អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក ពូទីន ​មិនជំទាស់សំណើកែរដ្ឋធម្មនុញ្ញដែលចង់ឲ្យលោកបន្តធ្វើប្រធានាធិបតី
11, Mar 2020 , 3:15 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ថ្លែងក្នុងពិធីមួយនាពេលកន្លងមក។ រូបភាព Xinhua
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ថ្លែងក្នុងពិធីមួយនាពេលកន្លងមក។ រូបភាព Xinhua
គម្រោងវិសោធនកម្មរដ្ឋធម្មនុញ្ញរបស់ប្រធានាធិបតីរុស្ស៊ី វ៉ា្លឌីមៀ ពូទីន ទទួលបានការគាំទ្រខ្លាំងពីសំណាក់សមាជិកសភាជាន់ទាប។ កាន់តែភ្ញាក់ផ្អើលនោះ សមាជិកម្នាក់ថែមទាំងស្នើឲ្យកែរដ្ឋធម្មនុញ្ញដែលនឹងបើកផ្លូវឲ្យលោក ពូទីន​ អាចឈរឈ្មោះក្នុងការបោះឆ្នោតឆ្នាំ២០២៤ បានទៀតផង។ លោក ពូទីន ដែលតាមច្បាប់បច្ចុប្បន្នមិនអាចចូលរួមការបោះឆ្នោតឆ្នាំ២០២៤ បាននោះ ក៏មិនជំទាស់នឹងគំនិតអ្វីដែរ។

 
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ទំនងអាចចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២៤ បាន បន្ទាប់ពីសមាជិកសភាជាន់ទាប បានស្នើឲ្យកែរដ្ឋធម្មនុញ្ញដើម្បីរាប់កាលបរិច្ឆេទការកំណត់អាណត្តិប្រធានាធិបតីឡើងវិញ។ បើតាមរដ្ឋធម្មនុញ្ញរុស្ស៊ី បុគ្គលម្នាក់ មិនអាចកាន់តំណែងប្រធានាធិបតីម្ដងលើសពីពីរអាណត្តិឡើយ តែអាចកាន់តំណែងនេះច្រើនលើក។ អាណត្តិប្រធានាធិបតីរុស្ស៊ី មានរយៈពេល៦ឆ្នាំ ជ្រើសរើសតាមការបោះឆ្នោត។
 
អ្នកស្រី Valentina Tereshkova សមាជិកសភារុស្ស៊ី និងជាស្ត្រីដំបូងធ្វើដំណើរឡើងទីអវកាស ជាអ្នកលើកសំណើកែចំណុចខាងលើដោយបញ្ចូលទៅក្នុងគម្រោងកែរដ្ឋធម្មនុញ្ញដែលប្រកាសដោយលោក ពូទីន កាលពីខែមករា។ អ្នកស្រី ចង់ឲ្យគិតការបោះឆ្នោតឆ្នាំ២០២៤ ជាការបោះឆ្នោតថ្មីមួយដែលលោក ពូទីន ក៏អាចចូលរួមបាន។​ ពោល គឺលោក ពូទីន នឹងក្លាយជាមនុស្សថ្មីដែលគ្មានប្រវត្តិកាន់តំណែងប្រធានាធិបតី ព្រោះអាណត្តិមុនៗរបស់លោក នឹងមិនត្រូវបានរាប់បញ្ចូលទៀតឡើយ។
 
ទាក់ទងរឿងនេះ លោក ពូទីន ក៏មិនជំទាស់អ្វីដែរ តែត្រូវឆ្លងកាត់តុលាការជាន់ខ្ពស់សិន។ ភ្លាមៗក្រោយសមាជិកសភាលើកសំណើកែរដ្ឋធម្មនុញ្ញ លោក ពូទីន ក៏ធ្វើដំណើរទៅកាន់សភា។ ថ្លែងទៅកាន់សមាជិកសភាទាំងអស់ ប្រធានាធិបតីរូបនេះនិយាយថា​៖ «ការកែរដ្ឋធម្មនុញ្ញត្រង់ចំណុចចែងពីការកំណត់អាណត្តិប្រធានាធិបតីនេះ អាចទៅរួច ប្រសិនបើតុលាការធម្មនុញ្ញសម្រេចថា វាមិនផ្ទុយពីរដ្ឋធម្មនុញ្ញទេនោះ។» 
 
យ៉ាងណាមិញ លោក ពូទីន មិនយល់ស្របឡើយលើការលុបចោលការកំណត់អាណត្តិប្រធានាធិបតីម្ដងច្រើនជាងពីរអាណត្តិឡើយ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ។ សេចក្ដីព្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញ នឹងត្រូវអនុម័តដោយសភាជាន់ទាប រួចឆ្លងសភាជាន់ខ្ពស់ មុននឹងដាក់ឲ្យប្រជាជនរុស្ស៊ីសម្រេចចិត្តចុងក្រោយក្នុងប្រជាមតិ។
 
មេដឹកនាំប្រឆាំងរុស្ស៊ី Alexei Navalny បានរិះគន់យ៉ាងខ្លាំងលើសំណើដែលមានន័យស្មើនឹងការអនុញ្ញាតឲ្យលោក ពូទីន ចាប់ផ្ដើមកាន់អំណាចសារឡើងវិញដូច្នោះដែរ។ លោក Navalny បានសរសេរលើ Twitter ថា លោក ពូទីន ក្ដាប់អំណាច២០ឆ្នាំហើយ ប៉ុន្តែលោកនឹងឈរឈ្មោះជាលើកដំបូងទៅវិញ៕
 

Tag:
 រុស្ស៊ី
  វ៉ា្លឌីមៀ ពូទីន
© រក្សាសិទ្ធិដោយ thmeythmey.com