ជាតិ
ពីនេះ ពីនោះ
រូបត្លុក
Covid-19៖ ថ្លៃជួលទីតាំងអាជីវកម្មគួរចុះថ្លៃ ព្រោះអ្នករកស៊ីកំពុងខាតឡុងចុង!
× ព្រឹកនេះ សុធីរ និងសំណាង មកដល់ហាងកាហ្វេតាំងពីព្រឹកព្រលឹមដូចសព្វដង ព្រោះ ទាំងពីរនាក់មិនចង់ស្ទះចរាចរណ៍។ នៅព្រឹកនេះ បុរសទាំងពីរនាក់សំណេះសំណាលគ្នាពីបច្ច័យអាក្រក់ដែលកំពុងធ្លាក់មកលើជំនួញនៅកម្ពុជាដោយសារឥទ្ធិពលនៃមេរោគកូវីដ-១៩។ អត់ភ្ញៀវ លក់មិនដាច់ បាត់ប្រាក់ចំណូល តើបានប្រាក់ឯណាបង់ថ្លៃឈ្នួលទីតាំងជំនួញ និងប្រាក់ខែឲ្យបុគ្គលិក? អ្នកជំនួញមួយចំនួនវេចបង្វេចដើរចេញ ឈប់រកស៊ីតែម្តង ព្រោះលែងមានចំណូល ហើយចំណាយនៅដដែល។
សុធីរ៖ សំណាង! បើជំនួញអត់ចំណូល មិនវីវរហើយទេអី?
សំណាង៖ អើ អញឃើញ ថៅកែ ឬម្ចាស់ហាងម្នាក់ៗអង្គុយរង់ចាំម៉ូយមក តែអត់ម៉ូយទាល់តែសោះ។ ស្ងាត់ដូចចោរលួចសេះ។ គ្រប់គ្នាមិនចង់ចាយ ព្រោះ ស្ថានការណ៍សេដ្ឋកិច្ចមិនប្រាកដប្រជា។ អត់ចាយ នាំឲ្យគាំងសេដ្ឋកិច្ច។
សុធីរ៖ អ៊ីចឹង ម្ចាស់ជំនួញបានប្រាក់ឯណាទៅបើកឲ្យបុគ្គលិក?
សំណាង៖ រឿងនេះ ប្រឈមខ្លាំងណាស់ អា សុធីរ។ ម្ចាស់ខ្លះ ចាប់ផ្តើមបិទហាងចោល។ អ្នកខ្លះទៀត ចាប់ផ្តើមកាត់បន្ថយបុគ្គលិក។ អ្នកខ្លះទៀត ចាប់ផ្តើមគិតកាត់ប្រាក់ខែបុគ្គលិកមួយផ្នែក រីឯអ្នកខ្លះទៀត ត្រដររង់ចាំមើលស្ថានការណ៍ល្អត្រឡប់មកវិញ តែមិនដឹងពេលណា។
សុធីរ៖ បើកាត់ប្រាក់ខែ ឬបិទហាង ចុះបុគ្គលិកបានលុយមកពីណាបង់បំណុលធនាគារ?
សំណាង៖ នេះ គឺជារឿងលំបាកបំផុត ហើយ គេពិបាករកផ្លូវចេញណាស់ អា សុធីរ។ អ្ហែងមានគំនិតដោះស្រាយទេ អា សុធីរ?
សុធីរ៖ ក្នុងកាលៈទេសៈ ស្ងាត់ដូចចោរលួចសេះយ៉ាងនេះ បើចង់ឲ្យជំនួញអាចនៅបន្តរស់បាន ម្ចាស់កម្មសិទ្ធិទីតាំងជំនួញគួរចាប់ផ្តើមចុះថ្លៃទីតាំងជួលរយៈពេល៦ខែ នៅ១ឆ្នាំសិន។ ទីតាំងជួលថ្លៃណាស់សព្វថ្ងៃនេះ។ ថ្លៃរហូតដល់ជំនួញមួយចំនួនក្ស័យធនដោយសារតែតម្លៃឈ្នួលថ្លៃនេះឯង។ អា សំណាង អញដឹងរឿងជួលនេះច្រើនណាស់។ ម្ចាស់កម្មសិទ្ធិទីតាំងខ្លះ ដំឡើងថ្លៃគ្មានខ្វល់ គ្មានគោលការណ៍សោះតែម្តង។
សំណាង៖ អ៊ីចឹង រដ្ឋាភិបាលគួរអំពាវនាវឲ្យម្ចាស់កម្មសិទ្ធិទីតាំងអាជីវកម្មបញ្ចុះតម្លៃខ្លះមិនថា អ៊ីចឹង សុធីរ?
សុធីរ៖ ពិតជាត្រឹមត្រូវ បើធ្វើបានគឺការល្អ ព្រោះ បើអាជីវកម្មដួល ចំនួនអ្នកគ្មានការងារធ្វើនឹងកើនឡើង ហើយវានឹងក្លាយទៅជាបន្ទុករបស់រដ្ឋាភិបាល និងសង្គមកាន់តែធ្ងន់ធ្ងរ។ ក្នុងបរិបទនេះ គ្រប់តួអង្គពាក់ព័ន្ធក្នុងសេដ្ឋកិច្ចមិនគួរកេងចំណេញពីស្ថានការណ៍អាក្រក់នេះឡើយ។ ផ្ទុយទៅវិញ ពួកគេគួរមានមេត្តាករុណាចំពោះគ្នាទៅវិញទៅមក។ គួរជួយគ្នា ក្នុងគ្រាក្រ មិនមែនគាបក ក្នុងគ្រាក្រឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com