COVID-19
អន្តរជាតិ
ឥណ្ឌូណេស៊ី ចាប់​មនុស្ស​៦​នាក់​ក្រោយ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​ពី COVID-19 លើ​បណ្ដាញ​សង្គម​
10, Mar 2020 , 9:39 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​ជនជាតិ​ឥណ្ឌូណេស៊ី ៦ នាក់ ត្រូវបាន​ចាប់ខ្លួន​ក្រោយ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ​តាម​អន​ឡាញ​ជុំវិញ​ជំងឺ​ផ្លូវដង្ហើម​កូ​រ៉ូ​ណា COVID-19 ។ សមត្ថកិច្ច​ឥណ្ឌូណេស៊ី បញ្ជាក់​បែបនេះ នៅ​ថ្ងៃ​អង្គារ ១០ ខែមីនា  ខណៈ​ករណី​ឆ្លង​ជំងឺ COVID-19 របស់​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​មួយ​នេះ​បន្ត​កើនឡើង​។​

 
​ស្ត្រី​ម្នាក់​ក្នុង​ទីក្រុង Surabaya ដែល​ទីក្រុង​ធំ​បំផុត​លំដាប់​ទី​២​របស់​ឥណ្ឌូណេស៊ី ត្រូវបាន​ឃាត់ខ្លួន កាលពី​ថ្ងៃ​ចន្ទ ទី​៩ មីនា ពីបទ​បំភ្លៃ​ព័ត៌មាន​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា អ្នកជំងឺ​ម្នាក់ កំពុង​សម្រាក​ព្យាបាល​សម្រាប់​ជំងឺ COVID-19 ក្នុង​ទីក្រុង​នេះ​។ ប៉ូលិស​ឥណ្ឌូណេស៊ី បញ្ជាក់​បែបនេះ ដោយ​ដកស្រង់​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន AFP ។​
 
​ចំណែក ជនជាតិ​ឥណ្ឌូណេស៊ី ៥​នាក់​ផ្សេងទៀត ក៏​ត្រូវបាន​ឃុំឃាំង​សម្រាប់​បំពុល​ព័ត៌មាន​លើ​បណ្ដាញ​សង្គម ដែល​ក្នុងនោះ​រួមមាន ការ​អះអាងថា ស្ត្រី​អ្នក​កាន់សាសនា​ឥស្លាម​ម្នាក់​ដែល​ហោះ​ទៅកាន​អា​រ៉ា​ប៊ី​សា​អូឌីត​សម្រាប់​ពិធី​សាសនា​មួយ បាន​ស្លាប់​ភ្លាមៗ​ដោយសារ​ជំងឺ COVID-19 នៅ​ព្រលានយន្តហោះ​អន្តរជាតិ​របស់​រដ្ឋធានី​ហ្សា​ការ​តា ។ 
 
​ជនសង្ស័យ​ទាំង​៦​នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​បំពាន​ច្បាប់ ដែល​ហាមឃាត់​ការ​ចែកចាយ​ព័ត៌មាន​ក្លែងក្លាយ ហើយ​បទចោទប្រកាន់​នេះ អាច​ជាប់ពន្ធនាគា​ររ​ហូត​ដល់ ៦ ឆ្នាំ​។  
 
​បើតាម AFP មន្ត្រីជាន់ខ្ពស់​ម្នាក់​នៃ​ក្រសួង​ព័ត៌មាន​ឥណ្ឌូណេស៊ី លោក Semuel Abrijani Pangerapan អះអាងថា ចំណាត់ការ​នេះ គួរ​ចាត់ទុកជា​មេរៀន​មួយ​សម្រាប់​មនុស្ស​ដទៃទៀត កុំ​ឲ្យ​បំពុល​ព័ត៌មាន​ជុំវិញ​កូ​រ៉ូ​ណាវី​រុស​ក្នុងប្រទេស​ឥណ្ឌូណេស៊ី​។ 
 
​គួរ​រម្លឹក​ផងដែរ​ថា កាលពី​ខែ​មុន ស្ត្រី​ឥណ្ឌូណេស៊ី​ចំនួន ២ នាក់ ត្រូវបាន​ចាប់ខ្លួន​សម្រាប់​ការ​បង្ហោះ​ព័ត៌មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹង​ជំងឺ COVID-19 ក្នុងប្រទេស​ដែលមាន​អ្នកលេង​បណ្ដាញ​សង្គម​សរុប ១៣០​លាន​នាក់​។ 
 
​គិត​ត្រឹម​ថ្ងៃ​ចន្ទ​ទី ០៩ ខែមីនា អាជ្ញាធរ​ឥណ្ឌូណេស៊ី បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​ជំងឺ COVID-19 ដល់ ១៩ ករណី​ហើយ​៕

Tag:
 ​ឥណ្ឌូណេស៊ី​
  Fake News
  COVID-19
  កូ​រ៉ូ​ណាវី​រុស​
© រក្សាសិទ្ធិដោយ thmeythmey.com