ជាតិ
ដាំ​បន្លែ​ចម្រុះ​នៅ​រដូវក្តៅ កសិករ​អាច​ចំណេញ​ប្រាក់​លើស ៣-៤​ដង ធៀប​នឹង​ការដាំ​ស្រូវ​
11, Mar 2020 , 8:59 am        
រូបភាព
លោក លឹម លឿង កំពុង​ស្រោច​បន្លែ​របស់ខ្លួន នៅ​ចម្ការ​មួយកន្លែង​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប​។
លោក លឹម លឿង កំពុង​ស្រោច​បន្លែ​របស់ខ្លួន នៅ​ចម្ការ​មួយកន្លែង​ក្នុងស្រុក​សូទ្រនិគម ខេត្តសៀមរាប​។
​ការប្តូរ​ទម្លាប់​ពី​ការដាំ​ស្រូវ ទៅ​ដាំ​បន្លែ​ចម្រុះ​វិញ ក្នុង​រដូវប្រាំង​ដែលមាន​អាកាសធាតុ​ក្តៅ​ហួតហែង ប្រជាកសិករ នឹង​ទទួលផល​ចំណេញ​៣​ទៅ​៤​ដង បើ​ធៀប​នឹង​ការដាំ​ស្រូវ​។ នេះ​ជា​លើកឡើង​របស់លោក ថាច់ រតនា អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តស្វាយរៀង នៅក្នុង​ពិធី​ប្រកួត​«​បន្លែ​សុវត្ថិភាព​ក្នុងស្រុក​» កាលពី​ថ្ងៃទី​៦​មីនា កន្លងមក​។ លោក ថាច់ រតនា បន្ត​បញ្ជាក់ថា ការដាំ​បន្លែ​មិន​ត្រឹមតែ​ឆាប់​ទទួលបាន​ចំណូល​នោះទេ តែ​វា​ជា​វិធាន​ការល្អ​មួយ សម្រាប់​កសិករ​ក្នុងការ​បង្កើន​សមត្ថភាព​បន្ស៊ាំ​ខ្លួន​នឹង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។

 
​ការដាំ​បន្លែ​ចម្រុះ ឬ​ដាំ​ដំណាំ​រួមផ្សំ​នេះ គឺជា​ការឆ្លើយតប​ដ៏​ប្រសើរ​មួយ​ទៅនឹង​ប្រែប្រួល​អាកាសធាតុ​នាពេល​បច្ចុប្បន្ន​។ កសិករ​ប្រើប្រាស់​ទឹក​តិច ជី​តិច និង​ធាតុ​ផ្សំ​នានា​ក្នុង​ដំណាំ​តិច ប៉ុន្តែ​ទទួលបាន​ផល​ខ្ពស់ បង្កើន​ចំណូល និង​ប្រាក់ចំណេញ​ច្រើន​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ថាច់ រតនា នា​ពិធី​ប្រកួត​«​បន្លែ​សុវត្ថិភាព​ក្នុងស្រុក​» កាលពី​ថ្ងៃទី​៦​មីនា កន្លងទៅ​។ លោក​បាន​បន្តថា​៖«​ក្នុង​បរិបទ​ដែល​ប្រទេស​យើង មាន​អាកាសធាតុ​ក្តៅ​បែបនេះ ការដាំ​ដំណាំ​រួមផ្សំ​នានា ដែល​ប្រើប្រាស់​ទឹក​តិច​ក្នុងការ​ស្រោចស្រព គឺជា​ជម្រើស​ប្រសើរ​បំផុត ដែល​ធ្វើឱ្យ​កសិករ​យើង​ទទួលបាន​ប្រាក់ចំណូល​ខ្ពស់ ជាង​ការ​ធ្វើស្រែ​ពី​៣​ទៅ​៤​ដង ក្នុង​រយៈពេល​ខ្លី​»​។​
 
​អនុប្រធាន​មន្ទីរ​កសិកម្ម​រូបនេះ បាន​បញ្ជាក់ថា  បន្លែ ឬ​ដំណាំ​រួមផ្សំ កសិករ​គ្រាន់តែ​ចំណាយពេល​១ ទៅ​៣​ខែ​ប៉ុណ្ណោះ អាច​ទទួលផល ហើយ​ពុំ​ចាំបាច់​ត្រូវការ​ទឹក​ច្រើន​ដូចជា​ដំណាំ​ស្រូវ​ដែល​ត្រូវការ​ទឹក​គ្រប់គ្រាន់ ដើម្បី​ផ្តល់​ទិន្នផល​ល្អ​ឡើយ​។ នេះ​ជាការ​បន្ថែម​របស់ លោក ថាច់ រតនា ដែល​បាន​បញ្ជាក់ថា នៅ​រដូវប្រាំង ដាំ​ស្រូវ មួយ​ហិកតា ត្រូវការ​ទឹក​ស្រាច​ស្រព​១,២​ម៉ឺន​ម៉ែត្រគូប​ឯណោះ​។ 


លោក ថាច់ រតនា អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង ប្រាប់​សារព័ត៌មាន​ThmeyThmey25 នៅក្នុង​ពិធី​ប្រកួត​«​បន្លែ​សុវត្ថិភាព​ក្នុងស្រុក​» កាលពី​ថ្ងៃទី​៦​មីនា ឆ្នាំ​២០២០​។ 
 
