ជាតិ
វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី រួមចំណែក​យ៉ាងសំខាន់​សម្រាប់​ជំនួប​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣
10, Mar 2020 , 4:42 pm        
រូបភាព
លោក សំអាត ច័ន្ទ សុមានិត ដែលជាអ្នកស្រាវជ្រាវម្នាក់នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
លោក សំអាត ច័ន្ទ សុមានិត ដែលជាអ្នកស្រាវជ្រាវម្នាក់នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
ដោយ:
​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ហៅ​កាត់​ថា «AVI» កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងនាម​ជា​ស្ថាប័ន​ស្រាវជ្រាវ​គោលនយោបាយ​សម្រាប់​ជំនួប​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​គ្រោង​រៀបចំឡើង​នា​ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខ​ដោយ​កម្ពុជា​ជា​ម្ចាស់ផ្ទះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សំអាត ច័ន្ទ សុ​ម៉ានិត ដែលជា​អ្នកស្រាវជ្រាវ​ម្នាក់​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)​។​

 
​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ អំឡុង​ពិធី​សាទរ​ទិវា «ASEM DAY» នា​ព្រឹក​ថ្ងៃ​១០ ខែមីនា នៅ​ទីធ្លា​មុខ​វត្ត​បុ​ទុម​វ​ត្តី អ្នកស្រាវជ្រាវ​វ័យក្មេង​ប្រចាំ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី លោក ម៉ានិត គូសបញ្ជាក់ថា​៖«​វិទ្យាស្ថាន AVI ដើរតួនាទី​យ៉ាងសំខាន់ ជាពិសេស ក្នុងនាម​ជា​ស្ថាប័ន​ផ្ដល់យោបល់​ផ្នែក​គោលនយោបាយ​ដល់​ថ្នាក់ដឹកនាំ​កំពូល​ក្នុង​ក្រសួងការបរទេស​»​។​
 
​ត្រង់ចំណុច​នេះ លោក ម៉ានិត​ ដែលបច្ចុប្បន្នក៏ជានិសិ្សតឆ្នាំទី៤នៃដេប៉ាតេម៉ង់សិក្សាអន្តរជាតិនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ​ អះអាងថា សមិទ្ធផល​សំខាន់​របស់​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) គឺ​ការបោះពុម្ពផ្សាយ​នូវ សៀវភៅ​មួយ​ក្បាល ក្រោម​ចំណងជើង​ថា «Cambodia’s ASEM Chairmanship 2020 Small Country with Big Task»  ដែល​ប្រែជា​ភាសា​ខ្មែរ​ថា «​ភាពជា​ម្ចាស់ផ្ទះ ASEM របស់​កម្ពុជា​៖ ប្រទេស​តូច​ជាមួយ​កិច្ចការ​ធំ​»​។​
 
​បន្ថែម​ពី​សៀវភៅ​កម្រាស់​ជាង​១០០​ទំព័រ​មួយ​ក្បាល​នេះ វិទ្យាស្ថាន AVI ក៏បាន​បញ្ចូល​ធាតុ​ផ្សំ​ជាច្រើន​ដោយ​ការផ្ដល់​អនុសាសន៍​ប្រធានបទ​ក្តៅៗ​ដែល​កំពុង​កើតឡើង​ជុំវិញ​ពិភពលោក​សម្រាប់​របៀប​វារៈ​របស់ ASEM ។ លោក ម៉ានិត គូសបញ្ជាក់​បែបនេះ ដោយ​បន្ថែមទៀតថា វិទ្យាស្ថាន​ស្រាវជ្រាវ​លោក​នេះ ក៏​កំពុងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូរ​ពាក់ព័ន្ធ ដូចជា ក្រសួងការបរទេស​, ព្រឹទ្ធសភា និង​រដ្ឋសភា ជាដើម ដើម្បី​សម្របសម្រួល​កិច្ចប្រជុំ​កំពូល​ដ៏​ធំ​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ និង​ព្រឹត្តិការណ៍​អម​ផ្សេងៗ​ចំនួន ៨ ទៀត​។​


សៀវភៅដែល AVI បោះពុម្ភផ្សាយ
 
​ទាក់ទិន​នឹង​ផលចំណេញ​ដែល​កម្ពុជា​នឹង​ទទួលបាន​ពី​ការរៀបចំ​ជំនួប​កំំ​ពូ​ល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ អ្នក​ស្រាវ​ជ្រា​វ័យក្មេង​រូបនេះ យល់ឃើញថា កម្ពុជា នឹង​ទទួលបាន​មុខមាត់ និង​កិត្យានុភាព​យ៉ាង​ធំធេង​លើ​តំបន់​និង​ឆាក​អន្តរជាតិ​។ 
 
​លោក ម៉ានិត ពន្យល់​ដូច្នេះ​ថា​៖«​សម្រាប់​ឆ្នាំ​២០២០​នេះ កម្ពុជា ដើរតួ​យ៉ាងសំខាន់​ក្នុងការ​លើកស្ទួយ​ប្រព័ន្ធ​ពហុភាគី​និយម​។ ស្រប​ពេលដែល​ប្រព័ន្ធ​មួយ​នេះ កំពុង​រង​ការគាបសង្កត់ និង​គំរាមកំហែង​ពី​ការ​ងើបឡើង​នៃ​គំនិត​គាំពារនិយម និង​ឯកតោភាគី​និយម ដូច្នេះហើយ ទោះបីជា​កម្ពុជា គឺជា​ប្រទេស​តូច​ពិតមែន ប៉ុន្តែ​កម្ពុជា​អាច​តួនាទី​ជួយ​ឲ្យ​ពហុភាគី​និយម​រស់​ឡើងវិញ​»​។​
 
