COVID-19
អន្តរជាតិ
លោក ស៊ី ទៅក្រុងវូហានលើកដំបូង ក្រោយការផ្ទុះ COVID-19 និងរាលដាលពេញពិភពលោក ប្រធានាធិបតីចិន ក្នុងដំណើរទស្សនកិច្ចទៅទីក្រុងវូហាន ប្រទេសចិន។ រូបភាព៖ Xinhua
× ប្រធានាធិបតីចិន ស៊ី ជិនភីង នាព្រឹកថ្ងៃទី១០ ខែមីនា បានដាក់ជើងជាន់ទីក្រុងវូហាន បន្ទាប់ពីស្ថានភាពជំងឺCOVID-19 ក្នុងទីក្រុងបានធូរស្បើយ។ នេះ គឺជាដំណើរទស្សនទៅក្រុងវូហានជាលើកដំបូងរបស់លោកប្រធានាធិបតី ចាប់តាំងពីកើតមានកូរ៉ូណាវីរុសនៅក្នុងទីក្រុងនាចុងឆ្នាំ ២០១៩កន្លងមក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua។
ក្នុងដំណើរទស្សនកិច្ចដោយគ្មានការប្រកាសជាមុន ប្រធានាធិបតីស៊ី ជិនភីង បានដាក់ជើងជាន់ទីក្រុងវូហាន ដែលត្រូវបិទអស់រយៈពេលជាងជិតពីរខែមកនេះ។ បន្ទាប់ពីទៅដល់ លោកប្រធានាធិបតីចិន បានទៅទស្សនកិច្ចមន្ទីរពេទ្យ Huoshenshan មុនគេ ដើម្បីសិក្សាពីប្រតិបត្តិការរបស់មន្ទីរពេទ្យ ការព្យាបាលអ្នកជំងឺ វិធីការពារបុគ្គលិកសុខាភិបាល និងការស្រាវជ្រាវវិទ្យាសាស្ត្រជាដើម។
មន្ទីរពេទ្យ Huoshenshan ត្រូវបានចិនសាងសង់ឡើងត្រឹមតែរយៈពេល ១០ថ្ងៃប៉ុណ្ណោះ ដែលមានគ្រែសម្រាបដាក់អ្នកជំងឺរហូតដល់ ១០០០គ្រែឯណោះ ដើម្បីព្យាបាលអ្នកជំងឺCOVID-19។
មិនតែប៉ុណ្ណោះ លោក ស៊ី ថែមទាំងបានជួបជាមួយអ្នកជំងឺ និងសួរសុខទុក្ខអ្នកទាំងនោះផងដែរ ប៉ុន្តែធ្វើឡើងតាមរយៈការទំនាក់ទំនងជាវីឌីដូ (Video Call) តែប៉ុណ្ណោះ។ ក្នុងសំលៀកបំពាក់ធម្មតា និងពាក់ម៉ាស់សម្រាប់ការពារ ប្រមុខរដ្ឋចិនរូបនេះ ក៏បានលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យទាំងអស់ ឲ្យកាន់តែមានទំនុកចិត្តថែមទៀត ក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19 ។
ដំណើរទស្សនកិច្ចរបស់លោកស៊ី ទៅក្រុងវូហានលើកនេះ ត្រូវបានអ្នកវិភាគនយោបាយមើលឃើញថា ការទប់ស្កាត់COVID-19 នៅក្នុងប្រទេសយ៉ាងមានប្រសិទ្ធភាព និង ជាជ័យជម្នះបណ្តោះអាសន្នសម្រាប់ប្រទេសចិន។
ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ចំនួនករណីឆ្លង និងស្លាប់នៅក្នុងប្រទេសចិន គឺមានការធ្លាក់ចុះជាបន្តបន្ទាប់។ នាថ្ងៃទី៨ ខែមីនា ចិនមានករណីឆ្លងត្រឹមតែ ៤៤ករណី និងស្លាប់ ២៧ករណី។ នៅថ្ងៃបន្ទាប់ចិនមានករណីឆ្លងត្រឹមតែ ៤០ករណី និងស្លាប់២២ករណីតែប៉ុណ្ណោះ។ ចំនួននេះ ត្រូវបានគេមើលឃើញថាគឺមានការធ្លាក់ទាបបំផុតចាប់តាំងពីថ្ងៃទី២០ ខែមករាកន្លងមក។ ករណីឆ្លងភាគច្រើន គឺកើតមានតែនៅក្នុងខេត្តហ៊ូប៉ីតែប៉ុណ្ណោះ។
គិតត្រឹមថ្ងៃទី១០ ខែមីនា COVID-19 ត្រូវបានគេរកឃើញជាង ១១ម៉ឺនករណី។ ក្នុងចំនួនដ៏ច្រើនបែបនេះ មានអ្នកស្លាប់លើសពី ៤ពាន់ករណី និងអ្នកជាសះស្បើយជាង ៦៣០០០នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com