COVID-19
ជាតិ
២៥ខេត្ត/រាជធានី
អ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយស្ត្រីអង់គ្លេសនឹងត្រូវយកសំណាកទៅធ្វើតេស្តនៅប៉ាស្ទ័រ
× ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងយកសំណាករបស់អ្នកដំណើរចំនួន ៣០នាក់ និងបុគ្គលិកបម្រើការលើនាវា Viking Cruise Journey ៣៤នាក់ មកធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខភិបាល ដែលអានដោយលោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង នៅក្នុងសន្និសីទកាសែតបន្ទាន់ នៅយប់ថ្ងៃទី១០ មីនានេះ។
បើតាម លោក ម៉ម ប៊ុនហេង អ្នកទាំង៦៤នាក់នេះ ជាអ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោល ជាមួយស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ ដែលរកឃើញវិជ្ជមានជំងឺ Covid-19 ។ បច្ចុប្បន្ន ស្ត្រីរូបនេះកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែក នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។ លោកម៉ម ប៊ុនថ្លែង ដូច្នេះថា៖«អ្នកដំណើរសរុប ៣០នាក់ និងបុគ្គលិកបម្រើការ ៣៤នាក់ ត្រូវឲ្យនៅលើនាវាទាំងអស់ រង់ចាំក្រុមការងារឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងក្រសួងសុខាភិបាល យកសំណាកមកធ្វើតេស្ត នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា»។
សូមជម្រាបថា មានមនុស្សជិតស្និទ្ធជាមួយស្ត្រីអង់គ្លេសដែលមានវិជ្ជមាន Covid-19 ៤នាក់ទៀតបានធ្វើតេស្តរកជំងឺ Covid-19 ដែរ ប៉ុន្តែលទ្ធផលសុទ្ធតែអវិជ្ជមាន ហើយពួកគេ ត្រូវបានដាក់ឲ្យបន្ទប់ដោយឡែក នៅលើនាវា ដើម្បីតាមដានសុខភាពបន្តទៀត។
បើតាមលោក ម៉ម ប៊ុនហេង ស្ត្រីជនជាតិអង់គ្លេសដែលមានវីរុស Covid-19 និងមនុស្ស៤នាក់ទៀត(តេស្តអវិជ្ជមាន) បានធ្វើដំណើរតាមយន្តហោះ ចេញពីទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស មកដល់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី២ មីនា ឆ្នាំ២០២០។ ពួកគាត់បានចាកចេញតាមនាវា Viking Cruise Journey ពីកំពង់ផែ My Tho នាទីក្រុងហូជីមិញ សំដៅមករាជធានីភ្នំពេញ៕
© រក្សាសិទ្ធិដោយ thmeythmey.com