ជាតិ
សាកល​វិទ្យា​ភូមិន្ទ​ភ្នំពេញ រៀបចំ​វេទិកា​ការងារ ជួយ​និស្សិត រក​ការងារ​ធ្វើ​
10, Mar 2020 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ បានរៀបចំ​វេទិកា​ការងារ​លើក​ទី​២​សម្រាប់​ឆ្នាំ​២០២០ ដើម្បី​ផ្ដល់ឱកាស​ដល់​សិស្ស​និស្សិត​ដែល​ចង់រក​ការងារ​។ វា អាចជួយ​សិស្ស​និស្សិត ឲ្យ​ទទួលបាន​បទពិសោធន៍ ក៏ដូចជា​ចំណូល​ពី​ការចូល​បម្រើការ​ស្រប​ពេលដែល​កំពុង​សិក្សា​។


 
​កាលពី​ព្រឹក​ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០២០ ក្នុង​អាគារ​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា នៃ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហាត់​កីឡា​កា​រ៉ា​តេ ស្ថិតក្នុង​បរិវេណ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ស្ថាប័ន​ចំនួន​៣៤ បានដាក់​បង្ហាញ​ពី​ឱកាស​ការងារ​ដល់​សិស្ស​និស្សិត រួមជាមួយ​បុគ្គលិក​ដែល​នៅចាំ​ផ្តល់ព័ត៌មាន​។ សិស្ស​និស្សិត​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​បណ្ដា​និស្សិត​យ៉ាងច្រើន​ពី​សាកលវិទ្យាល័យ​នានា បាន​ចូលរួម​សាកសួរ​ទៅ​បុគ្គលិក​ក្រុមហ៊ុន និង​បំពេញ​ពាក្យ​ដាក់​ធ្វើ​ការងារ​ទៅតាម​ស្ថាប័ន​ផ្សេងៗ​។ 
 
​យុវជន យី សំអាត យល់ថា ការរៀបចំ​វេទិកា​ការងារ​នេះ​គឺ​វា​ពិតជា​ល្អ ព្រោះ​ក្រុមហ៊ុន​ទាំងអស់​អាចមាន​ឱកាស​ក្នុងការ​ជ្រើសរើស​បុគ្គលិក​ទៅតាម​តម្រូវការ ហើយ​វា​ក៏​ជា​ភាពងាយស្រួល​ដល់​និស្សិត​ដើម្បី​មានឱកាស​ទទួល​បានកា​រងារ​ស្របពេល​កំពុង​សិក្សា និង​មាន​ជម្រើស​ថែមទៀត​ផង​។ យុវជន​រូបនេះ លើកឡើងថា​«​ខ្ញុំ​ជា​និស្សិត​ម្នាក់​ដែល​ធ្លាប់​ទទួលបាន​ការងារ​ពី​ពិព័រណ៍​ការងារ​ថ្នាក់ជាតិ​នៅ​កោះ​ពេជ្រ ហើយ​ខ្ញុំ​ទទួលបាន​បទពិសោធន៍​ច្រើន​ពី​ការងារ​នោះ​»​។ 


យី សំអាត (អ្នកចូលរួម)
 
​យុវជន​វ័យ​២៥​ឆ្នាំ​ដដែល​នេះ បន្ថែមថា វា ជា​លើក​ទី​៣​ហើយ ដែល​ខ្លួន​បាន​ចូលរួម​ក្នុង​ពិព័រណ៍ ឬក៏​វេទិកា​ការងារ ហើយ​យល់ថា វា ជាការ​ប្រសើរ​ដូចគ្នា ខុស​ត្រង់​ថា​វេទិកា​ការងារ​លើក​ទី​២​នេះ មាន​ចំនួន​ស្ថាប័ន​តិច ហើយ​មនុស្ស​ក៏​មិនសូវ​ច្រើន​ដូច​កម្មវិធី​ថ្នាក់ជាតិ​ប៉ុណ្ណោះ​។ 
 
