោងចក្រទាំងនោះ បិទទ្វារឬព្យួរការងារកម្មករ។

ប្រមុខរដ្ឋាភិបាល សង្កត់ធ្ងន់ថា៖«ខ្ញុំ បានចុះហត្ថលេខារួចហើយ។ បើអ្នកឯងប៉ះពាល់ប៉ុណ្ណេះភាគរយ ខ្ញុំ នឹងលើកលែងពន្ធឲ្យប៉ុន្មានខែ...ដើម្បីឲ្យរោងចក្រ នៅតែប្រកួតប្រជែងបាន។ ប្រមុខរដ្ឋាភិបាល បន្តថា នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ នឹងប្រកាសដាក់ចេញវិធានការបន្ថែម។

លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ផ្តល់ព័ត៌មានកាលពីថ្មីៗនេះថា មានរោងចក្រជាង៣០ហើយ ដែលសុំព្យួរការងារកម្មករប្រមាណ១,៧ម៉ឺនាក់។ លោក បន្ថែមថា តាមការព្យាករ ក្នុងអំឡុងខែមីនា ឆ្នាំ២០២០ អាចនឹងមានរោងចក្រសហគ្រាស់ជិត២រយ ដែលប្រឈមនឹងការខ្វះវត្ថុធាតុដើម ហើយអាចនឹងប៉ះពាល់ដល់កម្មករដល់ទៅប្រមាណ១៦ម៉ឺននាក់។

អត្ថបទទាក់ទង


យ៉ាងណាក៏ដោយ ភាគីចិន ចាប់ផ្តើមដឹកជញ្ជូនវត្ថុធាតុដើម ជាពិសេសសាច់កំណាត់ មកផ្គត់ផ្គង់នៅកម្ពុជាវិញហើយ។ នៅថ្ងៃទី៩ ខែមីនា ម្សិលមិញ ភាគីចិន បានប្រើកប៉ាល់៧គ្រឿង ដឹកវត្ថុធាតុដើមកម្ពុជា។ វា ជាសញ្ញាណវិជ្ជមានមួយ សម្រាប់រោងចក្រ ដែលប្រឈមនឹងការព្យួរការងារកម្មករ។

មិនមែនតែកម្ពុជាទេ បណ្តាប្រទេសនានា ក៏ជួបវិបត្តិនៃការខ្វះវត្ថុធាតុដើម ដែលនាំចូលពីចិនដែរ។ ដោយសារតែការរាលខ្លាំងនៃវីរុសកូវីដ-១៩ ទើបក្រុមហ៊ុននិងរោងចក្រជាច្រើននៅចិន សម្រេចផ្អាកការផ្គត់ផ្គង់វត្ថុធាតុដើមទៅបណ្តាប្រទេសទាំងនោះ។ សម្រាប់កម្ពុជា វត្ថុធាតុដើម ដែលនាំចូលពីចិន មានប្រមាណ៦០ភាគរយ៕

Tag:
 EU
  EBA
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com