ចិន បញ្ជូន​វត្ថុធាតុដើម​៧​នាវា ដែល​បម្រើ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​
ជាតិ
សេដ្ឋកិច្ច
ចិន បញ្ជូន​វត្ថុធាតុដើម​៧​នាវា ដែល​បម្រើ​ក្នុង​វិស័យ​កាត់ដេរ​កម្ពុជា​
10, Mar 2020 , 10:39 pm        
រូបភាព
​នាវា​ឈ្មោះ SITC FUJIAN  ដឹក​វត្ថុធាតុដើម​សម្រាប់​បម្រើ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ នានា​តំបន់​នានា​បាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃទី​៩​មីនា ឆ្នាំ​២០២០​។ រូបថត​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន​។
​នាវា​ឈ្មោះ SITC FUJIAN ដឹក​វត្ថុធាតុដើម​សម្រាប់​បម្រើ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ នានា​តំបន់​នានា​បាន​ដឹក​មកដល់​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កាលពី​យប់​ថ្ងៃទី​៩​មីនា ឆ្នាំ​២០២០​។ រូបថត​៖ ទំព័រ​ហ្វេ​ស​ប៊ុ​ក សម្តេច ហ៊ុន សែន​។
​ភ្នំពេញ​៖ ចិន បាន​បញ្ជូន​វត្ថុធាតុដើម​៧​នាវា ដែល​បម្រើ​ដល់​ការផលិត​ក្នុង​វិស័យ​វាយភណ្ឌ​កាត់ដេរ​នៅ​កម្ពុជា​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ ដោយ​សម្តេច បន្ថែមថា ក្នុងចំណោម​វត្ថុធាតុដើម​ទាំង​៧​នាវា​នោះ មាន​៥​នាវា​ចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ និង​២​នាវា​ទៀត ចូល​ចត​នៅ​កំពង់ផែ​ក្រុង​ហូជីមិញ​។

 
​បើតាម​ប្រមុខ​រដ្ឋាភិបាល នាវា​២​គ្រឿង ដែល​ចូល​ចត​ក្នុង​ក្រុង​ហូជីមិញ គឺ​ដើម្បី​បម្រើ​ដល់​ការផលិត​របស់​រោងចក្រ​នានា នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​បាវិត ខេត្តស្វាយរៀង​។ ប្រមុខ​រដ្ឋាភិបាល លើកឡើងថា កាលពី​យប់​ថ្ងៃទី​៩ ខែមីនា មាន​នាវា​១​គ្រឿង​ហើយ ដែល​ដឹក​វត្ថុធាតុដើម​ជាង​៦០​កុងតឺន័រ មក​ចូល​ចត​នៅ​កំពង់ផែ​ព្រះសីហនុ ហើយនឹង​មាន​នាវា ចូល​ចត​ជា​បន្តបន្ទាប់​ទៀត​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រាប់​ទៅ​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់ ជាពិសេស​ខាង​កំពង់ផែ និង​គយ ឲ្យ​ធ្វើយ៉ាងណា​សម្រួល​ដល់​ការដឹកជញ្ជូន​វត្ថុ​ធាតុ​ទាំងនេះ ឲ្យ​ដល់​រោងចក្រ ឲ្យ​បាន​ឆាប់រហ័ស​បំផុត​។​
 
​សារព័ត៌មាន ThmeyThmey មិនអាច​សុំ​ព័ត៌មាន​បន្ថែម​ជុំវិញ​នៃ​ការ​នាំចូល​វត្ថុធាតុដើម​ទាំងនេះ ពី​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និង​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ​បានឡើយ ដោយ​លោក​ទាំងពីរ​មិន​លើក​ទូរ​សព្ទ​៕ 
 

Tag:
 វត្ថុធាតុដើម​
  កាត់ដេរ​
  វាយ​ន​ភណ្ឌ​
  សម្តេច ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com