COVID-19
អន្តរជាតិ
​លោក Karl Habsburg ចៅប្រុស​របស់​អតីត​អធិរាជ​អូទ្រីស ឆ្លង​កូ​រ៉ូ​ណាវី​រុស​
10, Mar 2020 , 5:18 pm        
រូបភាព
លោក Karl Habsburg  ចៅប្រុសរបស់អតីតអធិរាជអូទ្រីស
លោក Karl Habsburg ចៅប្រុសរបស់អតីតអធិរាជអូទ្រីស
ដោយ: រួបរួម
​លោក Karl von Habsburg ដែលជា​ចៅប្រុស​បង្កើត​របស់​អតីត​អធិរាជ​អូទ្រីស ត្រូវដាក់​ឲ្យ​ស្ថិតនៅ​ដាច់ដោយឡែក​ក្នុង​រដ្ឋ Lower Austria បន្ទាប់ពី​តេស្ត​ឃើញ​វិជ្ជមាន​កូ​រ៉ូ​ណាវី​រុស (COVID-19)​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន​អូទ្រីស Krone នា​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​។​


 
​លោក Karl ដែល​ញាតិវង្ស​នៃ​សែស្រឡាយ Habsburg  ត្រូវ​វាយ​ការណ៍​ថា ឆ្លង COVID-19 ក្រោយ​ទៅ​ចូលរួម​ប្រជុំ​មួយ​នៅ​ក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដោយនៅ​ទីនោះ ក៏មាន​តំណាង​មកពី​ភាគ​ខាងជើង​អ៊ីតាលី ជាច្រើន​នាក់​ចូលរួម​ផងដែរ​។​
 
​លោក Karl វ័យ​៥៩​ឆ្នាំ​ជា​បុត្រ​ច្បង​របស់​ព្រះអង្គ Otto Habsburg និង​ជា​ចៅ​អធិរាជ Karl I ដែលជា​អធិរាជ​ចុងក្រោយ​នៃ​ចក្រភព​អូទ្រីស​-​ហុង​គ្រី​។ លោក​ជា​អតីត​សមាជិកសភា​អឺរ៉ុប ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ​១៩៩៩​ផងដែរ​។ បច្ចុប្បន្ន លោក​ជា​អ្នកគ្រប់គ្រង​វិមាន House of Habsburg-Lorraine​។​
 
​ក្នុង​បទ​សម្ភាស​តាម​ទូរ​សព្ទ ជាមួយ​សារព័ត៌មាន Krone លោក Karl អះអាងថា សុខភាព​របស់ខ្លួន​មិនមាន​សភាព​ធ្ងន់ធ្ងរ​នោះឡើយ​។ 
 
​នៅ​ថ្ងៃ​អង្គារ ទី​១០ ខែមីនា នេះ  អូទ្រីស មាន​ករណី​ឆ្លង​២៦​បន្ថែមទៀត ដែល​ធ្វើ​ឲ្យ​ចំនួន​សរុប​ឡើងដល់​១៥៧​ករណី ក្នុងនោះ ទើបតែ​មាន​២​ករណី​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ព្យ​បាល​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕

© រក្សាសិទ្ធិដោយ thmeythmey.com