COVID-19
ជាតិ
សម្ដេច ហ៊ុន សែន​៖ កាត់បន្ថយ​ការចំណាយ​របស់​ស្ថាប័នរដ្ឋ ប៉ុន្តែ​ប្រាក់បៀវត្ស​មន្ត្រី​នៅ​ដំឡើង​ធម្មតា​
10, Mar 2020 , 5:29 pm        
រូបភាព
​ភ្នំពេញ​៖ ទោះបីជា​រដ្ឋាភិបាល តម្រូវឱ្យ​គ្រប់​ក្រសួង និង​ស្ថាប័នរដ្ឋ កាត់បន្ថយ​ចំណាយ​៥០​ភាគរយ​ក្តី ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជកា​រ​ឡើយ​។ សម្ដេច ហ៊ុន សែន អះអាង​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០​។​


 
​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា ប្រាក់បៀវត្ស​មន្ត្រីរាជការ ដែល​ត្រូវ​ដំឡើង​នៅ​ខែមេសា​ខាងមុខ គឺ​ត្រូវ​អនុវត្តតាម​គោលនយោបាយ​ជាធម្មតា​។ «(​កាត់បន្ថយ​ការចំណាយ​) អាហ្នឹង​គឺជា​ផែនការ​សន្សំសំចៃ ប៉ុន្តែ​ចំណាយ​បន្ទុក​បុគ្គលិក​មិន​ថយ​ទេ គឺ កើន​។ ថ្ងៃទី​១ ខែមេសា ជិត​មកដល់​នេះ ជា​ថ្ងៃ​ចាប់ផ្ដើម​នៃ​ការឡើង​បៀវត្ស​ជាថ្មី​ម្ដងទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន ដែល​ឆ្លើយតប​នឹង​អ្នក​ផ្សាយ​ព័ត៌មាន​មិន​ពិត ជុំវិញ​ការកាត់បន្ថយ​ការចំណាយ​តាម​ក្រសួង​។​



 
​ក្នុង​មួយឆ្នាំ​រដ្ឋាភិបាល​សម្រេច​ដំឡើង​ប្រាក់បៀវត្ស​ជូន​មន្ត្រីរាជការ​ពីរដង គឺ​ប្រាក់បៀវត្ស​មូលដ្ឋាន នៅ​ដើមខែ​មករា និង​ប្រាកបៀវត្ស​បំណាច់​មុខងារ នៅ​ខែមេសា បូករួម​នឹង​ប្រាក់ឧបត្ថម្ភ​លើកទឹកចិត្ត សម្រាប់​ប្រើប្រាស់​នៅក្នុង​ថ្ងៃ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ទៀតផង​។ នេះ​បើតាម​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​
 
​ប្រាក់បៀវត្ស​មូលដ្ឋាន របស់​មន្ត្រីរាជការ​ស៊ីវិល គ្រូបង្រៀន គ្រូពេទ្យ នគរបាលជាតិ និង​យោធិន ដែល​ត្រូវបាន​ដំឡើង​នៅ​ខែមករា ឆ្នាំ​២០២០ ដូចខាងក្រោម​៖ មន្ត្រីរាជការ​ស៊ីវិល​ទទួលបាន ១,១៤២,៥០០​រៀល ,​គ្រូបង្រៀន និង​គ្រូពេទ្យ ១,២៤២,៥០០​រៀល ,​នគរបាលជាតិ (​ពលបាលត្រី​) ប្រមាណ​១,២២៦,៩៧៧​រៀល (​គិត​បញ្ចូល​របប​អង្ករ​) និង​យោធិន (​ពលទោ​) ប្រមាណ​១,០៩៣,៥០០​រៀល (​មិន​គិត​បញ្ចូល​របប​អង្ករ​)​។​
 
​ដោយឡែក​ប្រាក់​ដំណាច់​មុខងារ ដែល​ត្រូវ​ដំឡើង​នៅ​ខែមេសា ឆ្នាំ​២០២០​វិញ គឺ​មន្ត្រីរាជការ​ស៊ីវិល ឡើងដល់​១,១៧២,៥០០​រៀល​, គ្រូបង្រៀន និង​គ្រូពេទ្យ ទទួលបាន ១,២៧២,៥០០​រៀល​, នគរបាលជាតិ (​ពលបាលត្រី​)​ចំនួន ១,២៥៦,៩៧៧​រៀល (​គិត​បញ្ចូល​របប​អង្ករ​) និង​យោធិន (​ពលទោ​) ឡើងដល់​១,១២៣,៥០០​រៀល (​មិន​គិត​បញ្ចូល​របប​អង្ករ​) ។​
 
​ពី​ពិធី​ចែក​សញ្ញាបត្រ​ជូន​និស្សិត​នៃ​វិទ្យាស្ថាន​វ៉ាន់ដា នា​ព្រឹក​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០២០ សម្ដេច ហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាល បាន​ត្រៀម​ថវិកា​៨០០​លាន​ដុល្លារ ទៅ​២​ពាន់​លាន​ដុល្លារ សម្រាប់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ចជាតិ បើសិនជា​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី (COVID-19) អូសបន្លាយ​ពេល​យូរ​ទៀត​។ ថវិកា​នេះ អាច​ដោះស្រាយ​សេដ្ឋកិច្ច​ពី​រយៈពេល​៦​ខែ​ទៅ​១​ឆ្នាំ​។​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា ថវិកា​ទាំងនេះ គឺ​រដ្ឋាភិបាល​បានមកពី​ការកាត់បន្ថយ​ការចំណាយ​៥០​ភាគរយ ពី​ក្រសួង និង​ស្ថាប័នរដ្ឋ លើកលែងតែ​ក្រសួង​៣ ដែល​កាត់​តែ​២៥​ភាគរយ​ប៉ុណ្ណោះ​។ ក្រសួង​ទាំង​៣​នោះ រួមមាន​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ក្រសួងពាណិជ្ជកម្ម និង​ទីស្តីការគណៈរដ្ឋមន្ត្រី ។ សម្ដេច ហ៊ុន សែន បាន​អះអាងថា ការកាត់បន្ថយ​ការចំណាយ​តាម​ក្រសួង​នេះ វា​មិនមាន​ផលប៉ះពាល់​ដល់​ចរន្ត​ការងារ​របស់​អង្គភាព​ទាំងមូល​នោះទេ ៕

Tag:
 ហ៊ុន សែន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com