​ពាក់ព័ន្ធ​នឹង​ការដាំ​បន្លែ​ក្នុង​រដូវប្រាំង ដែលមាន​អាកាស​ក្តៅ​ហើយ​ថែមទាំង​ខ្វះ​ប្រភពទឹក​ស្រាច​ស្រព​ទៀត​នោះ លោក សុខ សុធា អ្នកជំនាញ​កសិកម្ម​នៃ​អង្គការ​GRET បាន​លើកឡើងថា  ប្រជាកសិករ គួរតែ​ដាំ​បន្លែ​ប្រភេទ​ណា​ដែល​ហុច​ផល​ក្នុង​រយៈពេល​ខ្លី ត្រឹម​៣០​ថ្ងៃ ឬ​៤៥​ថ្ងៃ​។ លោក​បាន​បញ្ជាក់ថា បន្លែ​លូតលាស់​ក្នុង​រយៈពេល​ខ្លី មាន​ប្រភេទ​បន្លែ​ស្លឹក ដូចជា សាឡាត ស្ពៃចង្កឹះ និង​ស្ពៃ​ក្រ​ញ៉ា​ញ់​ជាដើម​។​
 
​បើតាម លោក លោក សុខ សុធា ការដាំដុះ​បន្លែ​នៅ​ខែ​ក្តៅ ក៏​ទាមទារ​ឱ្យ​កសិករ​ចេះ​ប្រើប្រាស់​បច្ចេកទេស​ដាំ​ដុះ ដែល​ត្រូវ​ប្រើប្រាស់​ទឹក​ស្រោច​តិច តែ​ទទួលបាន​ផល​ច្រើន​ពី​បន្លែ​ទាំងនោះ​ផងដែរ​។ លោក សុខ សុធា ពន្យល់​ពី​បច្ចេកទេស​ដាំ​បន្លែ​នា​រដូវក្តៅ​យ៉ាង​ដូច្នេះ​៖« ពេល​ដាំ​បន្លែ កសិករ​ត្រូវមាន​ស្បៃ​សម្រាប់​គ្រប​លើ​បន្លែ ដើម្បី​កាត់បន្ថយ​កម្តៅ​។ ប្រើ​គម្រប​ដី​នៅលើ​បន្លែ​ដែលមាន​ចំបើង ឬ​កំប្លោក  មិន​ត្រឹមតែ​ជួយ​កាត់​បន្ថយកម្តៅ​ទេ គឺ​ថែម​ជួយ​រក្សា​ទឹក​ក្នុង​ដី​ដែល​កសិករ​ស្រោច​នៅលើ​បន្លែ កុំឱ្យ​ឆាប់​ហួត​។ បើ​នៅ​តំបន់​គ្មាន​ប្រភពទឹក​គ្រប់គ្រាន់ ស្រប​នឹង​អាកាសធាតុ​ក្តៅ​ខ្លាំង  កសិករ​អាច​រៀប​ប្រព័ន្ធ​ដំណក់ទឹក សម្រាប់​ស្រោចស្រព​បន្លែ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ទឹក​ខ្ជះខ្ជាយ​»​។​


លោក សុខ សុធា អ្នកជំនាញ​កសិកម្ម​នៃ​អង្គការ​GRET​។​
 
​អ្នកជំនាញ​កសិកម្ម​នៃ​អង្គការ​GRE ដដែល​អះអាងថា ការប្រើប្រាស់​នូវ​បច្ចេកទេស​ខាងលើ គឺអាច​ឱ្យ​កសិករ​ផលិត​បន្លែ និង​ដំណាំ​ផ្សេងៗ​បាន​ពេញ​មួយឆ្នាំ សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​។ 
 
​តាម​ការ​ព្យាករ អាកាសធាតុ​កម្ពុ​ជានា​រដូវប្រាំង​ឆ្នាំនេះ ចាប់ពី​ចុងខែ​មីនា ដល់​ខែមេសា នឹងមាន​សីតុណ្ហភាព​រហូតដល់​៤២​អង្សា​សេ​។ ការកើនឡើង​នូវ​កម្តៅ​បែបនេះ ធ្វើឱ្យ​ខេត្ត​នៅតាម​តំបន់​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ខាងជើង ខ្វះ​ប្រភពទឹក​ប្រចាំថ្ងៃ សម្រាប់​ស្រោចស្រព​ដំណាំ និង​ការ​ចិញ្ចឹមសត្វ​នានា​។ នេះ​បើតាម លោក កែវ វី  អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ដែល​បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 តាម​ទូរ​សព្ទ​កាលពី​ចុង​សប្តាហ៍​កន្លងទៅ​។ បើតាម​លោក កែវ វី ខេត្ត​ដែល​ប្រឈម​ការខ្វះ​ទឹក​ប្រើប្រាស់​ខ្លាំង ក្នុង​រដូវប្រាំង​នេះ​មាន​ខេត្តសៀមរាប បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ និង​ឧ​ត្ត​រ​មានជ័យ​។​
 
​អ្នកនាំពាក្យ​រូបនេះ បាន​អំពាវនាវ​ដល់​កសិករ​ទាំងអស់ កុំ​ធ្វើ​ស្រូវ​បង្កើន​រដូវ​ក្នុង​ខែមេសា ហើយ​ត្រូវ​រក្សា​ទឹក​ដែលមាន​នៅក្នុង​អាង​ស្តុក​ទឹក តាម​ទន្លេ បឹង ស្រះ​...​សម្រាប់​ដាំ​ដំណាំ និង​បន្លែ​រួមផ្សំ​នានា​៕


លោក កែវ វី អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ក្នុង​សន្និសីទកាសែត នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​១៥ សីហា ឆ្នាំ​២០១៩​។​


Tag:
 ប្រែប្រួល​អាកាសធាតុ​
  បន្លែ​សុ​វ​តិ្ថ​ភាព
© រក្សាសិទ្ធិដោយ thmeythmey.com