​បន្ថែម​ពីមុខ​មាត់​ធំធេង​លើ​ឆាក​តំបន់ និង​អន្តរជាតិ បើតាម​ការយល់ឃើញរ​ប​ស់លោក ម៉ានិត កម្ពុជា ក៏​នឹង​ទទួលផល​ចំណេញ​ជាច្រើន​ផ្សេងទៀត ដូចជា វិស័យ​ទេសចរណ៍ និង​ការទទួលស្គាល់​ពី​អន្តរជាតិ ជាដើម​។ សម្រាប់​វិស័យ​ទេសចរណ៍ ជំនួប​កំពូល​នេះ អាចជួយ​ផ្សព្វផ្សាយ​ប្រទេស​កម្ពុជា ដែលមាន​វប្បធម៌​ដ៏​សម្បូរបែប​ឲ្យ​ពិភពលោក​ស្គាល់​កាន់តែ​ច្រើនជាង​មុន​។​
 
​ម្យ៉ាងវិញទៀត លោក សង្កត់ធ្ងន់ថា ដោយហេតុថា កម្ពុជា​ឆ្នាំនេះ​គឺជា​ម្ចាស់ផ្ទះ ASEM ដែលមាន​ដៃគូ​ចំនួន​៥៣ ក្នុងនោះ​មាន​២១​ប្រទេស​មកពី​អាស៊ី និង​៣០​ប្រទេស​មកពី​អឺរ៉ុប ព្រមទាំង​អគ្គលេខាធិការដ្ឋាន​អាស៊ាន និង​សភា​អឺរ៉ុប​ផង​នោះ វា​ឆ្លុះ​បង្ហាញថា កម្ពុ​ជាមាន​សមត្ថភាព និង​លទ្ធភាព​គ្រប់គ្រាន់​ក្នុងការ​រៀបចំ​ជំនួប​កំពូល​ដ៏​ធំ​សម្បើម​មួយ​នេះ​។​
 
​សូមបញ្ជាក់ថា AVI ដែលមាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ពេញ​ថា Asian Vision Institute ត្រូវបាន​បង្កើត​ឡើងជា​ផ្លូវការ​កាលពី​ឆ្នាំ​២០១៩ ដោយមាន​គោលដៅ​ចម្បង​ជំរុញ និង​កសាង​សង្គម​ដែល​ប្រកបដោយ​ចីរភាព សន្តិភាព បរិ​យា​ប័ន្ន និង​យក​លំនាំ​តាម​ក្នុង​តំបន់​អាស៊ី​។​
 
​សម្រាប់​ជំនួប​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​នា​ថ្ងៃទី​១៦-១៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ខាងមុខនេះ វា​មាន​មូលបទ​ថា «​ការពង្រឹង​ពហុភាគី​និយម ដើម្បី​កំណើន​រួមគ្នា​»​។ បើតាម​ការរំពឹងទុក​របស់​រដ្ឋាភិបាល​កម្ពុ​ជា កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​នេះ នឹង​ជំរុញ​បំណង ប្រាថ្នា និង​អត្ថប្រយោជន៍​រួម​របស់​ដៃគូ ASEM ទាំងអស់​បន្ថែមទៀត​ឲ្យ​បន្ត​ផ្តោតលើ​ការកសាង ភាពជា​ដៃគូ​អាស៊ី​-​អឺរ៉ុប​ដ៏​រឹងមាំ រស់​រវើក និង​គ្រប់​ជ្រុងជ្រោយ​។​
 
​ក្រៅពី​ជំនួប​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣​នេះ កម្ពុជា​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ក៏​នឹង​រៀបចំ​ព្រឹត្តិការណ៍​អម​ផ្សេងៗ​ជាច្រើន ពេញ​មួយឆ្នាំ​តែម្តង​។ ព្រឹត្តិការណ៍​ទាំងអស់នោះ​រួមមាន ៨​ធំៗ នោះ​គឺ ១)​កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប ២)​វេទិកា​ធុរកិច្ច​និង​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប ៣)​កិច្ចប្រជុំ កំពូល​នៃ​អ្នកដឹកនាំ​វ័យក្មេង​របស់​មូលនិធិ​អាស៊ី​-​អឺរ៉ុប ៤)​កិច្ចពិភាក្សា​តុមូល​អ្នកនិពន្ធ​នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប ៥)​វេទិកា​ការងារ​អាស៊ី​-​អឺរ៉ុប ៦)​វេទិកា​ប្រជាជន​អាស៊ី​-​អឺរ៉ុប​និង ៧)​មហោស្រព​វប្បធម៌ អាស៊ី​-​អឺរ៉ុប និង ៨) វេទិកា​ស្តីពី​ស្ត្រី​ក្នុង​ការរក្សា​សន្តិភាព​និង​សន្តិសុខ​៕
 

Tag:
 វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​
  AVI
  កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣
  សំអាត ច័ន្ទ សុ​មានិត​
© រក្សាសិទ្ធិដោយ thmeythmey.com