COVID-19
ជាតិ
អ្នកបកប្រែឲ្យស្រ្តីអង់គ្លេសដែលមានកូវីដ-១៩ និងអ្នកបើកកង់បី ត្រូវអាជ្ញាធររកឃើញហើយ និងយកទៅធ្វើតេស្ត
11, Mar 2020 , 11:40 am        
រូបភាព
រូបពីនាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
រូបពីនាយករដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង
ជនជាតិខ្មែរពីរនាក់ គឺម្នាក់ ជាស្រ្តីអ្នកបកប្រែឲ្យស្រ្តីជនជាតិអង់គ្លេស ដែលមានវីរុសកូវីដ-១៩ និង ម្នាក់ទៀត ជាបុរសបើករម៉កកង់បី ត្រូវបានអាជ្ញាធររកឃើញហើយ។ នេះបើតាមលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ដែលប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០។



លោក លី សូវ៉ាន់ អះអាងថា បច្ចុប្បន្ន អ្នកទាំងពីរ ត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ដាច់ដោយឡែកពីគេ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ លោក បន្តថា ពួកគេ ស្ថិតក្រោមការតាមដានសុខភាព ហើយក៏នឹងត្រូវធ្វើតេស្តរកវីរុសកូវីដ-១៩ដែរ តែមកដល់ពេលនេះ ពួកគេ នៅមានសភាពធម្មតា ដោយមិនបានចេញរោគសញ្ញាអ្វីឡើយ។

អ្នកនាំពាក្យរូបនេះ អះអាងថា អ្នកបើករម៉កកង់បី ធ្លាប់ដឹកស្រ្តីជនជាតិអង់គ្លេសនិងអ្នកបកប្រែនោះ។ លោក បន្ថែមថា  ក្រៅពីអ្នកបកប្រែនិងអ្នកបើករម៉កកង់បី នៅមានមនុស្សមួយចំនួនទៀត ដោយរួមទាំងជនជាតិខ្មែរផង ក៏ធ្លាប់មានទំនាក់ទំនងដោយផ្ទាល់និងដោយប្រយោលជាមួយស្រ្តីជនជាតិអង់គ្លេសនោះដែរ តែលោក ពុំបានបញ្ជាក់ឡើយថា មានចំនួនសរុបប៉ុន្មាននាក់។

លោក លើកឡើងថា អ្នកដែលាមានទំនាក់ទំនងដោយផ្ទាល់ជាមួយស្រ្តីជនជាតិអង់គ្លេសនោះ អាចប្រឈបនឹងហានិភ័យខ្ពស់ ដូច្នេះ ត្រូវដាក់ឲ្យស្ថិតក្នុងបន្ទប់ដាច់ដោយឡែក រង់ចាំការធ្វើតេស្តរកវីរុសកូវីដ-១៩ និងស្ថិតក្រោមតាមការតាមដានសុខភាព ចំណែកអ្នកមានទំនាក់ទំនងដោយប្រយោល គឺអនុញ្ញាតឲ្យទៅផ្ទះវិញ តែត្រូវប្រុងប្រយ័ត្នខ្ពស់ និងមិនត្រូវធ្វើដំណើរទៅណាមកណាផ្តេសផ្តាសឡើយ បើគ្មានកិច្ចការចាំបាច់។ លោក មានប្រសាស៍ដូច្នេះថា៖«ទាំងអ្នកមានទំនាក់ទងដោយផ្ទាល់និងប្រយោល យើងរកឃើញអស់ហើយ យើងប្រមូលពួកគាត់មកអស់ហើយ»។

នៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជារកឃើញអ្នកឆ្លងវីរុសកូវីដ-១៩ម្នាក់ទៀត នៅកំពង់ចាម  គឺស្ត្រីជនជាតិអង់គ្លេសអាយុ៦៥ឆ្នាំ។ គាត់ ធ្វើដំណើរតាមជើងហោះហើរ ចេញពីទីក្រុងឡុងដ៍ ចូលមកទីក្រុងហាណូយ បន្ទាប់មកគាត់ ចូលទីក្រុងហូជីមិញ ហើយក៏ឡើងលើនាវាមួយ ចេញពីទីក្រុងហូជីមិញ មកកម្ពុជា នៅថ្ងៃទី៧ ខែកុម្ភៈ។

រីឯមនុស្សជាង៦០នាក់ទៀត ដែលធ្វើដំណើរលើនាវាជាមួយស្រ្តីអង់គ្លេសនោះ មិនត្រូវបានអនុញ្ញាតឲ្យចេញពីនាវាឡើយ ហើយក្រសួងសុខាភិបាល កំពុងយកសំណាករបស់ពួកគេទាំងអស់ ទៅធ្វើតេស្តរកវីរុសកូវីដ-១៩។

កម្ពុជា ទើបនឹងរកឃើញជនជាតិខ្លួនម្នាក់នៅខេត្តសៀមរាប បានឆ្លងវីរុសកូវីដ-១៩ ពីបុរសជនជាតិជប៉ុន ដែលជាថៅកែ។ បច្ចុប្បន្ន បុរសខ្មែរ ដែលឆ្លងកូវីដ-១៩នោះ ត្រូវបានដាក់ឲ្យស្ថិតក្នុងបន្ទប់ព្យាបាលដាច់ដោយឡែកពីគេ។ កាលពីអំឡុងខែមករា ឆ្នាំ២០២០ កម្ពុជា ក៏បានរកឃើញជនជាតិចិនម្នាក់ដែរ ដែលផ្ទុកវីរុសកូវីដ-១៩ តែគាត់ បានជាសះស្បើយឡើងវិញ៕

Tag:
 COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com