COVID-19
អន្តរជាតិ
COVID-19៖ ហ្វីលីពីន ប្រកាស​ដាក់​សុខាភិបាល​សាធារណៈ​ក្នុងស្ថានភាព​អាសន្ន​
10, Mar 2020 , 7:39 pm        
រូបភាព
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ  ។ រូបភាព៖ MANILA BULLETIN
ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាព៖ MANILA BULLETIN
​ប្រធានាធិបតី​ហ្វីលីពីន នា​ថ្ងៃទី​៩ ខែមីនា បានចេញ​សេចក្តីប្រកាស​ដាក់​សុខាភិបាល​សារ​ធា​រណៈ​ហ្វីលីពីន​ស្ថិតក្នុង​ស្ថានភាព​អាសន្ន បន្ទាប់ពី​ក្រសួងសុខាភិបាល​រកឃើញ​ករណី​ឆ្លង​នៅក្នុង​ប្រទេស​ជា​បន្តបន្ទាប់​។


 
​ប៉ុន្មាន​ម៉ោង​ក្រោយ​បន្ទាប់ពី​ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​ករណី​ឆ្លង​នៅក្នុង​ស្រុក ១០​ករណី​ចុងក្រោយ ប្រធានាធិបតី​ហ្វីលីពីន រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ បាន​ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​លេខ ៩២២ ស្តីពី​ការប្រកាស​ដាក់​សុខាភិបាល​សាធារណៈ​ហ្វីលីពីន​ស្ថិតក្នុង​ស្ថានភាព​អាសន្ន​។ សេចក្តីប្រកាស​នេះ ធ្វើឡើង​តាមរយៈ​ការផ្តល់​យោបល់​ពី​សំណាក់​ក្រសួងសុខាភិបាល​។ 
 
​បើតាម​សេចក្តីប្រកាស​មួយ​នេះ ប្រធានាធិបតី​ហ្វីលីពីន បាន​បញ្ជា​ឲ្យ​ទីភ្នាក់ងារ​រដ្ឋាភិបាល និង​រដ្ឋាភិបាល​ថ្នាក់​តំបន់​ទាំងអស់​ចូលរួម​សហការ ជួយ​រៀបចំ​ប្រមូល​ធនធាន​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ចាត់វិធានការ​ឆ្លើយតប​នឹង​ការគំរាមកំហែង​COVID-19​។ មិនតែប៉ុណ្ណោះ ប្រជាជន​ហ្វីលីពីន ភ្ញៀវទេសចរ ក៏ត្រូវ​ស្ថិតនៅក្រោម​សេចក្តីប្រកាស​មួយ​នេះដែរ​។ បានសេចក្តីថា ពលរដ្ឋ​ទាំងអស់ ត្រូវតែ​អនុវត្តតាម​អនុសាសន៍​របស់​ទីភ្នាក់ងារ​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ករណី​ឆ្លង COVID-19 នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន The Star​។ 
 
​បន្ថែម​ពីលើ​នេះ សេចក្តីប្រកាស​ចេញ​ថ្ងៃទី​៩ ខែមីនា​នេះ ក៏បានផ្តល់​អំណាច​ដល់​រដ្ឋមន្ត្រី​សុខាភិបាល​លោក Francisco Duque III ក្នុងការ​កោះហៅ​កងកម្លាំង​ប៉ូលិស​ជាតិ​ហ្វីលីពីន និង​កងកម្លាំង​ផ្សេងទៀត ឲ្យ​ជួយ​ប្រយុទ្ធប្រឆាំង COVID-19 ដែរ​។ សេចក្តីប្រកាស​នេះ នឹងមាន​សុពលភាព​រហូតដល់​ប្រធានាធិបតី​ហ្វីលីពីន ឌូ​ទើ​តេ ចុះហត្ថលេខា​និរាករណ៍​។ 
 
​សូមបញ្ជាក់ថា ករណី​ឆ្លង​នៅ​ហ្វីលីពីន បាន​កើនឡើង​រហូតដល់ ២០​ករណី​ហើយ ខណៈ​អ្នក​ស្លាប់មាន ១​ករណី​។ ក្នុងចំណោម​បណ្តា​សមាជិក​អាស៊ាន​ទាំងអស់ មានតែ​ពីរ​ប្រទេស​ប៉ុណ្ណោះ ដែល​មិនទាន់​រកឃើញ​COVID-19 ក្នុងនោះ​មានដូចជា​ឡាវ និង​មី​យ៉ាន់​ម៉ា​៕

Tag:
 ហ្វីលីពីន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com