​ចំណែក យុវជន ឆែម វណ្ណៈ ក៏​យល់ថា ការរៀបចំ​វេទិកា​ការងារ​នេះ ពិតជា​ល្អ​ប្រាកដ​ណាស់​សម្រាប់​និស្សិត មិន​ចំពោះតែ​និស្សិត​នៃ​សាកលវិទ្យាល័យ​មួយចំនួន​ទេ ប៉ុន្តែ​ជាការ​ផ្ដល់ឱកាស​ដល់​និស្សិត​ទូទាំងប្រទេស អាចមាន​ជម្រើស​ការងារ​ច្រើន​ទៅតាម​ចំណង់​ចំណូលចិត្ត​។  វណ្ណៈ និយាយថា​៖«​បណ្ដា​ស្ថាប័ន​ដែល​មក​ជ្រើសរើស​បុគ្គលិក​ក្នុង​វេទិកា​ការងារ​នេះ សុទ្ធតែ​ក្រុមហ៊ុន​មានការ​ទទួលស្គាល់ និង​ល្បីឈ្មោះ ដែល​អាច​ឲ្យ​និស្សិត​ចូល​បម្រើ​ការងារ​ទទួល​បាន​បទពិសោធន៍​ស្របពេល​កំពុង​សិក្សា​ផងដែរ​»​។ 


ឆែម វណ្ណះ (អ្នកចូលរួម)
 
​រីឯ យុវតី ង៉ា លក្ខិណា មាន​វ័យ​២៥​ឆ្នាំ ទើបនឹង​បាន​ចូលរួម​ក្នុង​វេទិកា​ការងារ​នេះ​ជា​លើក​ទី​១ តាមរយៈ​មិត្តភក្តិ ហើយក៏​បាន​បានដាក់​ពាក្យសុំ​បម្រើ​ការងារ​ទៅ​ស្ថាប័ន​មួយចំនួន​ផងដែរ​។ យុវតី​រូបនេះ មាន​ទស្សនៈ​ថា​៖«​វេទិកា​ការងារ​នេះ គឺ​ពិតជា​ល្អ​មែនទែន ដែល​ខ្ញុំ​អាច​ដឹង​ពី​តម្រូវការ​របស់​ក្រុមហ៊ុន និង​មាន​ជម្រើស​ក្នុងការ​ជ្រើសរើស​ការងា​រ​ដែល​ខ្ញុំ​ចង់បាន​ថែមទៀត​ផង​។ ពេលនេះ​ខ្ញុំ​អាចដាក់​ពាក្យសុំ​បម្រើ​ការងារ​បាន​ដោយ​ខ្លួនឯង​»​។​


ង៉ា លក្ខិណា (អ្នកចូលរួម)
 
​លោក មឿ​ន ចន្ទ្រា ជា​អ្នករៀបចំ និង​ជា​អ្នកសម្របសម្រួល​កម្មវិធី បាន​បញ្ជាក់ថា វេទិកា​ការងារ​លើក​ទី​២ ឆ្នាំ​២០២០ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មាន​ស្ថាប័ន​ចំនួន​៣៤ ចូលរួម និង​មាន​ក្រុមនិស្សិត​៥០​នាក់ (​ក្រុមនិស្សិត​ស្ម​គ្រ​ចិត្ត​នៃ​សាកលវិទ្យាល័យ​) ហើយ​សម្រាប់​ស្ថាប័ន​ដែល​មក​ចូលរួម គឺ​បង់​៣០​ដុល្លារ ឲ្យ​សាលា សម្រាប់​ការរៀប​ចំនេះ​៕


លោក មឿន​ ចន្រ្ទា (ជាប្រធានក្រុមបង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងជាអ្នកសម្របសម្រួលកម្មវិធី)​

Tag:
 វេទិកា​ការងារ​
© រក្សាសិទ្ធិដោយ thmeythmey.com